ខេត្ត​​រតនគិរី៖ ប្តី​ប្រពន្ធ​ដ៏​កម្សត់​​ ​ជា​កូន​​កំព្រា​ទាំង ​២ ​នាក់ ប្តី​ជា​ជនជាតិ​ដើម​​​​ភាគ​តិច​​កាវេត និង​ប្រពន្ធ​ជា​ជនជាតិ​​ទំពួន ដែល​​រស់នៅ​​​ភូមិ​​កាជាន់​ ឃុំ និង​ស្រុក​អូរជុំ ខេត្ត​រតនគិរី​ កំពុង​តែ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​​ជាមួយ​​​កូន​តូចៗ​ ​២ ​នាក់​​​ ខណៈ​​ប្តី​លោក ហឺត អេ ទើប​តែ​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​​បុក​បាក់​ជើង​ គេច​ខ្លួន​បាត់​ពេល​យប់​​ ​ខណៈ​លោក​វិល​ត្រឡប់​មក​ពី​ធ្វើ​ការ​ស៊ី​ឈ្នួល​​នៅ​ចម្ការ​គេ​ កាល​ពី​ខែ ​មីនា ឆ្នាំ ​២០១៩ កន្លង​មក​។

ដូច្នេះ​​ភារកិច្ច​​​រក​ប្រាក់​ចិញ្ចឹម​កូនៗ​​ទាំង ​២ និង​ថ្លៃ​ព្យាបាល​ជំងឺ​ប្តី​ ដែល​កំពុង​តែ​រង​ភាព​ពិការ​ជើង​ស្តាំ​​ម្ខាង​នោះ​ត្រូវ​ធ្លាក់​ទៅ​ស្រ្តី​​ជា​ប្រពន្ធ ​គឺ​អ្នកស្រី ពត ស្រីរាប​ ត្រូវ​ដើរ​ជីក​ចង្រិត​ នៅ​តាម​ដី​​ចម្ការ​​ក្នុង​ស្រុក​កំណើត​ ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​គ្រួសារ។ បច្ចុប្បន្ន​ប្តី​ប្រពន្ធ​ និង​​កូន​ៗ ដោយ​កូន​បង​​អាយុ ៧ ​ឆ្នាំ និង​​កូន​ប្អូន​អាយុ ២ ឆ្នាំ ៧ ខែ ​ត្រូវ​ទុក​ឲ្យ​​​​​ប្តី​ពិការ​ជើង​​ជា​អ្នក​មើល​ថែ​កូន​នៅ​ខ្ទម​​​កម្សត់​ប្រក់​តង់ នៅ​​លើ​ដី​ទំហំ​ទទឹង​ ៤ ម៉ែត្រ ​និង​បណ្តោយ ​៤ ម៉ែត្រ​​។​

លោក ហឺត អេ ជា​ប្តី​ស្រ្តី​ប្រកប​របរ​​ដើរ​​ជីក​ចង្រិត​លក់​​ ​បង្ហើប​ឲ្យ​​ដឹង​តាម​ទូរស័ព្ទ​ថា​៖​ «​ចាប់​​តាំង​ពី​ខែ ​៣ ឆ្នាំ ​២០១៩ នេះ​មក ប្រពន្ធ​ខ្ញុំ​គាត់​ត្រូវ​ទទួល​​បន្ទុក​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង ២ និង​​ថ្លៃ​ទិញ​ថ្នាំ​សង្កូវ​ព្យាបាល​ជំងឺ​ខ្ញុំ ដែល​​​ដាច់​ជើង​​ស្តាំ​ម្ខាង​ ដោយសារ​ត្រូវ​ឡាន​​បុក​ទាំង​យប់​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ពី​​ចម្ការ ដែល​ខ្ញុំ​ស៊ី​ឈ្នួល​គេ​។​ ​

