ក្រុងអូស្លូ៖ ក្នុង​ហេតុ​ការណ៍​ព្យុះ​ព្រឹល​ទឹកក​មួយ​នៅ​លើ​បឹង​នៃ​ទន្លេ​វីស្ទូឡា ក្បែរ​ឆ្នេរ​បាល់ទិក នៃ​ប្រទេស​ប៉ូឡូញ កសិករ​វិសេស​ម្នាក់​កំពុង​ច្រូត​កាត់​ស្មៅ​ត្រែង​សម្រាប់​នាំ​ចេញ​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ដើម្បី​ផលិត​ជា​ដំបូល​ត្រែង​​ចីរភាព និង​បែប​ប្រពៃណី។

លោក រិសហ្សាដ ហ្សាហ្គាល់ស្គី ជា​ម្ចាស់​កសិដ្ឋាន​ស្មៅ​ត្រែង​ស្ថិត​នៅ​ភាគ​ខាង​ជើង​ភូមិ​ចាហ្គូដណូ ក្បែរ​ទីក្រុង​អេល់ប្លេក​ បាន​និយាយថា​៖ ​«​យើង​បាន​បន្ដ​ប្រពៃណី​ផលិត​ដំបូល​ត្រែង​តាំងពី​សម័យ​ដើមម​ក​»។

លោកបាន​ប្រាប់ AFP ថា​៖ «​ពេលណា​យើង​មាន​ទឹក​ និង​វាល​ត្រែង រុក្ខជាតិ​ស្មៅ​ទាំង​នេះ ប្រាកដ​ជា​ត្រូវបាន​ប្រើ​ជា​ដំបូល​ផ្ទះ ពីព្រោះ​វា​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​ថោក។ ប៉ុន្ដែអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ វា​ត្រូវបាន​បំភ្លេច។ ការងារ​អ្នក​ប្រក់​ដំបូល​ត្រែង​ក៏​លែង​មាន​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​»។

ប៉ុន្ដែ​មិនត្រឹម​តែ​ត្រែង​នោះទេ ដែល​អាច​ត្រូវបាន​ប្រើ​សម្រាប់​ដំបូល​បាំង​កម្ដៅ​ថ្ងៃតាម​បែប​ធម្មជាតិ វា​ក៏​មាន​រយៈ​ពេល​យូរ​ផង​ដែរ។

លោក ហ្សាហ្គាល់ស្គី បាន​និយាយថា​៖ «​ខ្ញុំ​បាន​ឃើញ​ដំបូល​ប្រក់​ត្រែង​ ជា​ប្រពៃណី​ជិត​មួយ​សតវត្សរ៍​នេះ​នៅ​ស៊ុយអែត។ បើ​ចេះ​ប្រើ​ត្រែង​ត្រឹម​ត្រូវ ក្នុង​កាលៈទេសៈ​ធម្មតា ដំបូល​ត្រែង​គួរតែ​មាន​អាយុកាល​ជាង ៥០​ឆ្នាំ​ ដរាប​ណា​ចេះថែទាំ​ជា​ប្រចាំ​»។

មុន​ពេល​ត្រែង​ត្រូវ​បាន​យក​មក​ប្រើ​ជា​ដំបូល​ផ្ទះ ត្រែង​ត្រូវ​តែ​មានអាយុ​ចាប់ពី​មួយ​ឆ្នាំ ដើម​ត្រង់​ និង​ស្ដើង។ ការ​ច្រូត​កាត់​ត្រែង​ត្រូវ​ការ​មនុស្ស ៣​នាក់​ លើ​ផ្ទៃ​ដី​ជា​ច្រើន​គីឡូម៉ែត្រ​នៅ​ត្រើយ​ម្ខាង​នៃ​បឹង​ទន្លេ​វីស្ទូឡា។

កម្មករ​ម្នាក់​ជា​អ្នក​បើកបរ ម្នាក់​ជា​អ្នក​ប្រមូល​កណ្ដាប់​ត្រែង ខណៈ​អ្នក​ទីបី​ជា​អ្នក​លី​ឡើង។ ពេល​ទៅដល់​ឃ្លាំង​ស្ដុក ត្រែង​ត្រូវបាន​បែង​ចែក​ និង​ដឹក​ជញ្ជូន​ឱ្យ​អតិថិជន។

មិន​ខុស​ពី​ផ្នែក​ផ្សេង​ៗ ឧស្សាហកម្ម​ត្រែង​ត្រូវ​បាន​ចាត់​ទុក​ជា​ជំនួញ​ប្រកួត​ប្រជែង​ពី​ទីផ្សារ​ប្រទេស​ចិន។

លោក ហ្សាហ្គាល់ស្គី បាន​ឱ្យ​ដឹងថា​៖ «​កាល​មុន​ជា​វេលា​នៅពេល​ដែល​ត្រែង​ចិន​គ្រប់​គ្រង​ទីផ្សារ​ និង​បាន​បំផ្លាញ​ទីផ្សារ​អឺរ៉ុប។ មិត្ដភក្ដិរួម​ជំនួញ​របស់​​ខ្ញុំ​ខ្លះ​មិន​អាច​ស៊ូ​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ​ឡើយ​»។

បច្ចុប្បន្ន មាន​កសិដ្ឋានត្រែង​របស់​ ១០ នៅ​ក្នុង​ប្រទេស​ប៉ូឡូញ។ ក្រៅពី​អាយុ​កាល​ប្រើ​ប្រាស់​យូរ ត្រែង​ជា​សម្ភារ​ស្ទួយ​បរិស្ថាន​ និង​រលាយ​ ១០០ ភាគរយ។

លោក ហ្សាហ្គាល់ស្គី បាន​អះអាងថា​៖ «​ពេល​ណា​ត្រែង​ត្រូវបាន​រុះ​រើ​ចេញ​ពី​ដំបូល​ផ្ទះ អ្វីដែល​យើង​ត្រូវ​ធ្វើ​គឺ​យក​វា​ទៅ​កប់​ក្នុង​ដី​ និង​ដាំ​ដុះ​ជា​ថ្មី។ ខ្ញុំ​មិន​គិត​ថា វា​មធ្យោបាយ​ណា​អាច​​ប្រើ​ប្រាស់សម្ភារ​ដំបូល​ផ្ទះ​​ឡើង​វិញ​នោះទេ ដូច​សម្ភារ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ ដែល​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​»៕ AFP/HR