ភ្នំពេញៈ អ្នកនិពន្ធ​ខ្មែរ​ល្បីឈ្មោះ អ្នកនាង ម៉ីសន សុធារី បាន​រំលេច​ស្នាដៃ​ថ្មី​គឺ​ប្រលោមលោក​ស៊ើបអង្កេត​តាម​រក​ជនឧក្រិដ្ឋ​បង្ក​ឃាតកម្ម​ដោយ​អ្នកនាង​គ្រោង​បោះពុម្ព​ដាក់​លក់​នៅ​លើ​ទីផ្សារ​តែ​ ១ ​ដង​គត់​។

«​ស្ទូឌីយោ​លេខ​ ៧» ជា​ខ្សែ​រឿង​ប្រភេទ​តាមដាន​រក​ជនល្មើស​ដោយ​កំណត់​ទីតាំង​កើតហេតុ​នៅ​ខេត្ត​ព្រះសីហនុ​។ ប្រលោមលោក​ស៊ើបអង្កេត​នេះ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ក្នុង​ការស្វែង​រក​ឃាតករ​ពិតប្រាកដ ដែល​ទោះបី​ជា​ជន​នោះ​ខំ​គេច​ខ្លួន ឬ​មាន​ខ្នងបង្អែក​ជា​អ្នក​មាន​យសស័ក្តិ​ធំ​ប៉ុនណា ក៏​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​។

ប្រលោមលោក​ដែល​ត្រូវ​បាន​កក់​ទុក​ជាច្រើន​ច្បាប់​រួច​មក​ហើយ​នេះ​ត្រូវ​បាន​ម្ចាស់​ស្នាដៃ អ្នកនាង ម៉ីសន សុធារី បង្ហាញ​ពី​គំនិត​អប់រំ​យ៉ាង​ដូច្នេះ​ថា​៖ «​រឿង​ប្រភេទ​ស៊ើបអង្កេត​គឺ​បាន​ផ្តល់​គំនិត​អប់រំ​ជាច្រើន​ឲ្យ​មនុស្ស​រស់នៅ​ក្នុង​សង្គម​កុំ​អាង​មាន​អំណាច​ហើយ​អាច​រួច​ខ្លួន​បាន​ពី​សំណាញ់​ច្បាប់​បាន ហើយ​មួយទៀត​ក៏​ផ្តោត​ទៅ​លើ​ការលើក​កម្ពស់​ដល់​នីតិរដ្ឋ​ដូច​គ្នា​ដែល​អាច​វែកញែក​រឿងក្តី​បាន​ទោះបី​ជា​លំបាក ឬ​សម្ងាត់​យ៉ាង​ណា​ក៏ដោយ​»​។

ស្ទូឌីយោ​លេខ ៧ ជា​កម្រង​រឿង​ធំ​ទាំង​ ៤ ​របស់​សុភា​ប្រុស​ដែល​បាន​ពិពណ៌នា​នូវ​ភាព​ប៉ិនប្រសប់​ល្អិតល្អន់ និង​ពេញ​ដោយ​ការទទួល​ខុសត្រូវ​របស់​កូន​ប៉ូលិស​ម្នាក់​ឈ្មោះ សេត វិទូ ចាប់តាំងពី​មិន​ទាន់​មាន​ងារ​ជា​ឧត្តមសេនីយ៍​រហូត​ដល់​ចូលនិវត្តន៍​ដោយ​បាន​បំបែក​រឿងក្តី ៤ ករណី​ដែល​បាន​ចងក្រង​ក្នុង​សៀវភៅ​តែមួយ​មាន «​ស្ទូឌីយោ​លេខ​ ៧ ​ម៉ោង​ ១២ អធ្រាត្រ​នៅ​សង្កាត់​លេខ​ ១ សំណុំ​ឯកសារ z22 និង​គម្រោង​ការសម្ងាត់ ២០១៥»​។

អ្នកនិពន្ធ ម៉ីសន សុធារី ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែភាពយន្ត​នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។ ហុង មិនា

ខ្សែ​រឿង​ទី​ ១ «​ស្ទូឌីយោ​លេខ ៧» ស្តែង​ពី​ឃាតកម្ម​លើ​អ្នក​និយាយ​កម្មវិធី​វិទ្យុ​ ២ ​រូប​ក្នុង​ពេល​ដែល​ទ្វារ​បន្ទប់​ផ្សាយ​ត្រូវ​បិទ ហើយ​អ្នក​មាន​លេខ​សម្ងាត់​ចេញ​ចូល​បន្ទប់​នេះ ៤ ​នាក់​ទៀត​កំពុង​ជាប់​ប្រជុំ​នៅ​ជាន់​ខាងក្រោម​ដែល​ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ក្រុង​ព្រះសីហនុ​។

