The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រពៃណី​ងូត​ភក់​រំដោះគ្រោះ​ឯ​កោះ​បាលី​រស់រាន​ឡើង​វិញ ក្រោយ​ផ្អាក​អស់​ ៦០ ​ឆ្នាំ

ប្រពៃណី​ងូត​ភក់​រំដោះគ្រោះ​ឯ​កោះ​បាលី​រស់រាន​ឡើង​វិញ ក្រោយ​ផ្អាក​អស់​ ៦០ ​ឆ្នាំ

Content image - Phnom Penh Post
ក្រោយពី​ងូត​ភក់​រួច​ពួកគេ​នាំគ្នា​ដើរ​សំដៅ​ទៅ​ជម្រះ​កាយ​នៅ​ឆ្នេរសមុទ្រ​។ រូបថត AFP

ប្រពៃណី​ងូត​ភក់​រំដោះគ្រោះ​ឯ​កោះ​បាលី​រស់រាន​ឡើង​វិញ ក្រោយ​ផ្អាក​អស់​ ៦០ ​ឆ្នាំ

ក្រុងដេនប៉ាសា: ១ ​ថ្ងៃ​ក្រោយពី​ដែន​កោះ​ទេសចរណ៍​បាលី​ដ៏ល្បីល្បាញ​នៅ​ឥណ្ឌូនេស៊ី​ប្រែ​ជា​ស្ងាត់ជ្រងំ​ពេញ​ ១ ​ថ្ងៃ ដើម្បី​ប្រារព្ធ​ទិវា «​ទិវាស្ងប់ស្ងាត់​» នៅ​ថ្ងៃ​បន្ទាប់​ស្រាប់តែ​មនុស្ស​រាប់រយ​នាក់​ដង្ហែ​គ្នា​ធ្វើ​ពិធី​ងូត​ភក់​ជម្រះ​កាយ​ឡើងវិញ ក្រោយពី​ប្រពៃណី​នេះ​ត្រូវ​បាន​ផ្អាក​ប្រារព្ធ​អស់ ៦០ ​ឆ្នាំ​កន្លង​មក​។

ពិធី​ងូតភក់​ដែល​អ្នកភូមិ​ហៅថា មេប៊ុង ប៊ុងហ្គាន (Mebuug-buugan) ត្រូវបាន​ប្រារព្ធ​ឡើង​តាម​ជំនឿ​បែប​ប្រពៃណី​ថា វា​នឹង​លាងជម្រះ​នូវ​គ្រោះអាក្រក់​នានា​។ មនុស្ស​ប្រុស​ស្រី និង​កុមារ​នាំ​គ្នា​ស្លៀក​សារុង និង​ជួតក្បាល​រួច​នាំ​គ្នា​ក្បង់​ភក់​ខាប់ៗ​រួច​យក​មក​ពាស​លើ​មុខ និង​ខ្លួនប្រាណ​នៅ​តំបន់​ព្រៃកោងកាង ស្ថិត​ក្នុង​ភូមិ កេដុងហ្គាណាន ជាយក្រុង​ដេនប៉ាសា​កាលពី​ចុង​សប្ដាហ៍​។

Content image - Phnom Penh Post
អ្នកភូមិ​ក្មេង​ចាស់ ប្រុស​ស្រី ដើរ​ជា​ជួរ​ទៅ​តំបន់​ភក់​ព្រៃកោងកាង​។ រូបថត AFP

ពិធីបុណ្យ​ងូត​ភក់​រំដោះ​គ្រោះភ័យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយពី​អ្នក​កោះបាលី​កាន់​សាសនា​ហិណ្ឌូ អ្នក​មិនមែន​ហិណ្ឌូ​សាសនិក​ព្រម​ទាំង​ភ្ញៀវទេសចរ​នាំ​គ្នា​សំងំ​នៅ​ក្នុង​ផ្ទះ​ស្មិងស្មាធិ៍ ពិចារណា​លើ​ទង្វើ​របស់​ខ្លួន​។ សូម្បី​តែ​ជើង​ហោះហើរ អគ្គិសនី និង​អ៊ីនធើណិត​ក៏​ត្រូវ​បាន​ផ្ដាច់​ផងដែរ​។ នៅ​ថ្ងៃ​បន្ទាប់​ចូល​មក​ដល់​ពិធីបុណ្យ​ងូត​ភក់​កាលពី​ចុង​សប្ដាហ៍ អ្នកចូលរួម​កាលពី​អតីតកាល​សុទ្ធតែ​អាក្រាតកាយ​។ ចាប់ពី​ពាក់​កណ្ដាល​សតវត្សរ៍​ទី​ ២០ មក​ប្រជាជន​ចាប់ផ្ដើម​បិទបាំង​ប្រាណ និង​កេរ្តិ៍ខ្មាស​។

ពិធីបុណ្យ​ងូតភក់​នេះ​ត្រូវ​បាន​ផ្អាក​អស់ ៦ ​ទសវត្សរ៍​នឹង​ទើប​តែ​ត្រូវ​បាន​ប្រារព្ធ​ឡើងវិញ​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

នៅពេល​ដែល​ពួកគេ​យក​ភក់​មក​ប៉ាត​មុខមាត់​ខ្លួនប្រាណ អ្នកចូលរួម​នាំ​គ្នា​បួងសួង​សុំ​សេចក្ដីសុខ និង​សំណាង​ល្អ​មុន​នឹង​នាំគ្នា​ដើរ​ជា​ក្បួន​សំដៅ​ទៅ​ជម្រះ​កាយ​នៅ​ឆ្នេរសមុទ្រ​ក្បែរ​នោះ​ជា​កិច្ចបង្ហើយ​៕

អត្ថបទគួរចាប់អារម្មណ៍