កំពង់ចាម: ក្ដីរំភើប​ស្រក់​ទឹកភ្នែក​នា​ពេលា​សិរី​ក្រាប​ផ្ទឹម​ស្វាមី​តាម​ប្រពៃណី​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​នារី​កំព្រា​គ្មាន​ម្ដាយ​ឪពុក​ឲ្យ​ពរជ័យ​ម្នាក់​នេះ អភ័ព្វ​ជីវិត​ថ្មី​ប្រែ​ជា​អាប់អួ​ខណៈ​ខ្លួន​ទើប​សម្រាល​កូនខ្ចី ស្វាមី​បែរ​ជា​ធ្លាក់​ខ្លួន​ឈឺ​ដុន​ដាប​ដោយ​ជំងឺ​កាច​សាហាវ។ ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់​លើក​នេះ មាន​តែ​ក្ដី​ទុក្ខ​ត្រូវ​រែក​ពុន។

ជា​កម្មការិនី​រោងចក្រ​នៅ​ក្រុង​ស្គន់ ទើប​ចូល​បម្រើ​ការងារ​រយៈពេល ៧ ខែ អ្នកស្រី វុ​ធ ស្រី​ខួច អាយុ ១៩ ឆ្នាំ បាន​និយាយ​ប្រាប់​ថា៖ «យើង​រៀបការ​បាន ២ ឆ្នាំ​រហូត​ដល់​ថ្ងៃ​នេះ។ គាត់ [ប្ដី ធឹម សិរីរិទ្ធ] ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​ជិត ១ ឆ្នាំ ហើយ​ម្ដាយ​នាំ​គាត់​ទៅ​រក​គ្រូ​ខ្មែរ គ្រូ​ចិន​សែ និង​ពេទ្យ​រហូត​ដល់​អស់​ប្រាក់ អស់​ដីកេរ»។

អារម្មណ៍​មួយ​គិតពី​កូនខ្ចី​អាយុ​ទើប ១ ខែ​កន្លះ អារម្មណ៍​មួយ​គិតពី​ស្ថានភាព​សុខភាព​ប្ដី និង​អារម្មណ៍​មួយ​ទៀត​បារម្ភ​ពី​អង្ករ​ច្រក​ឆ្នាំង ស្រី​ខួច បាន​ថ្លែង​ទាំង​ក្ដុក​ក្ដួល​ថា៖ «ខ្ញុំ​ពិបាក​ចិត្ដ​ខ្លាំង​ណាស់»។

ដោយហេតុ​ផល​ថា មានគភ៌​មុនពេល​ចូលធ្វើការ​នៅ​រោងចក្រ គ្មាន​ប្រាក់​មាតុភាព អ្នក​ម្ដាយ ដែល​នៅ​ពាក់​មួក​ចាក់​ការពារ​សរសៃ​ខ្ចី​រូប​នេះ បាន​ឲ្យ​ដឹង​ថា៖ «ពេល​មាន​កូន គេ​ឲ្យ ៣០០ ដុល្លារ តែ​ខ្ញុំ​អត់​បាន​ផង ពី​ព្រោះ​ខ្ញុំ​មាន​ផ្ទៃពោះ​មុន​ចូល ទាល់​តែ​ខ្ញុំ​ធ្វើការ​បាន ១ ឆ្នាំ ទើប ប.ប.ស ជួយ រួម​ទាំង​ការ​សម្រាក ៣ ខែ ក៏មាន​ប្រាក់​ខែ​ដែរ។ សព្វថ្ងៃ​នេះ ម្ដាយ​ក្មេក​ខ្ញុំ​លក់​ដី​គាត់​ចេញ​ថ្លៃ​ព្យាបាល និង​ចាយ​វាយ​អស់​ហើយ»។

