ក្រុងមីនស្កិ៍: ក្រោយ​ចំណាយពេល​នៃ​រដូវរងា​សម្ងំ​ដេក​ក្នុង​ទូទឹកកក​នៅ​មណ្ឌល​សង្គ្រោះ​ក្នុង​ប្រទេស​បេឡា​រុស ប្រចៀវ​មួយ​ហ្វូង​បាន​ភ្ញាក់​ដឹងខ្លួន និង​ត្រូវបាន​លែង​ឲ្យ​ចូល​ព្រៃ​វិញ​។

ដើម្បី​ធានា​ដំណេក​យ៉ាង​ស្កប់ស្កល់​នៃ​រដូវរងា ប្រចៀវ​នីមួយៗ​ត្រូវ​បាន​ចាប់​ច្រក​ដាក់​ថង់​ក្រណាត់​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ដ​នៅ​មណ្ឌល រួច​ចង​ព្យូរ​ក្នុង​ទូទឹកកក​ដែល​ទទួល​សំណើម និង​ធាតុ​ត្រជាក់​សមល្មម​។

មជ្ឈមណ្ឌល​ស្ថិត​ក្នុង​ក្រុង​មីនស្ដិ៍​បាន​បីបាច់​ប្រចៀវ​ដែល​ត្រូវ​បាន​រកឃើញ​ដោយ​មហាជន​ក្រោយពី​ពួកវា​ពិបាក​ស្វែងរក​ទីជម្រក​សុវត្ថិភាព​ដើម្បី​សម្ងំ​ដេក​ប្រចាំ​រដូវ​។

ប្រធាន​មជ្ឈមណ្ឌល​លោក Alexei Shpak បាន​និយាយថា​៖ «​នៅ​រដូវរងា ប្រចៀវ​ត្រូវការ​ដេក​ច្រើន និង​សម្ងំស្ងៀម​ពេញ​ ១ ​រដូវ​តែម្ដង​»​។

ថង់​ច្រក​ប្រចៀវ parti-coloured និង serotine bats ព្យួរ​ក្នុង​ទូទឹកកក​។ រូបថត AFP

ស្ថានភាព​ស័ក្ដិសម​សម្រាប់​ប្រចៀវ​សម្ងំ​លាក់ខ្លួន​គឺ​សីតុណ្ហភាព​ចន្លោះ​ពី ០ ទៅ ៥ ​អង្សាសេ​។ នោះ​ជា​អ្វី​ដែល​ទូទឹកកក​អាច​ជួយ​បាន​។ មជ្ឈមណ្ឌល​មាន​ទូទឹកកក​តែ​​ ១ ​គ្រឿង តែ​វា​គ្រប់គ្រាន់​សម្រាប់​ប្រចៀវ ៣២ ​ក្បាល​ចំណាយ​ពេល​រដូវរងា​ដេក​ក្នុង​ថង់​ក្រណាត់​ត្រជាក់​ស្រួល​។

ពេល​រដូវ​ផ្ការីក​មកដល់​សីតុណ្ហភាព​ខាង​ក្រៅ​ស្ថិត​នៅ​លើស ១០ អង្សាសេ Shpak និង​ក្រុមការងារ​ស្ម័គ្រចិត្ដ ៣ នាក់​ទៀត​នៅ​មជ្ឈមណ្ឌល​បាន​នាំ​គ្នា​យក​ប្រចៀវ​ចេញ​ក្នុង​ថង់​យ៉ាង​ប្រុងប្រយ័ត្ន​។ រាងកាយ​របស់​វា​ចាប់ផ្ដើម​កម្រើក​ឡើង និង​ភ្ញាក់​ពី​ដំណេក​។

ប្រចៀវ​ខ្មៅ​លាត​ស្លាប​របស់​វា​ពេល​វា​ត្រួតពិនិត្យ​ទម្ងន់​ខ្លួន​ថា តើ​វា​មាន​សុខភាព​ល្អ​ឬ​យ៉ាងណា​។ ពួកវា​ត្រូវ​បាន​បញ្ចុក​សត្វល្អិត និង​ទឹក​ដើម្បី​ផ្ដល់​ថាមពល​ដល់​ពួកវា​។

នាពេល​ល្ងាច​មនុស្សម្នា​ជាច្រើន​បាន​ទៅ​តាម Shpak និង​ក្រុម​ការងារ​ស្ម័គ្រចិត្ដ​ទៅកាន់​ឧទ្យាន​ទីក្រុង​ជា​ទី​ដែល​ពួកគេ​ជួយ​ផ្ទេរ​សត្វ​ប្រចៀវ​ចូល​ជម្រក​ដើមឈើ​ថ្មី​៕ HR