កំពត៖ មើលឃើញពីលទ្ធភាពខ្សត់ខ្សោយនៃឱកាសការសិក្សា និងគោរពដល់ទឹកចិត្ដពលរដ្ឋកម្ពុជា ដែលតែងតែចេះចែករំលែក និងជួយយកអាសាគ្នាទោះក្នុងគ្រាក្រលំបាក ប្ដីប្រពន្ធចំណាស់អូស្ដ្រាលី ១ គូ បានសម្រេចចិត្ដលក់អស់ទ្រព្យសម្បត្ដិមកបង្កើតសាលាសហគមន៍មួយក្នុងខេត្ដកែប ដោយផ្ដល់ការអប់រំដល់កុមារឥតគិតថ្លៃ។
អ្នកស្រី Janine Judd ស្ថាបនិកអង្គការ Kep Gardens Association បាននិយាយថា៖ «មនុស្សគ្រប់រូបសុទ្ធតែមានឱកាស។ ដឹងទេថា ពួកគេអាចក្លាយជានាយករដ្ឋមន្ដ្រីដែលចេញពីសហគមន៍នេះ។ យើងគួរតែផ្ដល់ឲ្យពួកគេនូវលទ្ធភាពបង្ហាញសក្ដានុពលរបស់ខ្លួន»។
Kep Gardens Association ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ពីក្រុងកែប គឺជាគម្រោងអភិវឌ្ឍសហគមន៍មួយដោយមិនផ្ដោតលើបញ្ហានយោបាយ និងសាសនា។ វាជាអង្គការបណ្ដុះបណ្ដាល និងផ្ដល់ការអប់រំដល់កុមារជនបទ។
អ្នកស្រី Janine បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខុសគ្នាឆ្ងាយពីមាតុភូមិកំណើតរបស់ខ្ញុំ ដែលជាសង្គមស៊ីវិល័យ ហើយពេលយើងបានឃើញបែបនេះ យើងស្រាប់តែមានបំណងចង់ជួយ គឺលើបញ្ហាអប់រំនៅជនបទ ទោះយើងមានលទ្ធភាពស្ដួចស្ដើងក្រោយពេលចូលនិវត្ដន៍»។
អ្នកស្រីធ្លាប់តែសិស្សក្រៅម៉ោងថ្នាក់ភាសាអង់គ្លេសម្នាក់ ថ្ងៃនេះអស់រយៈពេល ១០ ឆ្នាំ បាននាំកូនស្រី ២ នាក់ របស់ខ្លួនមកបន្ដទទួលយកនូវចំណេះដឹងដូចខ្លួនទៀត។
អ្នកស្រីនិយាយទទួលស្គាល់ថា៖ «នៅទីនេះពិតជាងាយស្រួល ដោយសារការបង្រៀនយកចិត្ដទុកដាក់ ឆាប់ចេះ និងជួយសម្រាលបន្ទុកខ្ញុំផងដែរ។ ពេលស៊ាំរៀងរាល់ថ្ងៃ ពេលដល់ម៉ោង គាត់ទារមករៀនហើយ។ ខ្ញុំទុកចិត្ដ ដោយសារមានអ្នកជួយមើលថែក្មេងនៅទីនេះ»។
រយៈពេលជាង ១ ទសវត្សរ៍ អង្គការ Kep Gardens ផ្ដោតលើការបណ្ដុះបណ្ដាលភាសាអង់គ្លេសបំណងជាគ្រឹះអាជីពការងារនៅក្នុងខេត្ដទេសចរណ៍កែបមួយនេះ។
អ្នកស្រី Janine Judd បានប្រាប់ថា៖ «សិស្សរៀនក្នុងថ្នាក់ទី ៤, ៥ និង ៦ យើងផ្ដោតសំខាន់លើជំនាញនៃការស្ដាប់ និងសន្ទនា ពីព្រោះជាមូលដ្ឋាន អ្វីដែលយើងត្រូវការធ្វើចម្បងក្នុងបណ្ដាតំបន់ទេសចរណ៍។ ពួកគេនឹងទទួលបាននូវការងារដែលតម្រូវឲ្យចេះភាសាអង់គ្លេសដូចជា នៅកែប និងកំពតនេះជាដើម»។
កាលពី ៤ ឆ្នាំមុន Kep Gardens ចាប់ផ្ដើមបើកថ្នាក់មត្តេយ្យ និងបរិវេណលេងកុមារតូចៗ បន្ទាប់ពីថ្នាក់ក្រៅម៉ោងភាសាអង់គ្លេស។ យ៉ាងណាមិញ អ្នកស្រីនិយាយថា សាលារៀនសហគមន៍មួយនេះផ្ដោតសំខាន់លើវិន័យជាចម្បង។
អ្នកស្រីបន្ដថា៖ «ពួកគេត្រូវមករៀនទាន់ពេល និងជាប្រចាំ ដោយសារមួយថ្ងៃ គាត់រៀនតិចម៉ោងណាស់ និងមិនចង់ខ្ជះខ្ជាយពេលវេលាឡើយ។ យើងមានសិស្សអង់គ្លេសប្រមាណ ២៥ នាក់ ក្នុង ១ ថ្នាក់ និងថ្នាក់មត្តេយ្យ ១៥ នាក់ក្នុង ១ ថ្នាក់»។
