ភ្នំពេញ: នៅកសិដ្ឋានតូចមួយឯជាយរាជធានីភ្នំពេញភាគខាងត្បូង អ្នកស្រី កែវ ម៉ាឡែន និងស្វាមី ស្រេង សុវណ្ណារិន ជាអ្នកចិញ្ចឹមសត្វទន្សាយ បានរៀបចំប្រឡាក់គ្រឿងសាច់ដើម្បីចម្អិនអាហារពេលថ្ងៃត្រង់។ អ្នកទាំងពីរ បានប្រាប់ថា គ្មានរូបមន្ដអ្វីពិសេសទេ គ្រាន់តែជាខ្ទឹមស ទឹកត្រី ម្ទេស និងអំបិលប៉ុណ្ណោះ ខណៈពួកគេកំពុងញាប់ដៃជើងឆាផង និងអាំងផង។
អ្នកស្រី ម៉ាឡែន បានអួតពីរសជាតិអាហារដ៏ពិសេសសម្រាប់ពេលថ្ងៃត្រង់នោះថា៖ «សាច់ទន្សាយមានកូឡេស្ដេរ៉ូលទាប និងមានប្រូតេអ៊ីនខ្ពស់បើធៀបនឹងសាច់គោ ឬសាច់ជ្រូក»។
ការផ្សំគ្រឿងជាមួយទឹកត្រី ខ្ទឹមស សាច់ទន្សាយមានរសជាតិស្រដៀងនឹងសាច់មាន់ ប៉ុន្ដែស្វិតមិនចាញ់សាច់ក្របីនោះទេ។ ថ្វីដ្បិតតែម្ហូបខ្មែរបានប្រើសាច់សត្វច្រើនមុខចាប់ពីសាច់ជ្រូក អាពីង ឬកង្កែបក៏ពិតមែន តែនិយាយពីម្ហូបសាច់ទន្សាយហាក់មិនសូវពេញនិយមសម្រាប់ប្រជាជនកម្ពុជាឡើយ។ វាប្រាកដជាមានមូលហេតុរបស់វា។ អ្នកស្រី ម៉ាឡែន បានបកស្រាយថា ទន្សាយជាសត្វនៅក្នុងដំណាលរឿងព្រេងបុរាណខ្មែរដែលចាត់ទុកជាសត្វមានប្រាជ្ញាបំផុត។
ប៉ុន្ដែអ្នកចិញ្ចឹមសត្វទន្សាយរូបនេះសង្ឃឹមថា បើសាកល្បងភ្លក្សរសជាតិសាច់ដ៏ឈ្ងុញឆ្ងាញ់របស់វា អ្នកពិតជាភ្លេចរឿងព្រេងទាំងនោះមិនខាន។
កំពុងទំពារអាហារបណ្ដើរ អ្នកស្រីបានរៀបរាប់បណ្ដើរថា៖ «ខ្ញុំគិតថា វាមានរសជាតិឆ្ងាញ់ជាងសាច់ជ្រូក ឬសាច់មាន់ទៅទៀត»។
អ្នកស្រី ម៉ាឡែន និងស្វាមីដែលបានបើកកសិដ្ឋានចិញ្ចឹមសត្វទន្សាយ Cambofarm Rabbitry ក្នុងឆ្នាំ២០១២ កាលពីខែធ្នូឆ្នាំទៅ ពួកគេបានទិញទន្សាយពណ៌សពូជនូវែលសេឡង់មួយក្បាល ជាពូជដែលគេចិញ្ចឹមច្រើនបំផុតក្នុងលោក ហើយបច្ចុប្បន្នកសិដ្ឋានរបស់ពួកគេមានទន្សាយ៦០ក្បាលឯណោះ។
មូលហេតុមួយទៀតដែលធ្វើឲ្យមនុស្សមិនដាច់ចិត្តញ៉ាំសាច់ទន្សាយគឺភាពគួរឲ្យស្រឡាញ់របស់សត្វនេះតែម្ដងដែលសូម្បីតែប្អូនស្រីរបស់អ្នកស្រីក៏មិនហ៊ានហូបទន្សាយដែរ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបានកុហកប្អូនស្រីខ្ញុំថា នោះជាសាច់មាន់ ហើយថា វាឆ្ងាញ់ណាស់»។
ពាក់ព័ន្ធនឹងការទទួលទានសាច់ទន្សាយ លោក ឡេង វីរៈ ជានាយកកម្មវិធីជាន់ខ្ពស់ទទួលបន្ទុកក្រុមអភិវឌ្ឍកសិកម្មសេដ្ឋកិច្ចរបស់អង្គការទស្សនៈពិភពលោក បានថ្លែងថា ការចិញ្ចឹមសត្វទន្សាយវាស័ក្ដិសមនឹងស្ថានភាពទីក្រុងភ្នំពេញដ៏អ៊ូអរ។
លោកបាននិយាយថា៖ «ទន្សាយមិនត្រូវការទីធ្លារស់នៅធំនោះទេ»។
យ៉ាងណាមិញគម្រោងជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វទន្សាយក្នុងខេត្ដព្រះវិហារបែរត្រូវបរាជ័យពីព្រោះពួកគេចង់ចាប់ទន្សាយព្រៃវិញ។
លោក រ៉ូហ្វ លេនហ្ស៊ីងជើរ (Rolf Lanzinger) ជាម្ចាស់ហាង Dan Meats បានឲ្យដឹងថា អតិថិជនបរទេសតែងតែស្នើឲ្យលោកលក់សាច់ទន្សាយ។ លោកបាននិយាយថា បញ្ហាស្ថិតនៅត្រង់ថា លោកមិនទាន់រកឃើញដៃគូគួរឲ្យទុកចិត្ដដែលអាចផ្គត់ផ្គង់សាច់តាមស្ដង់ដារ។
លោកបានអះអាងថា៖ «បើមានគុណភាពល្អ និងត្រឹមត្រូវ ខ្ញុំពិតជាចាប់អារម្មណ៍ជាវបំផុត»។
ថ្វីដ្បិតតែកសិដ្ឋានចិញ្ចឹមទន្សាយ Cambofarm Rabbitry របស់អ្នកស្រី ម៉ាឡែន មិនបើកជាជំនួញផ្លូវការរហូតដល់អាចបង្កាត់ពូជទន្សាយតាមតម្រូវការ អ្នកស្រីបាននិយាយថា អ្នកស្រីបានលក់សាច់ទន្សាយតម្លៃ២៥ដុល្លារក្នុងមួយគីឡូក្រាម និងទទួលការកុម៉្មុង់តាមទូរស័ព្ទលេខ០១៦ ៦៣៥៣៦៧៕ HR