ភ្នំពេញ៖ ការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោករឿងខ្លី និងកំណាព្យសម្រាប់ឆ្នាំ ២០២០ បានចាប់ផ្តើមទទួលយកនូវបេក្ខភាពប្រកួតប្រជែងហើយ ខណៈពាក្យទទួលសា្នដៃប្រកួតត្រូវផុតកំណត់រហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ នេះជាមួយប្រធានបទសរសេរសេរី។
លោក កុក រស់ ជាប្រធាននាយកដ្ឋានការអាន និងសៀវភៅនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា៖ «នេះ គឺជាការប្រកួតប្រជែងដើម្បីចម្រាញ់ជ្រើសរើសយកម្ចាស់ជយលាភីផ្នែកប្រលោមលោក និងកំណាព្យរឿងខ្លីនៅក្នុងឆ្នាំ ២០២០ នេះ ដែលបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលសហការជាមួយសមាគមអ្នកនិពន្ធខ្មែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងរាជបណ្ឌិត្យសភាកម្ពុជា»។
ការប្រកួតប្រជែងកាលពីមុនតែងតែមានការកំណត់ប្រធានបទសម្រាប់ការតែងនិពន្ធទាំងប្រលោមលោករឿងខ្លី និងកំណាព្យ តែពេល ២-៣ ឆ្នាំចុងក្រោយនេះ បានប្តូរមកដាក់ប្រធានបទសេរីវិញ ដោយសារពេលប្រឡងបេក្ខជនចូលរួមប្រកួត គឺតែងនិពន្ធមិនសូវត្រូវ ឬស្របតាមប្រធានបទ ហើយក៏ជាផលលំបាកមួយចំពោះក្រុមគណៈកម្មការវាយតម្លៃរកម្ចាស់ជយលាភីដែរ ខណៈការឈប់ទទួលស្នាដៃប្រកួតនៅត្រឹមថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ នេះ។
ប្រធាននាយកដ្ឋានការអាន និងសៀវភៅបានបន្តថា៖ «ការប្រកួតឈរលើគោលការណ៍សំខាន់ ៣ មានអត្ថន័យ (សច្ចធម៌ សីលធម៌ និងគុណធម៌) អត្ថរូប (វិធីតែង រចនាប័ទ្ម និងសិល្ប៍សោភ័ណ) និងអត្ថរស (បង្ហាញឲ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងរក្សាតម្លៃអត្តសញ្ញាណជាតិ)។ ឯលក្ខខណ្ឌវិញក៏មាន ៣ ចំណុចដែរ គឺអក្ខរាវិរុទ្ធ តាមវចនានុក្រមខ្មែរ (សម្តេច ជួន ណាត) អក្សរវាយកុំព្យូទ័រ (Font យូនីកូត Khmer OS Metal Chrieng, ទំហំ ១២ ឬសរសេរដោយដៃក៏បាន) និងខ្នាតក្រដាស A4 ចន្លោះ ១៥-៣០ ទំព័រ ទាំងនិពន្ធប្រលោមលោក និងកំណាព្យរឿងខ្លី។ ឯការចម្រាញ់ជម្រុះយកបេក្ខភាពនឹងធ្វើ ៣ ដំណាក់កាល ដើម្បីរើសរកជើងខ្លាំងចុងក្រោយ។ ហើយអ្វីដែលពិសេសនោះ ឆ្នាំនេះ បេក្ខជនម្នាក់អាចមានសិទ្ធិដាក់ស្នាដៃ ២ បានគឺស្នាដៃប្រលោមលោក ១ និងស្នាដៃផ្នែកកំណាព្យរឿង ១ ដែរ»។
ចំណែកជយលាភីនឹងត្រូវជ្រើសពីលេខ ១ ដល់លេខ ៣ មានទាំងប្រលោមលោក និងកំណាព្យ គឺបានពានរង្វាន់ ១ អមដោយទឹកប្រាក់រង្វាន់ និងការផ្តល់រង្វាន់លើកទឹកចិត្តក៏ទទួលបានបណ្ណសរសើរ ១ អមដោយទឹកប្រាក់រង្វាន់៕