ភ្នំពេញៈ ខណៈអ្នកសិល្បៈច្រើនគូដែលរៀបការមិនទាន់បាន ១ ឆ្នាំផង ក៏ស្រូតមានបុត្រដំបូង ដើម្បីរឹតបន្តឹងចំណងស្នេហ៍អាពាហ៍ពិពាហ៍ តែសម្រាប់ប្តីប្រពន្ធអ្នកសិល្បៈ ១ គូ បានរៀបការជាង ១ ឆ្នាំហើយគឺតារាសម្ដែងសិចស៊ី អ្នកនាង កុល ដាវី និងតារាចម្រៀងលោក សុខ រក្សា ហាក់ដូចជាមិនទាន់លេចឮដំណឹងល្អនេះនៅឡើយដែរទេ ក្រោមហេតុផលរវល់ការងារសិល្បៈរៀងៗខ្លួនខ្លាំងពេក។
មហាជនមានការកត់សម្គាល់ចាប់តាំងពីដើមឆ្នាំនេះមកថា អ្នកនាង កុល ដាវី អាចនឹងពពោះកូនដំបូង ហើយទំនងជាសម្រាលនៅចុងឆ្នាំ ២០២០ ឬក៏អាចថតរឿងចប់ឲ្យប៉ុស្ដិ៍ភីអិនអិនក្នុងរយៈពេលដ៏ខ្លីខាងមុខ ក៏អាចថាបានដែរមើលទៅ។ យ៉ាងណាអ្នកនាង កុល ដាវី ពិតជាមិនទាន់មានបុត្រជាមួយនឹងស្វាមីដែលជាអតីតតារាចម្រៀងនៅទ្រនំផលិតកម្មហង្សមាស ពិតមែន បើទោះបីជានាពេលខ្លះ គេសង្កេតឃើញថានាងមានអាការដូចជាកំពុងតែចាញ់កូននោះក្ដី។
តារាស្រីល្បីឈ្មោះដោយសារមានភាពសិចស៊ីជាលម្អមួយផ្នែក អ្នកនាង កុល ដាវី បានបង្ហើបប្រាប់ដោយមិនបានលាក់លៀមថា៖ «ខ្ញុំអត់ទាន់មានកូននៅឡើយនោះទេបង ហើយមិនទាន់ពពោះដែរ។ ប៉ុន្តែខ្ញុំអាចយកកូននាពេលឆាប់ៗនេះដែរហើយអាចនៅចុងឆ្នាំហ្នឹង (ឆ្នាំ ២០២០) ឬក្រោយពេលដែលខ្ញុំថតរឿង ១ ចប់នៅប៉ុស្តិ៍ PNN ហ្នឹង ក៏ថាបានដែរ។ ពួកយើងចង់បានកូនណាស់ តែចង់បានតាមគម្រោង ព្រោះថាបើដូចឥឡូវនេះ ខ្ញុំជាប់ថតរឿងអ៊ីចឹង ក៏មិនអាចពពោះបានដែរ ទាល់តែធ្វើការឲ្យគេចប់អស់សិន»។ អ្នកនាង កុល ដាវី បានបន្តថា៖ «នាងខ្ញុំទើបបានថតចប់ភាពយន្ដមួយឲ្យហង្សមាស និងកំពុងតែថតរឿង «សង្គ្រាមមរតក» ឲ្យប៉ុស្តិ៍ PNN ដែលនឹងចប់នៅខែនេះហើយ»។
ចាប់តាំងពីរៀបការមានស្វាមីជាតារាចម្រៀងប្រុសលោក សុខ រក្សា មកនោះអ្នកនាង កុល ដាវី ក៏ទទួលថតសម្ដែងតែរឿងណា ដែលនាងអាចឆ្លៀតបានតែប៉ុណ្ណោះ មិនថតជាទូទៅដូចកាលនៅលីវនោះទេ ព្រោះនាងជាប់រវល់រកស៊ីក្រៅសិល្បៈផងដែរ អ៊ីចឹងត្រូវតែបែងចែកពេលវេលាឲ្យបានច្បាស់លាស់ ខណៈស្វាមីរបស់អ្នកនាងគឺលោក សុខ រក្សា ក៏មានភាពរវល់ដូចនាងផងដែរ។ គួរបញ្ជាក់ដែរថា អ្នកនាង កុល ដាវី បានរៀបការជាមួយលោក សុខ រក្សា កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩ ក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាជាង ៥ ឆ្នាំហើយបន្ទាប់ពីរៀបការជាង ១ ឆ្នាំនេះតារាស្រីសាច់សខ្ចីរូបនេះហាក់ប្ដូរស្ទីលនៃការស្លៀកពាក់ខុសពីមុនគឺមិនសូវបញ្ចេញភាពសិចស៊ីខ្លាំងទៀតទេ។ ម្យ៉ាងទៀតគូស្នេហ៍តារាដូចគ្នា ១ គូនេះចាប់តាំងពីចាប់ដៃគ្នាជាប្ដី-ប្រពន្ធមក ពួកគេរកស៊ីធូរធារ ដោយមានផ្ទះដល់ទៅ ២ ល្វែង និងជិះរថយន្ដទំនើបៗ ហើយក៏មានដីធ្លីមួយចំនួនទៀតផង៕