ក្រុងសេអ៊ូល: ពន្ធនាគារ ឬគុក ដែលជាកន្លែងឃុំឃាំងអ្នកទោសល្មើសច្បាប់នោះបែរជាមកក្លាយជាមណ្ឌលសម្រាកសម្រាប់កាត់បន្ថយជំងឺស្រេ្តសដ៏ពេញនិយមនៅកូរ៉េខាងត្បូងទៅវិញ។ មណ្ឌលនោះត្រូវគេដាក់ឈ្មោះ Prison Inside Me មានទីតាំងស្ថិតនៅជាយក្រុងហុងឈឿន ចម្ងាយប្រមាណជាង ៩៣ គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុងសេអ៊ូលប្រទេសកូរ៉េ។
Prison Inside Me នេះជាគំនិតមួយកើតចេញពីលោក គ្វន់ យ៉ុងសឿក អតីតជាមេធាវីម្នាក់ វ័យ៤៧ឆ្នាំ បាននិយាយថា៖«ខ្ញុំមិនយល់សោះឡើយថា ហេតុអ្វីបានជារូបខ្ញុំនឹកឃើញគំនិតនេះឡើង? ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងសម្រេចចិត្តធ្វើអ្វីមួយប្រាសចាកពីឆន្ទៈខ្លួន ហើយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
គំនិតនេះត្រូវបានបង្កើតឡើង នៅពេលលោក ចង់សម្រាកផ្លូវអារម្មណ៍នៅក្នុងគុក ដោយលោកបានស្នើសុំមិត្ដចាស់ជាប្រធានគុក តែត្រូវបដិសេធ។ ក្រោយមកលោក យ៉ុងសឿក ក៏សម្រេចចិត្តរៀបចំគម្រោងបង្កើតមណ្ឌលគុកកាត់បន្ថយជំងឺស្រេ្តសនេះឡើង។ វាត្រូវបានសាងសង់រួចរាល់កាលពីខែមិថុនា ឆ្នាំ២០១៤ រយៈពេលមួយឆ្នាំ ដោយបានចំណាយប្រាក់ប្រមាណ ១៩ លានដុល្លារ ដែលបានមកពីកម្ចី ការបរិច្ចាគ មិត្ដភក្ដិ និងសាច់ញាតិជិតឆ្ងាយ។
អ្នកចូលទៅកាន់មណ្ឌលគុក Prison Inside Me នេះមិនតម្រូវឲ្យនាំយកទូរស័ព្ទដៃ សៀវភៅអាន និងរបស់របរដទៃទៅជាប់តាមខ្លួនឡើយ ហើយត្រូវបានឈុតសម្លៀកជាអ្នកទោសទៀតផង។ សម្រាប់វិសាលភាពផ្ទៃដីនៃមណ្ឌលគុក ទំហំ ២៦៥,៧ ម៉ែត្រការ៉េ បន្ទប់តូចៗជាច្រើន មានតែបង្គន់ ធុងទឹក និងតុតូចមួយប៉ុណ្ណោះនៅខាងក្នុង។ ចំណែកអាហារវិញត្រូវបានបញ្ចូលតាមប្រហោងទ្វារ។ នេះគឺជាកន្លែងសម្រាប់អង្គុយធ្វើសមាធិ និងកន្លែងស្ងប់ស្ងាត់។
លើសពីនេះ ក៏មានកម្មវិធីឯកជនបើកបង្រៀនថ្នាក់ធ្វើសមាធិ ថ្នាក់សិក្សាព្យាបាលជំងឺផ្លូវចិត្ត។ សម្រាប់ការស្នាក់នៅក្នុង Prison Inside Me ចំនួន២យប់តម្លៃ១៤៦ដុល្លារ។
លោក យ៉ុងសឿក ថា៖ «អ្នកខ្លះមើលទៅដូចមានអារម្មណ៍អន្ទះសាខ្លាំងពេលគ្មានទូរស័ព្ទនៅជាប់ដៃ និងមានការបារម្ភច្រើនខ្លាចមានអ្នកផ្ញើសារ ឬទូរស័ព្ទមករកខ្លួន»។
ផាក សឿងហូ ដែលចូលទៅសម្រាកនៅគុកនោះនិយាយថា៖ «ខ្ញុំបារម្ភថា ប្រហែលជាមានអ្នកណាទូរស័ព្ទ ឬផ្ញើសារឲ្យខ្ញុំផងមិនដឹង។ តែវាមានប្រយោជន៍ដែលអាចជួយឲ្យយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានច្រើន»។
សឿងហូ បន្ដថា៖«វាជាបន្ទប់ដ៏ធុញថប់ តែមានប្រយោជន៍សម្រាប់អ្នកកសាងខ្លួន»៕ PR