ភ្នំពេញ៖ ប្ដីប្រពន្ធ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ ដែល​​ធ្លាប់​រស់នៅ​​ពី​ក្រោយ​ហាង​​លក់​ស៊ុប ហើយ​ផ្ទះ​របស់​ពួក​គាត់​​​​​ត្រូវ​បាន​គេ​បោះ​ចោល​​ស្នែង​គោ​ក្របី​​គរ​ស្អុយ​រលួយ​​ភាយ​ក្លិន​​​​ទាក់​សត្វ​ល្អិត​រោម​ជុំ​ជិត​នោះ​ ​បាន​​ប្រើប្រាស់​​សំរាម​ទាំង​នេះ​​ផ្លាស់ប្ដូរ​ជីវិត​​ពួក​គាត់​ទាំង​ស្រុង​​។

អ្នកស្រី កួន ចិន្តា និង​លោក ​ទ្រី​ សុចាន់ ជា​ស្វាមី​សព្វ​ថ្ងៃ​​ជា​ស្ថាបនិក​ហាង សុមនា ដែល​ជា​សិប្បកម្ម​កែច្នៃ​ស្នែង​​ត្រូវ​បាន​គេ​បោះ​ចោល​ធ្វើ​ជា​វត្ថុ​ប្រើប្រាស់ និង​គ្រឿង​អលង្ការ​​យ៉ាង​ស្រស់​ស្អាត។

ស្ថិត​​នៅ​រោង​សិប្បកម្ម​​​ពោរពេញ​ដោយ​ពំនូក​ស្នែង​គោ​ក្របី ក្នុង​សង្កាត់ ជើង​ឯក អ្នកស្រី​ ចិន្តា ​បាន​រៀបរាប់​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ពី​រឿង​រ៉ាវ​កាល​ពី​ជាង ​២ ទសវត្សរ៍​​​មុន​​​​​ថា​៖ «ដំបូង​ពួក​យើង​ក៏​មិន​ចង់​អើពើ​ចំពោះ​វា​ដែរ​ តែ​កាន់​តែ​យូរ​ វា​រំខាន​ដល់​ការ​រស់នៅ​របស់​យើង​កាន់​តែ​ខ្លាំង​ យើង​ក៏​គិត​គ្នា​យក​វា​មក​ដុស​រូស​​ដាក់​ហាល​ថ្ងៃ​ ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​វា​បាត់​ស្អុយ​។ ពេល​នោះ​យើង​គ្មាន​គំនិត​ស្អី​ក្រៅ​ពី​នេះ​ទេ»​។

មក​​ដល់​ឆ្នាំ ​១៩៩៨​ ពួក​គាត់​ក៏​ទទួល​បាន​ការ​បង្រៀន​ពី​អង្គការ​ប្រាសាក់​​នៅ​ឯ​ខេត្ត​ព្រៃវែង ​ពី​ការ​កែច្នៃ​ស្នែង​ឱ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍​ដូច​ជា​គ្រឿង​សង្ហារិម​ជាដើម​។

លោក​ ទ្រី​ សុចាន់ ​ជា​ស្វាមី​ចាប់​ផ្ដើម​ស្រឡាញ់​​ជំនាញ​​នេះ​យ៉ាង​ខ្លាំង​រហូត​ដល់​លោក​ក្លាយជា​គ្រូ​បង្រៀន​​​កែច្នៃ​ស្នែង​​សត្វ​ពាហនៈ នៅ​អង្គការ​ប្រាសាក់ ដែល​ផ្ដើម​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ក្រោម​ជំនួយ​​សហភាព​អឺរ៉ុប មុន​វិវឌ្ឍ​ខ្លួនជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​។

ស្នែងគោ​ក្របី ដែលទាមទារ​ការ​សម្អាតយ៉ាង​ផ្ចិត​ផ្ចង់​មុន​នឹង​ច្នៃ​។ហុង មិនា

បន្ទាប់​ពី​គម្រោង​អង្គការ​ត្រូវ​បាន​បញ្ចប់​មួយ​រយៈ​ អ្នកស្រី ចិន្តា បាន​រៀបរាប់​ដំណើរ​រឿង​​ថា៖ «ពួក​យើង​សម្រេច​ចិត្ត​ដើរ​ធ្វើ​ការងារ​​ជា​ច្រើន​ ទាំង​ជា​កម្មករ​សំណង់​ឆ្លង​ពី​​ខេត្ត​ដល់​ថៃ​ ក្រោយ​មក​យើង​នឿយ​ណាយ​​​នឹង​ការ​ធ្វើ​ការងារ​ឱ្យ​គេ​ពេក​ ស្វាមី​របស់ខ្ញុំ​ក៏​សម្រេច​ចិត្ត​សាក​យក​ចំណេះ​​នេះ​មក​ធ្វើ ​បើ​ទោះ​ដឹង​ថា​អាច​នឹង​គ្មាន​អ្នក​គាំទ្រ​ក៏​ដោយ»​។