អ្នកស្រី ឌឹ​ម អែម អាយុ ៥៣ ឆ្នាំ ជា​ម្ដាយ​លោក ធឹ​ម សិរី​រិ​ទ្ធ និង​ជា​អ្នក​ថែទាំ​កូន​ផ្ទាល់ បាន​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​កូន​ប្រុស​ថា ដំបូង​ឡើយ​លោក សិរីរិទ្ធ អាយុ ២២ ឆ្នាំ ដែល​ធ្លាប់​ធ្វើការ​ជា​ជាង​សំណង់​នៅ​ប្រទេស​ថៃ និង​ចាប់​ជំនាញ​កាត់​ដេរ​មុន​ពេល​រៀបការ​ផ្ដើម​មាន​អា​ការ​ឈឺ​ស្ពឹក​ស្រពន់​ដៃ​សង្ស័យ​បញ្ហា​កប់​សរសៃ។

គ្រួសារ​ដ៏អភ័ព្វ​រស់នៅ​ភូមិ​ព្រៃញ ឃុំ​ផ្អាវ ស្រុកបាធាយ​។ សហការី

ក្រោយពី​ទៅរក​គ្រូខ្មែរ និង​ពេទ្យ​ចិន​សែ អ្នកស្រី​បាន​ប្រាប់ថា៖ «ចុងក្រោយ​ខ្ញុំ​ទៅ​ពេទ្យ​លោក​សង្ឃ​ពី​ដំបូង​ពេទ្យ​ពិនិត្យ​ឈាម និង​ស្កេន តែ​ប្រាប់​ថា​អត់​មាន​បញ្ហា​អី​ទេ។ លើក​ទី ២ ពេល​ចោះ​សាច់​ទៅ​ពិនិត្យ​ពេទ្យ​ថា ជា​សាច់​កាច​ដំណាក់​កាល​ដំបូង ហើយ​ទាម​ទារ​វះកាត់​ដោយ​ត្រូវ​កាត់​ដៃ​ចោល​តែ​ម្ដង»។

ស្ដ្រី​មេម៉ាយ​តាំងពី​កូនប្រុស​អាយុ​ទើប ២ ឆ្នាំ រូបនេះ​បន្ដថា៖ «កូនប្រុស​ខ្ញុំ​ប្រកែក​ដោយ​ប្រាប់ថា បើជា​សាច់​កាច ទោះ​កាត់​ចោល​ក៏​ឥត​ប្រយោជន៍។ គាត់​ស៊ូស្លាប់​ទាំង​រាង​កាយ​នៅ​ពេញ​លក្ខណៈ​ចុះ»។

ក្រោយ​ចេញពី​មន្ទីរពេទ្យ ពេលនេះ អាកា​រលោក សិរី​រិ​ទ្ធ កាន់តែ​ដុនដាប ស្មា​ខាង​ឆ្វេង​រីក​ធំ​ឡើងៗ​រហូត​ក្រោក​ដើរ​អង្គុយ​លែង​រួច ដែល​ទាមទារ​ឲ្យ​មាន​អ្នក​ថែទាំ​ជា​ប្រចាំ។ រីឯ​ភរិយា​នៅ​សរសៃ​ខ្ចី ស្ទើរ​តែ​គ្មាន​ទឹក​ដោះ​បំបៅ​កូន​ដោយសារ​ពិបាក​ចិត្ដ​ពេក និង​គ្មាន​ជីវជាតិ​អាហារ​បំប៉ន។

អាស្រ័យ​ក្ដី​សប្បុរស​ពី​បងប្អូន​សាច់ញាតិ​ទាំង​ក្នុង និង​ក្រៅ​ស្រុក អ្នកស្រី អែម បាន​ពោល​ថា៖ «អរគុណ​ខ្លាំង​ណាស់! បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ផ្ញើ​ជំនួយ​ពី ២ ម៉ឺន​រៀល​តាម​វីង រហូត​ដល់ ៥០ ឬ ១០០ ដុល្លារ​ពី​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ស្រុក ហើយ​សប្បុរស​ជន​ខ្លះ​ទៀត ក៏បាន​យក​ជំនួយ​ដល់​ផ្ទះ»។

ក្រុមគ្រួសារ​លោក ធឹ​ម សិរី​រិ​ទ្ធ ដ៏​អភ័ព្វ រស់នៅក្នុង​ភូមិ​ព្រៃញ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ដ​កំពង់ចាម ទាក់​ទង​តាម​ទូរស័ព្ទ​លេខ ០៨៦ ៤៥ ៥៥ ១៨៕