ក្រុងប៉ារីស : រាងកាយ​គូរ​ក្រវេមក្រវាម​ឆ្នូត​ពណ៌​ស​តាម​ប្រពៃណី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​កាត់បន្ថយ​អត្រា​សត្វល្អិត​របោម​ខាំ​រហូត​ដល់ ១០ ដង​។

កុលសម្ព័ន្ធ​តំបន់​អាហ្វ្រិក អូស្ដ្រាលី និង​អាស៊ីអាគ្នេយ៍​បាន​គូរ​ឆ្នូត​សេះបង្កង់​លើ​ខ្លួន ដោយ​លាយ​ល្បាយ​ដីឥដ្ឋ ដីស ផេះ និង​អាចម៍គោ ថ្នាំ​ពណ៌​ស ឬ ប្រផេះ ដើម្បី​ជួយ​ដល់​រាងកាយ​ទប់ទល់​កម្ដៅ​ក្នុង​តំបន់​ភ្លើង​ឆេះ​ព្រៃ និង​សីតុណ្ហភាព​នៅ​វាល​ល្ហល្ហេវ​។

ប៉ុន្ដែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ពេល​នេះ​ជឿ​ហើយ​ថា ប្រពៃណី​រំលេច​ពណ៌​សេះបង្កង់​លើ​រាងកាយ​កាត់បន្ថយ​សត្វល្អិត​ទិច ឬ​ខាំ​ដែល​រមែង​មក​ញាំញី​រាងកាយ​អាក្រាត​របស់​ក្រុម​កុលសម្ព័ន្ធ​រស់នៅ​តាម​បែប​ធម្មជាតិ​។

ការពិសោធ​លើ​សត្វ​ក៏​រកឃើញ​ថា​សេះបង្កង់​ត្រូវ​សត្វល្អិត​ខាំ​តិច​ជាង​សត្វ​ដទៃ​។

គេ​ស្គាល់​ថា​សេះបង្កង់​រង​នូវ​ការ​ខាំ ឬ​ទិច​ពី​សត្វល្អិត​តិច​ជាង​ពពួកសត្វ​ដទៃ​ដោយសារ​រោម​ប្រផេះ​របស់​វា​។ ដូច្នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្រេច​តាមដាន​មើល​ថា តើ​ឆ្នូត​ពណ៌​ស​លើ​រាងកាយ​មនុស្ស​ក៏​មាន​ប្រសិទ្ធភាព​ស្រដៀង​គ្នា​នេះ​ដែរ​ឬ​យ៉ាងណា​?

ពួកគេ​បាន​ប្រើ​ម៉ាណឺកាំង​ក្នុង​ហាង​ចំនួន ៣ ដោយ​មួយ​មាន​សម្បុរ​ខ្មៅ​មួយ​សម្បុរ​ស​ជ្រះ និង​មួយ​ទៀត​ដែល​មាន​សម្បុរ​ខ្មៅ​ឆ្នូត​ស​។ ម៉ាណឺកាំង​នីមួយៗ​ត្រូវ​បាន​ពាក់​ស្រោប​កាវ​ស្អិត​ស្ដើងៗ ដើម្បី​ចាប់​សត្វល្អិត​។

ក្រោយមក​ពួកគេ​បាន​ដាក់​វា​នៅ​កណ្ដាល​វាលស្មៅ ៨ សប្ដាហ៍​ក្នុង​រដូវក្ដៅ​រួច​ចាប់​រាប់​សត្វ​របោម និង​សត្វល្អិត​ខាំ​ដទៃ​ទៀត​លើ​ខ្លួន​ម៉ាណឺកាំង​។ លទ្ធផល​បាន​បង្ហាញ​ថា ម៉ាណឺកាំង​សម្បុរ​ខ្មៅ​មាន​ភាព​ទាក់ទាញ​របោម ១០ ដង​ជាង​ម៉ាណឺកាំង​ពណ៌​ឆ្នូត និង​លើស​ ២ ​ដង​នៃ​ម៉ាណឺកាំង ស​។

ការសិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង Royal Society Open Science ថា ពណ៌​ឆ្នូត​បង្កើត​ជា​ចំណាំង​ប្លាត​លើ​រាងកាយ​មនុស្ស​ធ្វើឲ្យ​សត្វល្អិត​មិន​សូវ​ចាប់អារម្មណ៍​៕ HR