កម្មវិធីសិក្សាសម្រាប់សិស្សជំទង់ត្រូវបានបង្កើតឡើងសម្រាប់សិស្សថ្នាក់ទី ១០ ទី ១១ ដើម្បីសិក្សាជំនាញដឹកនាំទំនាក់ទំនង ដោះស្រាយវិវាទការសម្រេចចិត្ដ និងការទទួលខុសត្រូវ។ សម្រាប់សិស្សថ្នាក់ទី ១២ ពួកគេបង្កើតកិច្ចប្រជុំ និងទទួលខុសត្រូវចំពោះកិច្ចការផ្សេងៗ ដូចជា កីឡា រៀបចំរបៀបវារៈ និងរបៀបសរសេរខ្លឹមសារក្នុងកិច្ចប្រជុំជាដើម។
ស្ថាបនិក Kep Gardens បាននិយាយថា ថ្ងៃនេះ អង្គការមានបុគ្គលិក ២៦ នាក់ ដែលសុទ្ធតែជាអ្នកភូមិក្បែរខាង។ ក្មេង ៣ នាក់មកទីនេះតាំងពីតូចៗ ដែលអ្នកស្រីមើលឃើញពីការរីកធំធាត់របស់ពួកគេ ហើយបច្ចុប្បន្នពួកគេបានបញ្ចប់ថ្នាក់ទី ១២ ហើយខ្លះក៏បានមកបង្រៀនទីនេះបន្ដ។
ថ្វីដ្បិតតែ Kep Gardens បានពង្រីកវិសាលភាពរបស់ខ្លួនពី ១ ឆ្នាំទៅ ១ ឆ្នាំយ៉ាងណាក៏ដោយ ក៏អ្នកស្រី Janine មើលឃើញពីការលំបាក ២ យ៉ាង ដែលអង្គការនៅតែប្រឈម។
អ្នកស្រីបានឲ្យដឹងថា៖ «បញ្ហាចម្បងមួយ គឺធនធានសម្ភារ ពីព្រោះទោះដល់បច្ចុប្បន្ន យើងពិបាករកសម្ភារសិក្សានៅកំពត ហើយបើនៅកែបអត់តែម្ដង។ យើងពិបាករកទិញបដាអក្សរអង់គ្លេស ដោយភាគច្រើនយើងច្នៃបង្កើតខ្លួនឯង។ អ៊ីនធឺណិតក៏អត់ ហើយឥឡូវរាងគ្រាន់បើបន្ដិច។ មួយទៀត មូលនិធិទ្រទ្រង់ គឺជាផលវិបាកឥតស្រាកស្រាន្ដរបស់យើង។ លុយគឺជាសុបិនអាក្រក់បំផុតសម្រាប់យើង។ បច្ចុប្បន្ន វាក្លាយជាឧបសគ្គសំខាន់មួយ ពីព្រោះយើងអស់លុយហើយ។
កញ្ញា ញឹម សុយីន អាយុ ១៧ ឆ្នាំ បានបន្ដសិក្សាភាសាអង់គ្លេសនៅ Kep Gardens រយៈពេល ៧ ឆ្នាំ ហើយយុវតីរូបនេះ បានបង្រៀនថ្នាក់មត្តេយ្យនៅអង្គការនេះផងដែរ។
និស្សិតច្បាប់រូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំចង់ជួយបង្រៀនក្មេងៗដោយចែករំលែកចំណេះដឹងដែលខ្ញុំបានរៀនបានដឹង និងជួយកាត់បន្ថយការងាររបស់គាត់ពីព្រោះខ្ញុំរៀននៅទីនេះ គាត់អត់យកលុយទេ។ និយាយទៅ សិស្សទាំងអស់គ្នា គឺអត់យកទាំងអស់។ ខ្ញុំគ្មានអ្វីតបស្នងទៅគាត់ ក្រៅពីជួយសម្រាលការងារខ្លះពីគាត់ប៉ុណ្ណោះ។
កញ្ញា ញឹម សុយីន បាននិយាយក្នុងទឹកមុខដែលពិបាកនឹងសម្រេចចិត្ដថា៖ «បើសាលានេះពិតជាត្រូវបិទទ្វាររហូតមែន ខ្ញុំពិតជាអន់ចិត្ដខ្លាំងណាស់ ពីព្រោះខ្ញុំចង់ឲ្យគាត់បន្ដជួយក្មេងនៅទីនេះ។ ក្មេងៗបុកមករៀនកាន់តែច្រើនពី ១ ឆ្នាំ ទៅ ១ ឆ្នាំ។ កាលពីឆ្នាំមុន មានជាង ២០០ នាក់ តែឆ្នាំនេះជិត ៤០០ នាក់។ អ៊ីចឹង គាត់ត្រូវបន្ថែមថ្នាក់ ការចំណាយកាន់តែច្រើន ហើយគាត់មានថ្នាក់បំប៉នសម្រាប់សិស្សរៀនថ្នាក់ទី ១២ ឆ្នាំនេះផងដែរ»។
កញ្ញាបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយ គាត់មិនអាចបិទនោះទេ ហើយបើទាល់មែនទែន ខ្ញុំគិតថា គាត់ត្រឹមបិទរយៈពេលខ្លីប៉ុណ្ណោះ។ ខ្ញុំគិតថា គាត់នឹងមានដំណោះស្រាយ ហើយខ្ញុំមិនអាចទទួលបាននោះទេ បើសិនជាមានថ្ងៃនោះមែន»។
សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់ វេបសាយ http://kepgardens.com/ ឬអ៊ីមែល kepgardens513@gmail.com៕