ភ្នំពេញៈ ដោយធ្លាប់មានបទពិសោធនាំកូនទៅមន្ទីរពេទ្យ ហើយត្រូវរង់ចាំគិលានុបដ្ឋាកស្វែងរកឯកសារយ៉ាងអន្ទះសានោះ អ្នកស្រី ប៉ុង លីមសាន ដែលជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia Co., LTD) បានបង្កើតប្រព័ន្ធគ្រប់គ្រងពេទ្យឌីជីថល ហៅថា «ពេទ្យយើង» ដែលផ្ដល់ភាពងាយស្រួលពន្លឿនដំណើរការ និងផ្ដល់ភាពសុក្រឹតដល់ប្រតិបត្តិការតាមបណ្ដាគ្លីនិក និងមន្ទីរពេទ្យនានា។
ទោះជាស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាក៏ពិតមែន ប៉ុន្តែបណ្ដាមន្ទីរពេទ្យ និងគ្លីនិកឯកជននៅកម្ពុជាមួយចំនួននៅតែបន្តប្រើប៊ិកក្រដាសកត់ត្រាប្រវត្តិ និងរបាយការណ៍សុខភាព។
ជាមួយប្រព័ន្ធគ្រប់គ្រងឌីជីថល «ពេទ្យយើង» ដែលផ្ដួចផ្ដើម និងបង្កើតដោយក្រុមស្ត្រីក្នុងវិស័យបច្ចេកវិទ្យា ប្រតិបត្តិការនៅមន្ទីរពេទ្យនឹងកាន់តែមានប្រសិទ្ធភាព និងអាចសន្សំពេលវេលាអ្នកជំងឺទៀតផង។
ប្រព័ន្ធគ្រប់គ្រងពេទ្យឌីជីថល និងទំនើបជាប្រព័ន្ធឌីជីថលមួយដែលមានកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យគ្រប់កម្រិតទាំងមន្ទីរពេទ្យឯកជន និងរដ្ឋគឺគ្រប់គ្រងតាម Online និង Offline (All in one plate form) លើប្រតិបត្តិការទាំងមូលរបស់មន្ទីរពេទ្យដូចជា EMR (កំណត់ត្រាអ្នកជំងឺ) Para Clinic គ្រប់គ្រងស្ដុកឱសថកាលបរិច្ឆេទប្រើប្រាស់ថ្នាំ ចរន្តប្រើប្រាស់ឱសថ កាលបរិច្ឆេទជួបពេទ្យ កញ្ចប់សេវាព្យាបាល ធានារ៉ាប់រង របាយការណ៍ពិនិត្យសុខភាព គណនេយ្យលំហូរសាច់ប្រាក់ និងធនធានមនុស្ស។
ជាមួយមុខងារសម្រួលវិស័យសុខាភិបាលដែលជាស្នាដៃរបស់ស្ត្រីទៀតនោះទើប អ្នកស្រី ប៉ុង លីមសាន ជាស្ថាបនិក និងជានាយិកាប្រតិបត្តិ ក្រុមហ៊ុន FWTA ទើបតែឈ្នះជយលាភីជាសហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាក្នុងការដាក់បង្ហាញកម្មវិធីប្រព័ន្ធគ្រប់គ្រងពេទ្យឌីជីថល និងទំនើប «ពេទ្យយើង» កាលពីថ្ងៃទី ១៥ ខែមីនាកន្លងទៅថ្មីៗនេះ។
ស្ថាបនិកក្រុមហ៊ុនវ័យ ៣៩ ឆ្នាំរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងពីមូលហេតុនៃការបង្កើតប្រព័ន្ធពេទ្យឌីជីថលនេះថា៖ «ទី ១ គឺ ផ្តល់ឱកាសឲ្យស្រីចូលរួមចំណែកលើកកម្ពស់សេវាសុខភាពនៅកម្ពុជាតាមរយៈការផលិតកម្មវិធីបែបព័ត៌មានវិទ្យា។ ទី ២ ផ្តល់ដំណោះស្រាយដល់សហគ្រិនស្រីតាមវិស័យព័ត៌មាន និងចុងក្រោយគឺចូលរួមអភិវឌ្ឍ និងពង្រឹងវិស័យសុខាភិបាល និងសេវាសុខភាពសាធារណៈព្រមទាំងឯកជនតាមរយៈកម្មវិធីព័ត៌មានវិទ្យា»។
