The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា រង​ការ​រិះគន់​ព្រោះ​សម្ដី បុរស​មិន​គួរ​ចូល​ផ្ទះបាយ

ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា រង​ការ​រិះគន់​ព្រោះ​សម្ដី បុរស​មិន​គួរ​ចូល​ផ្ទះបាយ

Content image - Phnom Penh Post
ប្ដីប្រពន្ធ​ កាញ៉េស វ៉េស និង​លោក មូសេនវេនី​។ AFP

ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា រង​ការ​រិះគន់​ព្រោះ​សម្ដី បុរស​មិន​គួរ​ចូល​ផ្ទះបាយ

ក្រុង​កំ​ប៉ា​ឡា: ប្រធានាធិបតី​អ៊ូ​ហ្គ​ង់​ដា យូ​វេរី មូ​សេន​វេ​នី រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​លោក​និយាយ​ថា ខ្លួន​មិន​ចូល​ផ្ទះបាយ​ទាល់​តែ​សោះ​តាំង​ពី​រៀបការ​រួច ហើយ​វា​មិន​មែន​ជា​កិច្ចការ​របស់​មនុស្ស​ប្រុស​ឡើយ។

លោក មូ​សេន​វេ​នី បាន​ថ្លែង កាលពី​ថ្ងៃអាទិត្យ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ក្នុងនាម​ជា​គំរូ​ដល់​អ្នក​នយោបាយ និង​មន្ដ្រី​ស៊ីវិល​គ្រប់រូប​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​តួនាទី​ខ្លួន​ថា៖ «មេ​គ្រួសារ​មិន​ដែល​ត្រូវ​ចូល​ផ្ទះបាយ​ចម្អិន​ម្ហូប​នោះ​ទេ។ ពេល​នេះ​រយៈពេល ៤៥ ឆ្នាំ ក្រោយ​ពី​ចាប់​ដៃ​ជាមួយ​លោកស្រី ម៉ាម៉ា ចាណេត ខ្ញុំ​មិន​ដែល​ឈាន​ជើង​ចូល​ផ្ទះ​បាយ​ឡើយ។ នោះ​ជា​អ្វី​ដែល​បុរសៗ​ត្រូវ​ធ្វើ»។

នាយក​ប្រតិ​ប​ត្ដិ​អន្ដរជាតិ​របស់ អុក​ហ្វា​ម អ្នកស្រី វីន​នី ប៊ីយ៉ា​នី​យី​ម៉ា បាន​ឆ្លើយតប​នឹង​ទស្សនៈ​លោក​ប្រធានា​ធិបតី​វ័យ ៧៤ ឆ្នាំ​លើ​បណ្ដាញ​សង្គម Twitter ថា អ្នក​ស្រី​ពិត​ជា​ខូចចិត្ដ​នឹង​សម្ដី​នេះ​ណាស់។

អ្នកស្រី​បានសរសេរថា៖ «ធ្វើ​បាយទឹក​មិនមែនជា​កិច្ចការ​របស់​ស្ដ្រី​នោះទេ។ វា​ជា​ជំនាញ​ជីវិត។ មនុស្ស​គ្រប់​រូប ទាំង​បុរស និង​ស្ដ្រី គួរ​តែ​ចេះ។ ពេល​ចម្អិនម្ហូប លាង​ចាន​ឆ្នាំង និង​បំពេញ​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​ដទៃ​ទៀត​ត្រូវ​បាន​ទម្លាក់​បន្ទុក​លើ​ស្ដ្រី ពួកគេ​បាត់បង់​ឱកាស​ចេញ​រក​ចំណូល ឬ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម»។

អ្នកស្រី ប៊ី​ទ្រី​ក អា​ឡា​សូ មកពី​គណបក្សប្រឆាំង Forum For Democratic Change បាន​ប្រាប់ AFP ថា៖ «លោក មូសេវេនី បាន​លាត​ត្រដាង​ខ្លួន​ឯង​ថា​ជាម​នុស្ស​ប្រភេទ​ណា ដោយ​លោក​យល់​ឃើញ​ថា មនុស្ស​ស្រី​គ្មាន​ផ្លូវ​អាច​ស្មើ​ជាមួយ​មនុស្ស​ប្រុស​ឡើយ»។

យ៉ាងណាមិញ វេ​ប​សាយ​ព័ត៌មាន Watchdog Uganda បាន​ការពារ​ទស្សនៈ​លោក មូសេវេនី ដោយ​លើក​ហេតុផល​ពី​វប្បធម៌​របស់​ប្រទេស ដែល​មាក់​ងាយ​បុរស​ពេល​ធ្វើ​កិច្ចការ​ផ្ទះបាយ៕

អត្ថបទគួរចាប់អារម្មណ៍