រាល់​ថ្ងៃ​ប្រពន្ធ​ខ្ញុំ​ ដើរ​ជីក​ចង្រិត​តាម​ដី​ចម្ការ​​ស្វាយ​ចន្ទី សណ្តែក ឬ​ដំឡូង​ របស់​គេ ដោយ​មួយ​ថ្ងៃ​អាច​រក​បាន​ប្រហែល​ជា​​​ ១០០ ចង្រិត​​ យក​ទៅ​លក់​ឲ្យ​​គេ​បន្ត​ គឺ​​​​ចង្រិត​ ១០ ​ក្បាល​ តម្លៃ​ ៣ ៥០០ រៀល។ រាល់​ថ្ងៃ​អាច​លក់​បាន​​​លុយ​ចន្លោះ​​ពី ​២-​៣ ​ម៉ឺន​រៀល​។ ប្រសិន​បើ​ថ្ងៃណា​លក់​បាន ២ ម៉ឺន​រៀល គឺ​យើង​នឹង​ត្រូវ​ចំណាយ​ទិញ​គ្រឿង​ស៊ីចុក​អស់​ចំនួន ​១៥ ០០០​រៀល គឺ​នៅ​​សល់​តែ​ ៥ ០០០ រៀល​ប៉ុណ្ណោះ»។

អ្នក​ស្រី ពត ស្រីរាប ជន​ជាតិ​ទំពួន​ ដើរជីក​ចង្រិត​លក់​ចិញ្ចឹមកូន ​២ នាក់ និង​ប្តី​ពិការជើង​ម្ខាង​នៅរតនគិរី​​​។ ហ្វេសប៊ុក Chan Tola

ដោយ​​ក្តី​អាណិត​ប្រពន្ធ ដែល​ទទួល​បន្ទុក​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ទាំង​លំបាក​បែប​នេះ​ ខណៈ​​ខ្លួន​ក៏​​ពិការ​ជើង​​​​ទៀត​នោះ ទើប​លោក ហឺត អេ មាន​​ក្តី​ប្រាថ្នា​ចង់​បាន​ជើង​សិប្បនិម្មិត​​ ដើម្បី​ពាក់​ដើរ​បាន និង​អាច​ជួយ​ធ្វើ​ការងារ​​ចិញ្ចឹម​កូន​ទាំង ​២ ​ជាមួយ​ប្រពន្ធ​។​

លោក​​លើក​ឡើង​ទាំង​សម្តី​ម៉ាត់ៗ​​បែប​​​សំនៀង​ជនជាតិ​ដើម​​​ថា៖ «​ពិត​ជា​ចង់​បាន​ជើង​សិប្បនិម្មិត​ ដែល​អាច​ឲ្យ​ខ្ញុំ​​ដើរ​បាន ​​ដើម្បី​វិល​ទៅ​ធ្វើ​ការងារ​វិញ​ជាមួយ​ប្រពន្ធ​ ហើយ​ជា​ពិសេស​នោះ​ក៏​ចង់​បាន​ផ្ទះ​​តូច​មួយ​នឹង​គេ​ផង​ដែរ​ ព្រោះ​ថា​​សព្វ​ថ្ងៃ​យើង​ និង​កូន​រស់នៅ​ក្នុង​តង់​​​ទទឹង​ ៤ ម៉ែត្រ ​និង​បណ្តោយ ​៤ ម៉ែត្រ ខណៈ​យើង​ក៏​អាច​​សុំ​​ដី​​ពី​​អាជ្ញាធរ​ភូមិ​ឃុំ​​សង់​ផ្ទះ​បាន​ដែរ»។​

លោក ហឺត អេ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​មុខ​របរ​​ពី​មុន​​​​រង​គ្រោះ​ពិការ​ជើង​ដែរ​ថា គឺ​ប្រកប​ការងារ​ស៊ីឈ្នួល​កាត់​​ស្មៅ និង​បាញ់​ថ្នាំ​ស្វាយ​​​ចន្ទី សណ្តែក​ និង​ដំឡូងមី​​ ឲ្យ​គេ​ទាំង​ប្តី​ប្រពន្ធ​ និង​វេចស្ពាយ​​​កូន​ទាំង ២​ ទៅ​ផង​ដែរ​​ ​​ដោយ​​ទទួល​​ប្រាក់​ឈ្នួល ១ ​ថ្ងៃ (ធ្វើ​ការ​ប្រហែល ៣-៤ ម៉ោង) ទទួល​បាន​តម្លៃ​ឈ្នួល​ ៣ ម៉ឺន​​​រៀល​។ សប្បុរសជនអាចទាក់ទងលោក ហឺត អេ តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៩ ៧៣​ ១០៧៕​