ក្រុង​អូស្លូ : ប្រទេស​ន័​រ​វ៉េ​ ​បាន​បញ្ចប់​ការ​តំឡើង​គ្រោង​អាគារ​ធ្វើ​ពី​ឈើ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ​ដែល​សំណង់​នេះ​ក៏​ត្រូវបាន​គេ​សរសើរ​ថា​​មិន​ប៉ះ​ពាល់​បរិស្ថាន​ ហើយ​ក៏គិតគូរ​ដល់​ករណី​​អគ្គី​ភ័យ។

អគារ​ដែល​មាន​ឈ្មោះថា Mjos មាន​ទីតាំង​ស្ថិត​នៅ​ជិត​បឹង​និង​ត្រូវ​បាន​ដាក់ឈ្មោះ​តាម​បឹង​នោះ ដែលមាន​ចម្ងាយ​​ប្រមាណ​១០០ គីឡូម៉ែត្រ ​ភាគ​ខាង​ជើង​ទីក្រុង​អូ​ស្លូ​។ អាគារ​នោះ​មាន​កម្ពស់​ ៨៥,៤ ម៉ែត្រ និង​មាន ១៨ ជាន់។

ក្រុម​អ្នក​ផ្សព្វ​ផ្សាយ​បាន​ឲ្យ​ដឹងថា​ ការប្រើប្រាស់​ឈើ​ដែលជា​វត្ថុ​ធាតុ​ដើម​កកើត​ឡើង​វិញ​នេះ​គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​សាយ​ភាយ​ឧស្ម័ន​ CO2 បាន​ច្រើន​បើ​ប្រៀបធៀប​ទៅនឹង​អាគារ​បេតុង ​ដែល​ជា​វត្ថុ​ធាតុ​ដើម​ដំបូង​នៃ​ការ​សាង​សង់​អគារ​លំនៅ​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​នានា។

លោក Arthur Buchardt ដែល​ជា​អ្នក​ជំនួញ​ម្នាក់​បាន​និយាយ​ថា៖« អាគារ​សាង​សង់​អំពី​ឈើ​គឺ​វា​ជួយ​ឲ្យ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​កាន់​តែ​ប្រសើរ»។

លោក​បន្ថែម​ថា ​​លោក​បាន​ចាប់​ផ្តើម​គម្រោង​នេះ​បន្ទាប់​ពី​មានការ​បំផុស​គំនិត​ដោយ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ក្រុម​អ្នក​សាងសង់​បាន​និយាយ​ថា​ អគារ​នេះ​មាន​ភាព​ធន់​នឹង​អគ្គីភ័យ​ដោយសារ​​តែ​គេ​ប្រើ​កាវ​ ដើម្បី​លាប​ឈើ​ហើយ​​វា​អាច​ឆេះ​បាន​លុះ​ត្រាតែ​អណ្តាត​ភ្លើង​ឆាប​ឆេះ​បន្ត​គ្នារយៈ​​យូរ។

នៅពេលដែល​វា​បើក​ដំណើរ​ការ​នៅ​ខែមីនា​ឆ្នាំ​២០១៩​ ​ខាង​មុខ អគារ​នេះ​នឹង​ខ្ពស់ជាង​អាគារ Treet នៅក្នុង​ប្រទេស​ន័​រវេស​ ដែល​មាន​កំពស់ ៤៩ ម៉ែត្រ ដែល​ពីមុន​វា​ធ្លាប់​ជាប់ ឯ​តទគ្គក​ម្ម​កំណត់ត្រា​ពិភព​លោក​ជា​អគារ ឈើ​ ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅលើ​ពិភព​លោក​ ដែ​ល​ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង Bergen ។

បន្ទាប់​ពី​សាងសង់​រួច​ អគារ Mjos Tower នឹង​បណ្តុំ​ដោយ​អាគារ​ស្នាក់​នៅ អាង​ហែល​ទឹក​ក្នុង​អាគារ​ សណ្ឋាគារ ការិយា​ល័យ​ និង ភោជ​នីយ​ដ្ឋាន​ជាដើម។

ដើម​ឡើយ​វា​ត្រូវបាន​គេ​សន្ម​ត់​ថា​មាន​កម្ពស់​ ៨១ ​ម៉ែត្រ ប៉ុន្តែ​នឹង​មាន​ការ​បន្ថែម​​​ដំបូល​កម្ពស់​ ៤,៤ ម៉ែត្រ​ទៀត។

ការ​បន្ថែម​នេះ​បាន​ធ្វើឲ្យ​វា​ខ្ពស់ជាង​អគារ HoHo tower ដែល​មាន​កម្ពស់ (៨៤ ម៉ែត្រ) ដែល​បច្ចុប្បន្ន​វា​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ទីក្រុង​វី​យែ​ន។

អគារ​នៅក្នុង​ប្រទេស​អូទ្រីស​នោះ​គឺ​វា​មាន​រចនា​សម្ព័ន្ធ​នៃ​បណ្តុំ​ឈើ ​ចំនួន ​​៧៦​ ភាគ​រយ និង​វត្ថុ​ផ្សេង​ៗទៀត​គឺ​មិន​ដូច​អគារ Mjos នេះ​ទេ។

គម្រោង​ដទៃ​ទៀត ​​ដែល​ត្រូវ​បាន​គេ​ស្នើ​ឡើង​រួម​មាន​គម្រោង Baobab Tower ក្នុង​ទីក្រុង​ប៉ារីស​ មាន​កម្ពស់​១២០ ម៉ែត្រ ប៉ុន្តែ​អាជ្ញា​ធរ​ក្រុង​បាន​ច្រាន​ចោល។

ទន្ទឹម​នឹង​នេះដែរ​គម្រោង​ អគារ Abebe Court Tower ក្នុង​ទីក្រុង Lagos មាន​កម្ពស់​ ៨៧ ម៉ែត្រ​ តែ​មិន​ទាន់​បាន​សាងសង់​នៅ​ឡើយ​ នេះ​បើ​យោង​តាម​អង្គការ CTBUH ដែលជា​អង្គការ​មួយ​មាន​ឯក​ទេស​ខាង​ការ​រៀប​ចំ​ទីក្រុង​ប្រកប​ដោយ​និរន្តរ​ភាព៕ AFP/NS