ក្រុង​សៀង​ហៃ: ការបន្ធូរបន្ថយ​គោលនយោបាយ​កូន​មួយ​របស់​ប្រទេស​ចិន​ ​បានធ្វើ​ឲ្យ​លោក ចាង យ៊ីន​ចេ (Zhang Yinzhe) និង​ ភរិយា​របស់គាត់​គឺ​អ្នកស្រី ស៊ូ ម៉េង​សា (Xu Mengsha) បាន​សម្រេចចិត្តថា​ ពួកគាត់​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​បង្ក​កំណើត​តាមរយៈការយក​មេជី​វិត​ឈ្មោល ដើម្បី​ធ្វើការ​បង្ក​កំណើត​ក្នុងកែវ​​ ឬ​ ហៅថា Vitro Fertilization (IVF)។

យោងតាម​ការសិក្សា​រប​ស់​ចិន​បាន​បង្ហាញថា ​ប្រហែល ១២ ភាគរយ​នៃ​ស្ត្រី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ ​គឺ​ពួកគេ​មិនអាច​មាន​កូន​​​តាមរយៈ​ធម្មជាតិ​បានទេ ប៉ុន្តែ​ប្រទេស​ចិន​មាន​គ្លីនិក​ប្រើ​បច្ចេកវិទ្យា IVF ដែលមាន​អាជ្ញាប័ណ្ណ​មាន​តែ ៤០០ កន្លែង​​ ប៉ុណ្ណោះ។ ដូ​ច្នះ​ហើយ​ពួកគេ​អាច​ត្រូវ​រង់ចាំ​រហូតដល់​មួយឆ្នាំ​ក៏មាន។

ប៉ុន្តែ​ប្រទេស​ចិន​នៅតែ​ហាមប្រាម​ ឬ​រឹតបន្តឹង​ជម្រើស​នៃ​ការបង្ក​កំណើត​​មួយចំនួន ​ដូចជា​ការបរិច្ចាគ​មេជី​វិត​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស ​ការជ្រើសរើស​ភេទទារក ​​និង​ការបង្កក​មេជីវិត ​សម្រាប់​ប្រើប្រាស់​ពេល​ក្រោយ​ជាដើម។

ប៉ុន្តែ​កំណើន​​តម្រូវការ​នៅតាម​គ្លីនិក ​ដែល​ផ្តល់​ការបង្ក​​កំណើត​បែបនេះ​បាន​កើនឡើងគួរឲ្យកត់សម្គាល់​ចាប់តាំងពី​គោលនយោបាយ​កូន​មួយ ​​របស់ចិន ​ត្រូវបាន​បន្ធូរបន្ថយ​កាលពី​ ២ ​ឆ្នាំមុន ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ប្ដីប្រពន្ធ​ចិន​ជា​ច្រើន​​ត្រូវ​រង់ចាំ​រាប់​ខែ ដោយសារតែ​ចំនួន​គ្លីនិក​​ក្នុង​ស្រុក មិន​អាច​ឆ្លើយ​តប​នឹង​​តម្រូវ​ការ​​។

ដូច្នេះហើយ​ប្តី​ប្រពន្ធ​មួយ​គូ ​ដែល​មកពី​ទីក្រុង​ប៉េកាំង​រូបនេះ ​បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​ថៃ​ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការធ្វើដំណើរ​របស់​ជន​ជាតិចិន​ទៅ​ក្រៅប្រទេស​​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​ សហរដ្ឋអាមេរិក​ និង​កន្លែង​ដទៃ​ទៀត ​ដែលវិធីសាស្ត្របង្កកំណើត​តាម​បច្ចេកវិទ្យា​មានការរីកចម្រើន​ច្រើន។

លោក ចាង​ អាយុ ៣១ ឆ្នាំ​ដែលជា​អ្នកបើក​យន្ដហោះ បាន​ថ្លែងថា៖ «នៅក្នុង​ប្រទេស​ចិន​ពាក្យចាស់​ធ្លាប់​និយាយថា គ្រួសារ​មួយ​ពេញលេញគឺ​ត្រូវ​មាន​កូនប្រុស​ និង​​កូនស្រី​»។

