ភ្នំពេញ : ថ្មីៗក៏ផ្ទុះព័ត៌មានស្តីពីដំណឹងល្អពីគូស្នេហ៍តារាចម្រៀង ឆាយ វីរៈ យុទ្ធ និងអ្នកនិពន្ធកូនស្រីថៅកែរោងម៉ាស៊ិនកិនស្រូវហាក់សែ អ្នកនាង សែ ចាន់ឌី មានដំណឹងល្អ ខណៈរៀបការមិនទាន់បានមួយឆ្នាំផង ប្រពន្ធក៏ចាប់ផ្តើមឃ្លានម្ជូរ។
តែក្នុងជំនួបជាមួយ ភ្នំពេញ ប៉ុស្តិ៍ នៅសមាគមសិល្បករខ្មែរ ពួកគេទាំងពីរបែរប្រកែកថា ដំណឹងល្អនោះដូចជាមិនទាន់មានសម្រាប់ពួកគេទេ។
ក្នុងដំណើរបណ្តើរទាំងមកដល់សមាគមសិល្បករខ្មែរទាំងព្រឹក ដែលបង្ហាញភាពសប្បាយរីករាយ មកទទួល ឱកាសចេញទៅនៅទឹកដីប្រទេសកូរ៉េ ដែលមានទាំងវត្តមានប្រពន្ធផងនោះ តារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏បានពោលថា៖ «ខ្ញុំក៏មានភាពភ្ញាក់ផ្អើលដែរ ដែលមុននេះមានព័ត៌មានផ្សព្វផ្សាយថា គ្រួសារខ្ញុំ គាត់ចាប់ផ្តើមឃ្លានម្ជូរ ព្រោះថា ដំណឹងនេះ មិនមែនតែខ្ញុំ និងភរិយាអន្ទះសារង់ចាំស្វាគមន៍នោះទេ អ្នកដែលអន្ទះសាខ្លាំងជាងពួកខ្ញុំ ដែលរៀបការមួយឆ្នាំនោះគឺឪពុកម្តាយរបស់ពួកខ្ញុំ»។
បន្ទរពីសម្តីភរិយា តារាចម្រៀង ឆាយ វីរៈយុទ្ធ អ្នកនាង សែ ចាន់ឌី ដែលថា «ឪពុកម្តាយខ្ញុំ គាត់អន្ទះសាណាស់ ចង់បានចៅ ព តែខ្ញុំ និងប្តីនៅមិនទាន់មានដំណឹងបំពេញបំណងគាត់បាន» ក្នុងនោះ ឆាយ វីរៈយុទ្ធ ក៏បានពោលទៀតថា៖ «តែរឿងដំណឹងផ្ទុះនោះ ក្រៅពីសប្បាយចិត្តខ្ញុំក៏ឆ្ងល់ដែរ ដែលពួកខ្ញុំ ជាសាមីខ្លួន មិនទាន់ដឹងអី ឬប្រពន្ធឃ្លានម្ជូរផង បែរជាមានការផ្សព្វផ្សាយថា មាន។ ចឹងរឿងហ្នឹងខ្ញុំសូមបញ្ជាក់ពេលនេះថាមិនមែនជាការពិតទេ»។
តែយ៉ាងណា តារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលទើបនឹងទទួលធ្វើជាតំណាងផ្សព្វផ្សាយឲ្យម៉ាករថយន្តថ្លៃរាប់ម៉ឺនដុល្លារ និងទទួលបានឱកាសការងារថ្មីជាមួយនិងសមាគមសិល្បករខ្មែរ រួមនឹងភរិយា បានអះអាងព្រមៗគ្នាថា៖ «យ៉ាងណា ពួកយើងមិនធ្វើឲ្យឪពុកម្តាយខកចិត្តរឿងហ្នឹងទេ»។
តារាចម្រៀង ឆាយ វីរៈយុទ្ធ បានអះអាងថា៖ «រឿងអ្វីៗក៏យើងធ្វើបាន រឿងនេះក៏យើងធ្វើបានដែរ។ ក្នុងគម្រោងពីរនាក់ប្តីប្រពន្ធយើងបានជជែកគ្នាហើយអស់ហើយ ថា និងសម្រេចបំណងឲ្យឪពុកម្តាយមានចៅ ពមិនឲ្យផុតពីឆ្នាំ២០១៨នេះទេ»។
ភរិយា តារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏បានបញ្ជាក់ដែរថា៖ «ក្នុងគម្រោងពួកយើង យើងបានពិភាក្សាគ្នាយើងយកកូនឲ្យបានបីនាក់ ហើយសម្រាប់កូនដំបូងដែលក្នុងគម្រោងសម្រេចរកចៅឲ្យយាយតា ព ឲ្យបានក្នុងឆ្នាំ ២០១៨ នេះ ក៏យើងមិនគិតថា ស្រីឬប្រុសទេ អ្វីដែលសំខាន់គឺយើងបានសម្រេចបំណងនេះ ហើយ យើងក៏បានផ្គាប់ចិត្តយាយតាគេដែរ»។
បើតាមតែសំដីគូស្នេហ៍ទាំងពីរបង្ហាញនេះ ហាក់ឲ្យដឹងថា ពួកគេទាំងពីរនាក់ក៏មានទំនុកចិត្តខ្លាំងលើការសម្រេចឱកាសរកភូមិកូនក្មេង ខណៈឆ្នាំ ២០១៨ ក៏ចូលបានពីរខែហើយដែរ។
ក្នុងនោះ អ្នកនាង សែ ចាន់ឌី ក៏លាន់មាត់ថា៖ «ត្រូវហើយខែនេះទើបនឹងខែ ២ ចឹងដំណឹងនេះក៏លេចឡើងឆាប់ៗនេះ ហើយចុងឆ្នាំ ២០១៨ លទ្ធផលពិតប្រាកដនឹងចេញរូបរាងដូចការតាំងចិត្តរបស់ពួកយើងដែរ»៕