The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រវត្ដិ​ឆ្មា​នាំ​សំណាង​ផ្ដើម​ពី​ការ​បោយ​ដៃ​សង្គ្រោះ​អាយុ​ជីវិត

ប្រវត្ដិ​ឆ្មា​នាំ​សំណាង​ផ្ដើម​ពី​ការ​បោយ​ដៃ​សង្គ្រោះ​អាយុ​ជីវិត

ឆ្មា​នាំ​សំណាង​រាប់​រយ​ក្បាល​​នៅ​​ព្រះ​វិហារ​ជប៉ុនហ្គូតូ​គូជិ​​។
ឆ្មា​នាំ​សំណាង​រាប់​រយ​ក្បាល​​នៅ​​ព្រះ​វិហារ​ជប៉ុនហ្គូតូ​គូជិ​​។ រូបថត AFP

ប្រវត្ដិ​ឆ្មា​នាំ​សំណាង​ផ្ដើម​ពី​ការ​បោយ​ដៃ​សង្គ្រោះ​អាយុ​ជីវិត

ក្រុង​តូក្យូ: នៅ​ហាង​ទំនិញ ភោជនីយដ្ឋាន និង​ជំនួញ​ជា​ច្រើន​របស់​ជប៉ុន​តែង​តែ​តាំង​តុក្កតា​ឆ្មា​​បោយ​ដៃ​នាំ​សំណាង​ក្បែរ​ច្រក​ចូល​ជា​និច្ច​។

វា​គឺជា​ទិដ្ឋភាព​ទូទៅ​ទៅ​ហើយ​ ឆ្មា​នាំ​សំណាង ឈ្មោះ​ថា «​ម៉ាណេគិ ណេកុ» ឬក៏ «​ឆ្មា​បោយ​ដៃ»​ ហើយ​វា​ត្រូវ​បាន​ជឿ​ថា​នឹង​នាំ​សំណាង​ និង​ប្រាក់​កាក់​ឲ្យ​ដល់​ម្ចាស់​។ ​ឆ្មា​នាំ​សំណាង​ដែល​ផលិត​​ពី​សេរ៉ាមិក​ ឬ​ប្លាស្ទិក​ ​​បាន​បង្ហាញ​ពី​ឆ្មា​បោយ​ដៃ​ខាង​ស្ដាំ​ឡើង​​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​។

ឆ្មា​បោយ​​ដៃ​មាន​ន័យ​ថា នាំ​ភ្ញៀវ​​ចូល​ ខណៈ​ដៃ​ម្ខាង​ទៀត​បង្ហាញ​ពី​សំណាង និង​សុខ​មា​​ភាព​ល្អ​។ រូប​ឆ្មា​ម៉ាណេគិ ណេកុ​ ទំនើប​ៗ​មាន​ប្រើ​ថាមពល​អគ្គិសនី​ដោយ​ធ្វើ​ចលនា​បោយ​ដៃ​យឺតៗ​ទៀត​ផង​។

សព្វ​ថ្ងៃ​នេះ រូប​ចម្លាក់​ឆ្មា​នាំ​សំណាង​​កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​​ខ្លាំង​ចំណោម​ពាណិជ្ជករ​ក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ ហើយ​មិន​ខុស​ពី​រូប​ចម្លាក់​ព្រះ​ពុទ្ធ​ញញឹម​ ដែល​និយម​ហៅ​ «តាកំប៉ោង​» រូប​​ឆ្មា​នាំ​សំណាង​គឺជា​ជំនឿ​ទាំង​ផ្លូវ​​កាយ និង​សាសនា​។ ប៉ុន្ដែ​ផ្ទះ​​ពិត​ប្រាកដ​របស់​ពួកគេ​នៅ​តែ​ក្នុង​ព្រះវិហារ​ហ្គូតូគូជិ សង្កាត់​សេតាហ្គាយ៉ា​នៃ​ទីក្រុង​តូក្យូ​។

ព្រះ​វិហារ​ហ្គូតូ​គូជិ​​នៅ​ដាច់​ឆ្ងាយ​ពី​តំបន់​ប្រជាជន​នៅ​ជាយ​ក្រុង​តូក្យូ​ និង​ងាយ​វង្វេង​ផ្លូវ​អ្នក​មិន​ធ្លាប់​ស្គាល់​ភូមិ​សាស្ដ្រ​។ ព្រះវិហារ​ដ៏​តូច​នេះ​ត្រូវ​បាន​គេ​ជឿ​ថា វា​គឺជា​ទី​កន្លែង​ស្អាត​ដាច់​គេ​ដោយ​មាន​រុក្ខជាតិ​ដុះ​ខៀវ​ស្រងាត់​ ដូចជា ដើម​ម៉ាប​ផល ហ្គីងកូ និង​ដើម​សាគូរ៉ា​ដ៏​ល្បីល្បាញ​នៅ​ជប៉ុន​ផង​ដែរ​។ នៅ​ជ្រុង​ម្ខាង​នៃ​ព្រះវិហារ​មាន​ធ្នើរ​ឆ្មា​នាំ​សំណាង​រាប់​រយ​រូប។

មាន​រឿង​ព្រេង​ល្បី​បំផុត​មួយ​បាន​តំណាល​ពី​សម័យ​អេឌូ​ថា ​អភិជន​សក្ដិភូមិ​ដ៏​ស្ដុក​ម្នាក់​មក​ពី​ក្រុង​​បុរាណ​ហ៊ីកូណេ​បាន​មក​ជ្រក​ព្យុះ​ភ្លៀង​ក្រោម​​ឈើ​មួយ​ដើម​​ក្បែរ​ព្រះវិហារ​ហ្គូតូគូជិ​​។ អភិជន​រូប​នេះ​បាន​ឃើញ​ឆ្មា​​របស់​​ព្រះ​សង្ឃ​បោយ​ដៃ​ឲ្យ​ចូល​ក្នុង។ មួយ​សន្ទុះ​ក្រោយ​មក ដើម​ឈើ​នោះ​បាក់​រលំ​ដោយ​​សារ​តែ​​រន្ទះ​បាញ់​។ អភិជន​​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ជួយ​សង្គ្រោះ​របស់​ឆ្មា​​ដោយ​លោក​បាន​បរិច្ចាគ​​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ឲ្យ​ព្រះវិហារ​។

នៅ​ពេល​ឆ្មា​នោះ​ស្លាប់ រូប​ចម្លាក់​ម៉ាណេគិ ណេកុ ដំបូង​អាច​ត្រូវ​បាន​សង់​ឡើង​ដើម្បី​ផ្ដល់​កិត្ដិយស​ដល់​ឆ្មា​មាន​គុណ​នោះ​។ ពេល​វេលា​កន្លង​ផុត​ ប្រជាជន​បាន​ចាប់​ផ្ដើម​យក​រូប​ចម្លាក់​ឆ្មា​មក​ព្រះវិហារ​ដែល​បង្ហាញ​ពី​ការ​ដឹង​គុណ​នៅ​ពេល​ក្ដី​បំណង​ពួក​គេ​បាន​សម្រេច៕ HR​

អត្ថបទគួរចាប់អារម្មណ៍