​​លោក ចាង បាន​និយាយ​​បន្ទាប់ពី​គាត់​បាន​ពិគ្រោះ​យោបល់​នៅឯ​នៅឯ​មន្ទីរពេទ្យ Piyavate Hospital ក្នុង​ទីក្រុង​បាង​កក ​ដែល​នៅលើ​ជញ្ជាំងមាន​បិទ​ផ្ទាំង​រូបភាព​​ និង​សរសេ​អក្សរ​ចិន​ស្តីអំពី​បច្ចេកវិទ្យា IVF នេះ​ខណៈ​ដែល​ប្តី​ប្រពន្ធ​ជនជាតិ​ចិន​​ដទៃទៀត​កំពុង​អង្គុយ​រង់ចាំ​វេន​របស់​ពួកគេ។

តួលេខ​ពិតប្រាកដ​ស្តីអំពី​ចំណែក​ទីផ្សារ​របស់​ចិន​លើ​វិស័យ​ទេសចរណ៍​ស្វែងរក​ការបង្កកំណើតតាមរយៈ​បច្ចេកវិទ្យា​នេះ​គឺ​មិន​ច្បាស់ទេ​ ប៉ុន្តែ​ការចំណាយ​ត្រូវបាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ឧស្សាហកម្ម Qianzhan ប៉ាន់​ស្មាន​ថា​ បាន​កើនឡើង​ប្រមាណ ២២ ភាគរយ​ជា​រៀងរាល់ឆ្នាំ ដោយ​ក្នុង​ឆ្នាំ ២០១៧ មានតម្លៃ​រហូតដល់ ១,៤​ពាន់​លាន​​ដុល្លារ ​ហើយ​កំណើន​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត។

តួលេខ​របស់​ចិន​បាន​ប៉ាន់ប្រមាណ​ថា​ ស្ត្រី​ចំនួន ​៩០ លាន​នាក់​មាន​សិទ្ធិ​ទទួល​បានការ​មានកូន​ម្នាក់ទៀត ​នៅ​ពេល​ដែល​គោលនយោបាយ​ គ្រួសារ​មួយ​កូន​មួយ ​ត្រូវបាន​ប​ន្ទូ​បន្ថយ ហើយ​កាលពី​ឆ្នាំមុន​ ចំនួន​សម្រាល​កូ​ន​ទី ពីរ​ មាន​កើន​​​ឡើង​ច្រើនជាង​កូន​ទីមួយទៅទៀត​។

គ្លីនិក​នៅក្រៅ​ប្រទេស​កំពុង​បន្ថែម​បុគ្គលិក​ ​ដែល​ចេះ​និយាយ​ភាសា​ចិន​ហើយ​វេ​ប​សាយ​ជា​ភាសា​ចិន​ក៏​កំពុង​កើន​ឡើង​ផងដែរ ​​ដើម្បី​ឈោង​ចាប់​ចំណែក​ទីផ្សា​ជនជាតិ​ចិន​ដែល​ពួកគេ​កំពុងតែ​ស្វែងរក​ឲ្យ​មានកូន​ទី​ពីរ​ ​ឬ​ទី​បី​បន្ថែម។

ប៉ុន្តែ​ទំរាំ​តែ គោល​នយោបាយ​កូន​មួយ​របស់ចិន​ត្រូវបាន​បន្ធូរ​បន្ថយ ​គូ​ស្វា​ម៉ី​ភរិយា​ជនជាតិ​ចិន​មួយចំនួន ពេល​ចង់​បាន​កូនបន្ថែម​ ​ពួកគេ​កំពុង​ឈានដល់​វ័យ​មួយ ​ដែលពិបាក​មាន​ផ្ទៃពោះ​ដូច្នេះហើយ​ពួកគេ​ត្រូវការ​ជំនួយ​​វិទ្យាសាស្ត្រ។

បច្ចេកវិទ្យា IVF ពាក់ព័ន្ធ​ទៅនឹង​ការដាក់បញ្ចូល​មេជី​វិត​ឈ្មោល និង​ញី ​​​ទៅក្នុង​មន្ទីរពិសោធន៍ ​និង​ចាប់​យក​​​អំប្រ៊ីយ៉ុង​ណា​ ​ដែល​អាចរ​ស់បាន​នឹងយកទៅ​ចាក់​បញ្ចូល​ទៅក្នុង​ស្បូន។

