ក្រុងយ៉ូកូហាម៉ា: លោក ម៉ាសាហ៊្សុមិ កាតុ បានដកដង្ហើមធំវែង ពេលលោកបន្ទាបខ្លួនចុះត្រាំទឹកក្នុងអគារងូតទឹកសាធារណៈមួយនៅជាយក្រុងតូក្យូ ដែលរីករាយនឹងការវិលទៅកាន់កន្លែងបែបប្រពៃណី ដែលធ្លាប់ត្រូវបានបិទដោយសារតែកូរ៉ូណា។
ដោយការដកបម្រាមរដ្ឋក្នុងគ្រាអាសន្នទូទៅទាំងប្រទេសព្រោះតែវីរុសកូរ៉ូណា កន្លែងត្រាំទឹក អនសេន (onsen) របស់ជប៉ុន ឬអគារធំសម្រាប់អ្នកនិយមងូតទឹកស្រាតក្នុងទឹកអាងក្ដៅឧណ្ឌៗគ្រប់កម្រិត កំពុងបើកដំណើរការឡើងវិញបណ្ដើរៗ។
ក្រុមអ្នកគាំទ្រ ដូចជា លោក កាតុ អាយុ ៥២ ឆ្នាំ នៅអល់អែកអំពីការវិលត្រឡប់មកប្រក្រតីភាពវិញ។
លោកបានប្រាប់ទីភ្នាក់ងារ AFP ខណៈត្រាំទឹកអាងតូចជាមួយបុរសអាក្រាតកាយផ្សេងទៀតក្នុងអាងទឹកជាច្រើនដូចរន្ធបាយខុមឯហាងយូម៉ូមីណូសាតុ ក្រុងយ៉ូកូហាមា ក្រៅក្រុងតូក្យូថា៖ «ខ្ញុំគិតថា ពួកគេមានវិធានការប្រឆាំងនឹងវីរុសមិនខាន ដូចជា ការប្រើថ្នាំក្លូរីនជាដើម»។
ហាងយូម៉ូមីណូសាតុ ជាអគារងូតទឹកកម្ពស់ ៥ ជាន់គឺជាកន្លែងផ្ដល់សេវាកម្មងូតតាមបែបប្រពៃណី ដែលជប៉ុនហៅថា អនសេន ដ៏ល្បីល្បាញប្រចាំប្រទេសនេះ។
មុនពេលជួបវិបត្ដកូវីដ-១៩ ទីឋាននេះ រមែងបើកទ្វារទទួលភ្ញៀវប្រមាណ ១ ពាន់នាក់ក្នុងមួយថ្ងៃ។
ក្រុមអ្នកជំនាញជំងឺឆ្លងជប៉ុន មិនបានបង្អាក់ការប្រើប្រាស់ការងូតទឹករួមក្នុងអាងតែមួយឡើយ ទោះបីជាពួកគេបានសង្កត់ធ្ងន់ថា អាជីវករ និងអតិថិជនត្រូវអនុវត្ដអនាម័យ និងរក្សាគម្លាតសុវត្ថិភាព។
អតិថិជន ៥០០ នាក់បានមកងូតទឹកនៅថ្ងៃបើកទ្វារដំបូង។
ពួកគេត្រូវបានស្នើឲ្យបន្ថែមកង្ហាបឺតខ្យល់ រក្សាគម្លាតសុវត្ថិភាពបុគ្គល និងជូតសម្អាតបរិវេណដែលមានមនុស្សកាន់ រួមទាំង ទូរដាក់ខោអាវ និងដៃទ្វារជាដើម។
នៅហាងងូតទឹក យូម៉ូមីណូសាតុ ពេលនេះ អតិថិជនត្រូវវាស់កម្ដៅមុនពេលចូល និងស្នើឲ្យរក្សាគម្លាតទាំងចូល និងនៅក្រៅបរិវេណអាងទឹក។
ពួកគេក៏ត្រូវបានស្នើឲ្យពាក់ម៉ាសនៅខាងក្រៅបរិវេណងូតទឹក និងប្រើអាកុលលាងដៃជាប់ជាប្រចាំក្នុងបរិវេណអគារ។
នោះគ្រាន់តែជាអ្វីដែលអ្នកជំនួញ យូរ សាសាគិ កំពុងធ្វើពេលលោកអង្គុយក្នុងអាងទឹកតូច ដោយបង្ហាញនូវការរីករាយដើមរដូវក្ដៅ និងខ្យល់រភើយតិចៗ។
បុរសអាយុ ៥០ ឆ្នាំ បាននិយាយអំឡុងពេលត្រាំទឹក ខណៈភ្នែករំពៃមើលអេក្រង់ទូរទស្សន៍ថា៖ «អារម្មណ៍ល្អ និងស្រួលខ្លួន។ នេះជាផ្នែកមួយនៃជីវិត។ ខ្ញុំមិនគិតថា យើងមិនគួរឃ្លាតឆ្ងាយពីអាងទឹកទាំងនេះទេ»។
បុរសជប៉ុនរូបនេះបញ្ជាក់ថា៖ «ប្រពៃណីត្រាំទឹកនេះ វាមានន័យណាស់សម្រាប់ខ្ញុំ ហើយវាមានន័យសម្រាប់ជនជាតិជប៉ុនទាំងអស់»៕ AFP/HR