ក្នុងការប្រកួតមានបេក្ខភាពសរុបចំនួន ៣៦ នាក់ បន្ទាប់ពីដាក់ពាក្យរួចមានការជ្រើសរើស ២ ដំណាក់កាលក្រោមការវិនិច្ឆ័យពីគណៈកម្មការចំនួន ៥ រូបមកពីស្ថាប័នចម្រុះមានដូចជា តំណាងក្រសួងកិច្ចការនារី អង្គការក្រៅរដ្ឋាភិបាល តំណាងសហគមន៍បច្ចេកវិទ្យា សមាគមសហគ្រិនស្ត្រីកម្ពុជា និងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលធ្វើការជ្រើសរើសបេក្ខភាពចំនួន ៥ នាក់ ដើម្បីទទួលពានរង្វាន់កិត្តិយស។
អ្នកស្រីអនុបណ្ឌិតផ្នែកកុំព្យូទ័រមានកំណើតមកពីខេត្តកណ្តាលរូបនេះបានបន្តទៀតថា៖ «ខ្ញុំបានយកកម្មវិធីប្រព័ន្ធ «ពេទ្យយើង» ទៅចូលរួមប្រកួត ព្រោះខ្ញុំគិតថាវាសំខាន់មានប្រយោជន៍ ចំពោះកម្ពុជាយើង និងចង់បង្ហាញស្ត្រីជាពិសេសថា វាជាប្រព័ន្ធមួយផ្តួចផ្តើម និងផលិតដោយស្ត្រីក្នុងការចូលរួមចំណែកពង្រឹងវិស័យសុខាភិបាលកម្ពុជា។ ចំណែកទិសដៅនៃកម្មវិធីស្របគ្នាជាមួយគំនិតនាងខ្ញុំដែរ គឺដើម្បីផ្តល់ឱកាសដល់ស្ត្រី និងជំរុញឲ្យយុវតីចូលរួមឲ្យកាន់តែច្រើនក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា»។
តាមរយៈការរក្សាទុកកំណត់ត្រាវេជ្ជសាស្ត្រទាំងអស់ «ពេទ្យយើង» អាចផ្តល់ភាពងាយស្រួលសន្សំពេលវេលា មានភាពច្បាស់លាស់ដោយផ្អែកលើឯកសារយោង វេជ្ជបញ្ជាច្បាស់លាស់ និងទំនុកចិត្តដល់អ្នកជំងឺមកព្យាបាល ព្រមទាំងថ្នាក់គ្រប់គ្រងពេទ្យក្នុងការពង្រឹងគុណភាពសេវាកម្ម។ ប្រព័ន្ធពេទ្យឌីជីថលនេះក៏ចូលរួមកសាងបរិស្ថានល្អដោយពុំចាំបាច់ប្រើក្រដាសចំពោះឯកសារមិនចាំបាច់មួយចំនួនធំ។
កម្មវិធី «ពេទ្យយើង» ត្រូវបានដាក់ឲ្យប្រើប្រាស់ជាមួយមន្ទីរពេទ្យតូចធំនៅក្នុងប្រទេសកម្ពុជាចំនួន ៧០ កន្លែងរួចមកហើយដោយតម្លៃក្នុងការផ្គត់ផ្គង់សេវាកម្មគឺអាស្រ័យលើទំហំប្រតិបត្តិការនៃមន្ទីរពេទ្យ។ ចំពោះស្ថាប័នផ្ដល់សេវាមនុស្សធម៌ និងអង្គការជួយសង្គមនានា ក្រុមហ៊ុន FWTA ក៏មានការបញ្ចុះតម្លៃសម្រាប់ប្រព័ន្ធ «ពេទ្យយើង» ផងដែរ។
ជាមួយនឹងក្ដីរំពឹងផ្លាស់ប្ដូរផ្នត់គំនិតសង្គមវេជ្ជសាស្ត្រឲ្យងាកមកទាញប្រយោជន៍ពីបច្ចេកវិទ្យាទំនើប និងកសាងកេរ្តិ៍ឈ្មោះវិស័យសុខាភិបាល ឡើងវិញនោះស្ថាបនិកក្រុមហ៊ុន FWTA និងប្រព័ន្ធ «ពេទ្យយើង» អ្នកស្រី ប៉ុង លីមសាន នឹងមានផែនការបន្តទៀតជាច្រើនដូចជា៖ «លើកកម្ពស់គុណភាពសេវា និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពបន្ថែមមុខងាររបស់កម្មវិធីពេទ្យយើងតាមការរីកចម្រើនផ្នែកព័ត៌មានវិទ្យាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយដៃគូ និងភាគីពាក់ព័ន្ធទាំងឯកជន និងអង្គការសង្គមស៊ីវិលនានា ដើម្បីចូលរួមលើកកម្ពស់សេវាសុខភាព និងចង់ប្រែក្លាយឲ្យប្រព័ន្ធព្យាបាលអនឡាញ (Telemedicine) ភ្ជាប់ជាមួយប្រព័ន្ធទូទាត់សាច់ប្រាក់ព្យាបាលស្វ័យប្រវត្តិ និងជាធនធានសិក្សាជំនាញអប់រំផ្នែកវេជ្ជសាស្ត្រ និងធនធានសុខភាពបឋមសម្រាប់ពលរដ្ឋកម្ពុជា»៕