ដោយ​ផ្ដើម​អាជីវកម្ម​តូច​ក្នុង​ឆ្នាំ​ ២០០៣​ រហូត​មក​ដល់​ឆ្នាំ​ ២០១៧​ អ្នកស្រី និង​ស្វាមី ​មាន​តុ​ដាក់​លក់​វត្ថុ​ច្នៃ​ពី​ស្នែង ​​​​នៅ​ម្ដុំ​វត្ត​ភ្នំ​ រហូត ​១ ឆ្នាំ​ក្រោយ​​ទើប​អ្នកស្រី​មាន​ហាង​ត្រឹមត្រូវ​នៅ​​ផ្សារ​ទំនើប​សូរិយា​ជាន់​​ទី​៤​ រហូត​មក​ដល់​បច្ចុប្បន្ន​។

អ្នកស្រី​វ័យ ​៣៨ ​ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ថា​៖ «១៧ ​ឆ្នាំ​ គឺ​ជា​ការ​ធ្វើ​ដំណើរ​រយៈពេល​ដ៏​វែង​សម្រាប់​យើង​។ មាន​​​ជា​ច្រើន​ដង​ដែល​ខ្ញុំ​សួរ​ទៅ​ប្ដី​ខ្ញុំ​ថា​ ហេតុអី​គាត់​មិន​ឈប់​ទាំង​ដែល​ឃើញ​ហើយ​ថា​វា​មិន​ទៅ​មុខ​។ គាត់​​​​ឆ្លើយ​​ប្រាប់​ថា​គាត់​ស្រឡាញ់​ ហើយ​គាត់​ចង់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ​អ្វី​ដែល​គាត់​បន្សល់​ទុក​។​ ខ្ញុំ​ក៏​គិត​ថា​បើ​គាត់​តស៊ូ​ដើរ​យ៉ាង​នេះ ​ខ្ញុំ​នឹង​ដើរ​ជាមួយ​គាត់​ឱ្យ​ឆាប់​ដល់​»។

អ្នកស្រី​បាន​លើក​ទឹក​ចិត្ត​​ខ្លួន​ឯង​ថា៖ «យ៉ាង​ណា​យើង​មិន​បាន​ចំណាយ​​ថវិកា​អ្វី​ច្រើន​ទេ​ យើង​ចាប់​ផ្ដើម​ដោយ​ការ​រើសស្នែង​ ឈើ​ និង​ឫស​ឈើ​ដែល​គេ​បោះ​ចោល​ បើ​ទោះ​ក្រោយ មក​យើង​ទិញ​ ក៏​វា​មិន​ថ្លៃ​ បើ​គិត​ទៅ​វា​គ្រាន់​តែ​ជា​សំរាម​ដែល​គេ​មិន​ត្រូវ​ការ​។ បើ​យើង​ខាត ​គឺ​ខាត​តែ​កម្លាំង​ និង​ពេល​វេលា​»។

ដោយ​ស្វាមី​ទទួល​បន្ទុក​ការងារ​ច្នៃ​ស្នែង​ទាំង​ស្រុង ហើយ​ភរិយា​ជា​អ្នក​ស្វែង​រក​ទីផ្សារ​​នា​រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ អ្នកស្រី ចិន្តា និង​ស្វាមី​បាន​អភិវឌ្ឍ​ការ​កែច្នៃ​ឱ្យ​​​ក្លាយ​ជា​សម្ភារ​ផ្សេងៗ​ ទាំង​របស់​ប្រើប្រាស់ ​គ្រឿង​សង្ហារិម​ និង​គ្រឿង​អលង្ការ​។

លោក ទ្រី សុចាន់ ជាស្វាមីស្រឡាញ់​ការ​កែ​ច្នៃ​ស្នែង​ជា​វត្ថុ​ផ្សេងៗ​។ ហុង មិនា

អ្នកស្រី​បន្ត​ថា៖ «ពេល​មុន​យើង​ធ្វើ​ពី​ស្នែង​សុទ្ធ​ តែ​វា​មិន​សូវ​កែច្នៃ​បាន​ច្រើន​ទើប​យើង​លាយ​វា​ជាមួយ​ឈើ​ ស្ពាន់​ និង​ប្រាក់​ផ្សេងៗ​ ធ្វើ​ចេញ​ជា​រូប​ក្ដាម​ សេះ​ ក្រាស​ បាត​ស្បែក​ជើង​ សេនម៉ាស្សា​ គោម​ ដង្កៀប​ ឧបករណ៍​ភ្លេង​ខ្មែរ​ ក្រវិល​ ចិញ្ចៀន​ ខ្សែក​ និង​របស់​ជា​ច្រើន​ទៀត»​។

