ក្រុង​រ៉ាស អាល់ ខាយម៉ាស៖ មុន​ពេល​ក្លាយជា​អាណាចក្រ​ប្រេង ដ៏​ស្ដុកសម្ភ​ក្នុង​ពិភព​លោក ប្រទេស ​អេមីរ៉ាត​អារ៉ាប់រួម ធ្លាប់​អាស្រ័យ​ផល​ពី​ប្រពៃណី​ប្រមាញ់​គជ់​ដ៏​រស់រវើក។

បច្ចុប្បន្ន​ទោះបី​ជា​ការ​ជ្រមុជ​ទឹក​រាវ​រក​​គជ់​ធម្មជាតិ​ លែង​ជា​រឿង​ចាំបាច់​​នៅ​យុគសម័យ​ដែល​​មាន​ការ​ចិញ្ចឹម​គ្រំ​ដើម្បី​ប្រមូល​ផល​យក​គ្រាប់​​គជ់​ លោក អាប់ឌុលឡាស់ អាល់ ស៊ូវ៉ាយឌី នៅ​តែ​បន្ត​ការងារ​​ប្រពៃណី​ប្រចាំ​គ្រួសារ​​លោក ក្នុង​នាម​ជា​អ្នក​ស្នង​កេរដំណែល​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ អេមីរ៉ាត​អារ៉ាប់រួម។

អ្នក​ប្រមាញ់​គជ់​ធម្មជាតិ វ័យ ៤៥ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​រស់នៅ​ជាមួយ​ជីតា និង​ធំធាត់​ជាមួយ​ប្រពៃណី​ជ្រមុជ​ទឹក​រាវ​គ្រំ រក​គ្រាប់​គជ់ ព្រោះ​ខ្ញុំ​ចូលចិត្ត​​ការ​ផ្សងព្រេង»។

គ្រាប់គជ់​ត្រូវ​បានផ្ដល់​តម្លៃ​តាម​ពណ៌ សណ្ឋាន​រលោង និង​ពន្លឺ​ប្រដេញ​​​។ រូបថត AFP

ការ​​ប្រមាញ់​​គជ់​​ធ្លាប់​រួម​ចំណែក​​ធំ​ដល់​សេដ្ឋកិច្ច​ប្រទេស ​អេមីរ៉ាត​ ប៉ុន្តែ​​ឧស្សាហកម្មកម្ម​នេះ​បាន​ដួល​រលំ​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ក្រោយ​ពី​​កសិដ្ឋាន​ចិញ្ចឹម​គ្រំ​យក​គជ់​​​​​នៅ​ជប៉ុន​រីក​ចម្រើន​ ស្រប​នឹង​​វិបត្តិ​ជម្លោះ​មហាអំណាច​ក្នុង​ពិភព​លោក​។

ចំណោម​គ្រំ​ដែល​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​ទ្រុង​ប៉ប្រះ​ទឹក ៦០ ភាគរយ ​មាន​ផ្ទុក​គ្រាប់​គជ់ ខណៈ​​​ការ​ប្រមាញ់​គ្រំ​ធម្មជាតិ​រក​គ្រាប់​គជ់​ពិត​ជា​កម្រ ដោយ​​ក្នុង​ចំណោម​គ្រំ ១០០ ក្បាល មាន​តែ ​១ ​​ទេ​ដែល​ផ្ទុក​គ្រាប់​​គជ់​។

សព្វ​ថ្ងៃ​នេះ​មិន​មាន​អ្នក​ណា​ប្រកប​របរ​ជ្រមុជ​ទឹក​រក​គ្រាប់​គជ់​មក​ជួញ​ដូរ​លក់​ទៀត​ទេ ក្រៅ​ពី​​មនុស្ស​មួយ​ក្រុម​តូច​ដូច​ជា​លោក ស៊ូវ៉ាយឌី ដោយ​លោក​អះអាង​ថា ការ​ធ្វើ​នេះ​គឺ​ចេញ​ពី​​ក្ដី​ស្រឡាញ់ និង​ចេតនា​ចង់​បង្ហាញ​ភ្ញៀវ​ទេសចរ​ពី​ប្រពៃណី​​ប្រមាញ់​គជ់​របស់​ពលរដ្ឋ​​​អេមីរ៉ាត​ពី​អតីតកាល។