គោលនយោបាយ​គ្រូ​សារ​មួយ​កូន​មួយ​បានធ្វើឲ្យ​អត្រាកំណើត​ធ្លាក់ចុះ ​​ហើយ​ប្រទេស​ចិន​បា​នប​ន្ធូរ​​បន្ថយ​គោល​នយោបាយ​នេះ​ ​ដើម្បី​ធានាថា​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​នាពេល​ពេលអនាគត​ ​ដើម្បី​ជំនួស​ប្រជាជន​វ័យ​ចំណាស់​​របស់ខ្លួន​ដែល​កំពុង​កើនឡើង​យ៉ាង​រហ័សនោះ។

យោងតាម​មន្ត្រី​សុខាភិបាល​បាន​ប៉ាន់ប្រមាណ​ថា​ ​ជន​ជាតិចិនស្វែងរកការ​ប្រើប្រាស់​វិធី​បង្ក​កំណើត​តាមរយៈ​បច្ចេកវិទ្យា IVF នៅ​ប្រទេស​ចិន​ មាន​ប្រមាណ ៥០ ម៉ឺន​នាក់​ ប៉ុណ្ណោះ​ ​នៅក្នុង​ឆ្នាំ២០១៦ ខណៈ​ដែល​គ្រូពេទ្យ​និយាយ​ថា ​​វាមានចំនួនតិច​ជាង​តម្រូវ​ការ​ឆ្ងាយណាស់​។

លោក រី ជិន​ចៀន (Ri-Cheng Chian)​ ប្រធាន​ផ្នែក​ឱសថ​បន្ត​ពូជ​នៅ​មន្ទីរពេទ្យ 10th People''s Hospital ក្នុង​ទីក្រុង​សៀង​ហៃ​បាន​ឲ្យ​ដឹងថា៖ «មាន​តម្រូវការ​ច្រើន​នៅក្នុង​ប្រទេស​ចិន ​​ប៉ុន្តែ​យើង​មិនអាច​ធ្វើ​អស់​ទេ​នៅទីនេះ»។

ដូច្នេះហើយ​ជនជាតិ​ចិន​កំពុង​កក់​សំបុត្រ​ទៅកាន់​ប្រទេស​ ថៃ ​ម៉ាឡេស៊ី ​កម្ពុជា​ និង ​សូម្បី​​តែ​ប្រទេស​រុស្ស៊ី។

បច្ចេកវិទ្យា​បង្ក​កំណើត​ដោយ IVF មានតម្លៃ​ប្រហែល ៣ ​ម៉ឺន​យន់ (៤៧០០ដុល្លារ) នៅក្នុង​ប្រទេស​ចិន​ ​ប៉ុន្តែ​អាចមាន​តម្លៃ​ច្រើនជាង​នេះ​ច្រើនដង​នៅ​បរទេស ប៉ុន្តែ​ជនជាតិ​ចិន​ជាច្រើន​មាន​អារម្មណ៍​ថា ​ពួកគេ​អាច​ទ​ទួ​​ល​បានការ​ថែទាំ​ដែលមាន​គុណភាព​ខ្ពស់។

ក្នុងនាមជា​អ្នកបើក​យន្តហោះលោកបាន ចាង​ ​បាន​និយាយថា​ ​ផ្នែក​ខ្លះ​នៃ​បច្ចេកវិទ្យា IVF គឺ​ដើម្បី​ពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ហ្សែ​ន ជា​អ្វីដែល​ត្រូវបាន​រឹត​ត្បឹ​ត​នៅឯ​ស្រុករបស់​គាត់។

លោក​បញ្ជាក់ថា៖ «​ការ​ចំណាយ​មានកូន​ដោយ​ IVF ​វា​ជា​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​សម្រាប់​គ្រួសារ​ជនជាតិចិន ​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​សុខភាព​របស់​មនុស្ស​ជំនាន់​ក្រោយ គឺ​ខ្ញុំ​គួរ​តែចំណាយ»៕ AFP/NS