ខ្សែ​រឿង​ទី ២ «​ម៉ោង​ ១២ អធ្រាត្រ​នៅ​សង្កាត់​លេខ​ ១» និយាយ​អំពី​ករណី​ស្លាប់​ហើយ​រស់​ឡើងវិញ​យ៉ាង​ចម្លែក​នៃ​ភរិយា​ចុង​របស់​បុរស​ស្តុកស្តម្ភ​ ១ ​រូប​បង្ក​ជា​ចំណោទ​ចាក់​ស្រែះ​ពេញ​គ្រួសារ​។

ខ្សែ​រឿង​ទី​ ៣ ទាក់ទង​នឹង​ដំណើររឿង​ជាប់អន្ទាក់​របស់​មេធាវី​ខ្មែរ-អាមេរិក​ដែល​ជាន់ដាន​ជាប់​ផុង​សឹង​រើខ្លួន​មិន​រួច​ក្នុង​រង្វង់​ឃាតកម្ម​មាន​ការគ្រោងទុក ឈ្មោះថា​ «​សំណុំ​ឯកសារ z22» និង​រឿង​ចុងក្រោយ​និពន្ធ​ក្នុង​ឆ្នាំ​ ២០១៨ មាន​ឈ្មោះថា «​គម្រោងការ​សម្ងាត់ ២០១៥» បរិយាយ​អំពី​យុវនារី​កើត​ឆ្នាំ​ ២០០០ ​ចំនួន ៣៥ ​នាក់​បាត់​ខ្លួន​ជា​បន្តបន្ទាប់​កក្រើក​ក្រុង​ភ្នំពេញ​។

អ្នកនាង ម៉ីសន សុធារី បាន​ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​បាន​និពន្ធ​រឿងនេះ​ឡើង​មក​មិនមែន​ជា​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ជា​សក្ខីភាព​នៃ​ទំនាក់ទំនង​រវាង​ខ្ញុំ និង​អ្នកគាំទ្រ​។ ខ្ញុំ​បាន​បោះពុម្ព​សៀវភៅ​នេះ​ឡើង​ជាមួយ​ដៃគូ​សហការ​អាថ៌កំបាំង​មួយ​ដែល​មិន​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​បាន ដោយ​មិន​មាន​ដៃគូ​ក្នុង​ការដាក់លក់​នៅ​ក្នុង​ទីផ្សារ​នោះ​ទេ​លុះត្រា​តែ​មាន​ការដាក់​កុម្ម៉ង់​ជាមុនសិន​»​។

ស្ទូឌីយោ​លេខ ៧ មិន​ត្រឹម​តែ​មាន​ការដាក់​លក់​នៅក្នុង​ប្រទេស​ជា​ភាសា​ខ្មែរ​នោះ​ទេ ប៉ុន្តែ​អ្នកនិពន្ធ​រូប​នេះ​ក៏មាន​គម្រោង​ថា​នឹង​ដាក់លក់​នៅ​លើ​ឆាក​អន្តរជាតិ​បកប្រែ​ជា​ភាសា​អង់គ្លេស​នៅពេល​ដែល​បាន​ដាក់​លក់ និង​ចែកចាយ​នៅក្នុង​ប្រទេស​ជា​មុនសិន​។

ស្ទូឌីយោ​លេខ​ ៧ ត្រូវ​បាន​បោះពុម្ព​តែម្ដង​គត់​ក្នុង​ចំនួន​ ១ ពាន់​ក្បាល​ដោយ​ត្រូវ​បាន​កក់​ទុក​ស្ទើរតែ​ទាំងអស់​ហើយ​ក្នុង​តម្លៃ​ ១ ​ក្បាល​ថ្លៃ​ ៤ ​ម៉ឺន​រៀល និង​គ្រោង​ដាក់​លក់​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​។

អ្នកនិពន្ធ ម៉ីសន សុធារី បាន​សម្ដែង​ចំណាប់អារម្មណ៍​ពី​សៀវភៅ​នេះ​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​អ្នកអាន​មាន​មោទនភាព​ដែល​មាន​សៀវភៅ​នេះ​នៅក្នុង​ដៃ​។ ខ្ញុំ​សម្រេច​ចិត្ត​ថា​បោះពុម្ព​តែ​ម្តង​នេះ​ក៏​ដោយសារ​តែ​ខ្ញុំ​ចង់​ឲ្យ​សៀវភៅ​នេះ​ត្រូវ​បាន​ចែក​គ្នា​អាន​សឹករេចរឹល ហើយ​មាន​ការនិយាយ​តៗ​គ្នា​»៕