ទោះ​ជា​លោក​ដាក់​លក់​គជ់​ដែល​ប្រមាញ់​បាន​ទៅ​ឲ្យ​អ្នក​ច្នៃ​អលង្ការ​ក្នុង និង​​ក្រៅ​ស្រុក​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ជ្រមុជ​ទឹក​តជំនាន់​រូប​នេះ បាន​អះអាង​ថា ​លោក​ធ្វើ​កិច្ចការ​នេះ​មិន​មែន​ដើម្បី​ប្រាក់​តែ​មួយ​មុខ​នោះ​ទេ។

គ្រាប់​គជ់​ត្រូវ​បាន​ផ្ដល់​តម្លៃ​ទៅ​តាម​ទំហំ រូបរាង និង​ពណ៌​របស់​វា​មាន​តាំង​ពី​ស ពណ៌​ប្រផេះ លឿង ខៀវ ស្វាយ ភាព​រលោង​ និង​គុណភាព​នៃ​ការ​ប្រដេញ​ពណ៌​របស់​វា។

យោង​តាម​លោក ស៊ូវ៉ាយឌី គជ់​​របស់​លោក​អាច​មាន​តម្លៃ​ចន្លោះពី ២០០ ដល់ ៥០ ម៉ឺន​ដឺហាម (៥៥ ដល់ ១៣ ៦១២ ដុល្លារ​អាមេរិក)។ គជ់​រាង​មូល​ទំនង​ជា​លក់​បាន​ថ្លៃ​ជាង​គេ ប៉ុន្តែ​រាង​ផ្លែ​សារីរាង​ពងក្រពើ និង​រាង​ប្លែកៗ​ដទៃ​ទៀត ក៏​ទទួល​បាន​ការ​ពេញ​និយម​ណាស់​ដែរ។

លោក ស៊ូវ៉ាយឌី ជ្រមុជទឹក​ស្រង់​គ្រំ​ដើម្បីខ្វេះ​យក​គ្រាប់គជ់​​​។ រូបថត AFP

អ្នក​ជ្រមុជ​ទឹក​រាវគ្រំ​រក​គជ់​ធម្មជាតិ​​រូប​នេះ​សង្ឃឹម​ថា លោក​នឹង​បន្ត​ធ្វើឲ្យ​ប្រពៃណី​រាវ​​គជ់​​រស់រវើក​តាមរយៈ​ការ​ផ្សព្វផ្សាយ​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​​កសិដ្ឋាន​លោក​។

លោក​បាន​និយាយ​ថា៖ «ពេល​ភ្ញៀវ​មក​លេង​ប្រទេស​យើង​ពួក​គេ​ចង់​ឃើញ​អ្វី​ដែល​​ពិសេស អ្វី​ដែល​កន្លែង​ដទៃ​ទៀត​គ្មាន។ ការ​ជ្រមុជ​ទឹក​រក​គជ់ ​គឺ​ជា​វប្បធម៌​ដ៏​ទាក់ទាញ​ពី​ដូនតា​យើង ហើយ​វា​ក៏​ប៉ះពាល់​តិច​តួច​បំផុត​​​ដល់​បរិស្ថាន​ធម្មជាតិ​ដែរ»។

លោក ស៊ូវ៉ាយឌី បន្លឺ​ឡើង​ថា៖ «នេះ​មើល​នែ! យើង​អាច​ជ្រមុជ​ចូលទឹក​ និង​ហើប​ចេញ​ពី​ទឹក​​យ៉ាង​ស្ងប់ស្ងាត់​បំផុត អត់​មាន​អ្វី​រំខាន​ដល់​សត្វ​អូដ្ឋ និង​បក្សី​ហ្វ្លេមីងហ្គោ នៅ​ក្បែរ​យើង​ឡើយ»៕ AFP/HR