ក្នុង​ដំណាក់កាល​នៃ​ការ​កែច្នៃ​ស្នែង រាប់​តាំង​ពី​ការ​ដុស​សម្អាត ដុស​ខាត់ ច្នៃ និង​​ប៉ូលា ការ​លាង​ចំណាយ​ពេល​យូរ និង​ជា​​ដំណាក់​កាល​ពិបាក​បំផុត។

យ៉ាង​ណាមិញ ភាព​ពិសេស​នៃ​ផលិតផល​ស្នែង​​​ដែល​អ្នកស្រី​ស្រឡាញ់​បំផុត​គឺ​ «ពណ៌​ដែល​គ្មាន ២»។

អ្នកស្រី​ ចិន្តា បាន​ពន្យល់​ថា៖ «ពេល​វា​នៅរស់ ​វា​តែង​យក​ស្នែង​វា​ទៅ​ជល់​រាល់​ឧបសគ្គ​ដែល​វា​ជួប​ប្រទះ​ ដែល​បង្កើត​ឱ្យ​មាន​ពណ៌​ផ្សេងៗ​មិន​ដូច​គ្នា​។ ពេល​ខ្លះ​អ្នក​ទិញ​គាត់​មិន​យល់​ ដល់​ពេល​យើង​អត់​មាន​ពណ៌​ដែល​គាត់​ត្រូវការ​ គាត់​ក៏​មិន​យក។​ យើង​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​»។

សេនម៉ាស្សាដែល​អ្នកស្រី​អះអាង​ថា​ ជួយ​សម្រួលចរន្ត​ឈាម។ហុង មិនា

តម្លៃ​ផលិតផល​ច្នៃ​ពី​ស្នែង​​ជា​គ្រឿង​អលង្ការ​ថ្លៃ​បំផុត​គឺ​ ៣៥ ដុល្លារ​ តែ​បើ​គ្រឿង​សង្ហារិម​អាច​មាន​តម្លៃ​ពី ២០០​ ទៅ ​៣០០ ​ដុល្លារ​។

ផ្ដើម​ពី​ការ​គាំទ្រ​ជាវ​ដោយ​ភ្ញៀវ​​បរទេស​រហូត​ដល់​អតិថិជន​​រួម​ជាតិ​ អ្នកស្រី​បាន​អះអាង​ថា សិប្បកម្ម​ច្នៃ​ស្នែង​សត្វពាហនៈ​មិនមែន​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​សម្លាប់​សត្វ​នោះ​ទេ។ អ្នកស្រី​គ្រាន់​តែ​កែច្នៃ​អ្វី​ដែល​គេ​​បោះ​ចោល​ឱ្យ​​ទៅ​ជា​របស់​មាន​តម្លៃ​ ហើយ​វា​ក៏​រួម​ចំណែក​កាត់​បន្ថយ​សំរាម និង​ការពារ​បរិស្ថាន​ផង​ដែរ​។

ស្ត្រី​ដែល​ទទូច​ឱ្យ​មហាជន​ចូលរួម​កាត់​បន្ថយ និង​បន្ថែម​ការ​កែច្នៃ​សំរាម​រូប​នេះ បាន​លើក​ឡើង​ថា៖ «វា​អាច​គ្រាន់​តែ​ជា​ស្នែង​ តែ​ក្នុង​នេះ​បើ​យើង​កាន់​តែ​ធ្វើ​ យើង​កាន់​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ហើយ​អាច​យក​វា​ជា​របរ​ចិញ្ចឹម​ជីវិត​។ ខ្ញុំ​ជឿ​ថា ​ក្មេង​ជំនាន់​ក្រោយ​អាច​ធ្វើ​លើស​ប្ដី​ខ្ញុំ​ធ្វើ​ផង​»­­­­­­។

ព័ត៌មាន​​បន្ថែម​សូមចូល​ទៅ​កាន់​​ទំព័រ​ ហ្វេសប៊ុក សុមនា (so monea)​ ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ ០១១ ៨០៥ ៨៦៦ និង ០៨៧ ​៤៤៧ ​៣៨៦៕

វីដេអូ៖​