កោះបាលី៖ ​​ជា​ច្រើន​សតវត្សរ៍​ ​អ្នក​ភូមិ​​ទ្រុនយ៉ាន់​នៃ​កោះ​បាលី មាន​ប្រពៃណី​​​ទុក​​សព​មនុស្ស​ឲ្យ​​​រលួយ​ចោល​​នៅ​ទី​វាល ​ដោយ​​ការ​ព័ទ្ធ​របង​ឫស្សី​រហូត​ដល់​សល់​តែ​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ​។

វា​ជា​ទំនៀម​ទម្លាប់​​​ដែល​ពួក​គេ​មិន​បោះបង់​ ​ទោះ​ការ​រាត​ត្បាត​ កូវីដ ​១៩​ បាន​ជំរុញ​ឲ្យ​ពិភព​លោក​ធ្វើ​ការ​បញ្ចុះ​សព​ ដោយ​​មេ​ដឹកនាំ​សាសនា​​ត្រូវ​តែ​ពាក់​របាំង​​​ការពារ​ អ្នក​កប់​សព​​ពាក់​ឈុត​ការពារ​ ហើយ​សាច់​ញាតិ​​មិន​អាច​មក​ទួញសោក ឬ​ឱប​លោង​លោម​គ្នា​​ឡើយ​​ ដោយសារ​តែ​​ខុស​គោល​ការណ៍​​​រក្សា​គម្លាត​​សង្គម​។

ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី​​​ អ្នក​រៀបចំ​បុណ្យ​សព​ត្រូវ​​ពាក់​ឧបករណ៍​ការពារ ​ហើយ​សាកសព​​ត្រូវ​​បញ្ចុះ​ភ្លាម​ៗ​​ ​បំណង​ទប់ស្កាត់​​ការ​រីក​រាលដាល​នៃ​ជំងឺ​​ផ្លូវ​ដង្ហើម​ពី​​សព​។

ប៉ុន្តែ​នៅ​កោះ​បាលី​ មន្ត្រី​មូលដ្ឋាន​​​អះអាង​ថា​ វីរុស​កូរ៉ូណា​ដែល​​ឆ្លង​ដល់​មនុស្ស​ជាង​​​ ៨ លាន​នាក់ ​និង​​ឆក់​យក​ជីវិត​ជាង​ ៤៣​ ម៉ឺន​នាក់​​ទូទាំង​ពិភព​​លោក ​មិន​ទាន់​រាត​ត្បាត​ទៅ​ដល់​​តំបន់​ដាច់​ស្រយាល​ភាគ​ឦសាន​ភូមិ​ទ្រុនយ៉ាន់​ឡើយ​។ ​​

មេភូមិ​​ វេយ៉ាន់ អាជួណា​ ​បក​ស្រាយ​ថា៖​ «ពិធី​បុណ្យ​សព​នៅ​​ដំណើរការ​ដូច​ដើម​ គ្រាន់​តែ​​យើង​ត្រូវ​​​ពាក់​ម៉ាស់​»។

លោក​និយាយ​ថា​ ទេសចរ​ត្រូវ​បាន​ហាម​ឃាត់​បណ្ដោះ​អាសន្ន​ដោយ​មិន​អនុញ្ញាត​ឲ្យ​ទស្សនា​ភូមិ​បោះបង់​សព​នោះ​ពីព្រោះ​​ខ្លាច​ឆ្លង​រោគ​។ លោក​បាន​បន្ដ​ថា​៖ «​​​យើង​​ភ័យ​ខ្លាច​​កូវីដ ១៩ តែ​យើង​មិន​តម្រូវ​ឲ្យ​បញ្ឈប់​ប្រពៃណី​រក្សា​ទុក​សព​នៅ​ហាល​វាល​ឡើយ»​។ ​

ទិដ្ឋភាព​ប្រាសាទ​កោះបាលី មាត់​បឹង​បាទ័រ ក្បែរ​ភូមិឋាន​បោះសព​ទ្រុនយ៉ាន់​។ រូបថត AFP

មិន​ដូច​ប្រជាជន​ភាគ​ច្រើន​​​ដែល​ប្រណិប័តន៍​សាសនា​​ព្រាហ្ម​​ ​អ្នក​ភូមិ​​ទ្រុនយ៉ាន់ ​មាន​ជំនឿ​លើ​វិញ្ញាណ​ និង​ប្រពៃណី​ទំនៀម​ទម្លាប់​​​ភូមិ​​ ដោយ​​គោរព​តាម​បែបផែន​ព្រហ្មញ្ញ​​សាសនា​ផ្សេង​ ដោយ​មិន​បញ្ចុះ​​សព ​ឬ​បូជា​​​សព​​ឡើយ​។

ផ្ទុយ​ទៅ​វិញ​ ពួក​គេ​ដាក់​សាកសព​ឲ្យ​ស្អុយ​រលួយ​តាម​ធម្មជាតិ ​ដោយ​មាន​ជំនឿ​ថា ​វា​ជា​វិធី​​រក្សា​ទំនាក់​ទំនង​នឹង​អ្នក​ស្លាប់​។

មេភូមិ​​​​បញ្ជាក់​ថា៖​ ​«វា​ធ្វើ​​ឲ្យ​យើង​មាន​អារម្មណ៍​ថា​បាន​​ផ្សារ​ភ្ជាប់​ជាមួយ​​អ្នក​ជា​ទី​ស្រឡាញ់។ ជាក់​ស្ដែង​ ​​ពេល​យាយ​​ខ្ញុំ​ចែក​ឋាន​ទៅ​​ ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​នៅ​​ជិត​ខ្ញុំ​រហូត»។

ទីឋាន​បោះ​ចោល​សព​នៅ​មិន​​ឆ្ងាយ​​ប៉ុន្មាន​ពី​ភូមិ​ ដែល​អាច​​មើល​ឃើញ​នូវ​​ភ្នំ​ភ្លើង​បាទ័រ ​និង​ព្រះវិហារ​​ព្រាហ្ម​​​មាន​ចម្លាក់​​ផុស​​​ថ្ម​ភ្នំ​ភ្លើង​។ អ្នក​ស្រុក​បាន​និយាយ​​ថា​ មាន​របង​ឫស្សី​ហ៊ុម​ព័ទ្ធ​​កន្លែង​ទុក​សព​​​ចំនួន​ ១១​ ​នៅ​ជិត​ដើម​ពោធិ​ធំ​មួយ​ ​​ភាយ​ក្លិន​ក្រអូប​កាត់​ក្លិន​អាសោច​។ ​

ទេសចរបរទេស​មក​ទស្សនា​កន្លែង​ទុកសព​ពេលកន្លង​មក​​​។ រូបថត AFP

នៅ​ក្នុង​របង​មួយ​ ​សព​​ស្ត្រី​ម្នាក់​ទើប​​​ស្លាប់​ថ្មីៗ ធ្វើ​ឲ្យ​​គេ​​ច្រឡំ​​ស្មាន​ថា​កំពុង​​ដេក​ ​​ប៉ុន្តែ​សម្បុរ​ជាំ​ស្រអាប់​ហៀប​រលួយ​បាន​បញ្ជាក់​ច្បាស់​។ ​

នៅ​ក្បែរ​នោះ​ ​​​សព​​មួយ​​​​សល់​សាច់ និង​ជាប់​​​សម្លៀក​បំពាក់​​លើ​ដង​ខ្លួន​ ខណៈ​របង​មួយ​ទៀត​សល់​តែ​ឆ្អឹង​​ថ្គាម​។

​មគ្គុទេសក៍​ជើង​ចាស់​ លោក​ វេយ៉ាន់​ ស៊ូកាមីន​ ដែល​​​ធ្វើ​ការ​ណែនាំ​ដល់​ទេសចរ​អំពី​ «​កោះ​លលាដ» នេះ​ ​២០ ឆ្នាំ​ថា​៖ «​​​ធ្វើ​ការ​នៅ​ទី​នេះ​ដំបូង ខ្ញុំ​​​ខ្លាច​ឡើង​ព្រឺរោម​​ដែរ​ ប៉ុន្តែ​យូរៗ​ទៅ​ខ្ញុំ​ក៏​ទម្លាប់​បាន​»៕ AFP/RS