The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រវត្ដិ​រឿងរ៉ាវ​យុវតី​ទទួល​ការថើប​ច្រើន​បំផុត​ក្នុង​លោក​ នៅតែ​​ស្រពេច​ស្រពិល​

ប្រវត្ដិ​រឿងរ៉ាវ​យុវតី​ទទួល​ការថើប​ច្រើន​បំផុត​ក្នុង​លោក​ នៅតែ​​ស្រពេច​ស្រពិល​

Content image - Phnom Penh Post

ប្រវត្ដិ​រឿងរ៉ាវ​យុវតី​ទទួល​ការថើប​ច្រើន​បំផុត​ក្នុង​លោក​ នៅតែ​​ស្រពេច​ស្រពិល​

ក្រុង​ប៉ារីស: នា​គ្រា​មួយ​​ នៅ​ចុង​សតវត្សរ៍​ទី ១៩ សព​យុវតី​ម្នាក់​ត្រូវ​បាន​ស្រង់​ចេញ​ពី​ទន្លេ សែន ក្នុង​ក្រុង​ប៉ារីស​ ប្រទេស​បារាំង។

ដោយសារ​តែ​មិន​មាន​ភ័ស្ដុ​តាង​អំពី​អំពើ​ឧក្រិដ្ឋ​កម្ម​លើ​រូប​នាង គេ​សន្និដ្ឋាន​ថា នាង​បាន​ធ្វើ​អត្ដឃាត​ ពីព្រោះ​ហេតុ​ការណ៍​បែប​នេះ​​មិន​មែន​ជារឿង​ចម្លែក​នោះទេ។

ជាមធ្យម មនុស្ស​ ២០០ នាក់​ត្រូវបាន​ស្រង់​ចេញ​ពី​ទន្លេ​រៀង​រាល់​ឆ្នាំ​ ដោយ​ប៉ូលិស​ល្បាត​ទន្លេ។ យ៉ាង​តិច​ណាស់ ២៥ ភាគរយ​ បាន​ក្លាយ​ជា​សា​កសព​ និង​ជិត​ពាក់​កណ្ដាល​ជា​អ្នក​ប៉ង​ធ្វើ​អត្ដ​ឃាត។ ស្ដ្រី​វ័យ​ក្មេង​មាន​តួ​លេខ​សម្លាប់​ខ្លួន​ច្រើន​ជាង​គេ។

នា​ពេល​នោះ ពេល​សព​គ្មាន​​អត្ដ​សញ្ញាណ​ត្រូវបាន​រក​ឃើញ ពួកគេ​ត្រូវបាន​ដាក់​តម្កល់​លើ​​បន្ទះ​​ម៉ាបដើម្បី​ឲ្យ​មហាជន​បាន​ឃើញ​ ក្នុង​បំណង​ថា មាន​សាច់​ញាតិ​បាន​ស្គាល់។ ប៉ុន្ដែ​គ្មាន​​នរណា​ដឹង​ពី​មូលហេតុ​នៃ​អំពើ​អត្ដឃាតរបស់​យុវតី​ស្រស់​ស្អាត​ដ៏​អាថ៌​កំបាំង​នេះ​ទេ។​

មាន​រឿង​តំណាល​ថា អ្នក​កោសលវិច្ឆ័យ​​សព​​បាន​កោត​សរសើរ​អំពី​សម្រស់​របស់​នាង​ និង​​បាន​ចាក់​ពុម្ព​មុខ​របស់​នាងថែម​​ទៀត។ មិន​យូរ​ប៉ុន្មាន ពុម្ព​មុខ​ស្ដ្រី​មិន​ស្គាល់​អត្ដ​សញ្ញាណ​​ជាមួយ​ស្នាម​ញញឹម​ ម៉ូណា លីសា ចាប់​ផ្ដើម​បង្ហាញ​វត្ដមាន​តាម​ហាង​នានា​ទូទាំង​ក្រុង​ប៉ារីស​ ហើយ​ក្រោយមក​ទៀត ការ​ចម្លង​ផ្ទៃ​មុខ​នោះ​បាន​ប្រែ​ក្លាយ​ជា​ហ្វាសសិន​ពេញ​និយម​ទូទាំង​តំបន់​អឺរ៉ុប។

ស្នាម​ញញឹម​នៃ​ម៉ាស​មុខ​ ត្រូវ​បាន​រចនា​ឡើង​ប្លែក​ៗ​ទៅ​តាម​ចំណូល​ចិត្ដ​វិចិត្រករ​ កវី​និពន្ធ និង​អ្នក​សរសេរ​ប្រលោម​លោក​ ហើយ​កំណាព្យ​កាព​ឃ្លោង​ឆ្លង​កាត់​សម័យ​​ជា​ច្រើន​ទសវត្សរ៍​ ត្រូវបាន​សរសេរ​ និង​តំណាល​រឿង​ដោយ​បាន​កែច្នៃ​យុវតី​មិន​ស្គាល់​អត្ដ​សញ្ញាណ​ឲ្យ​មាន​អត្ដ​សញ្ញាណ​ត្រឹមត្រូវ។

Content image - Phnom Penh Post

ក្នុង​ប្រលោម​លោក​ឆ្នាំ​១៩០០ របស់​លោក រីឆាត ឡឺ ហ្គាល់ឡែណេ «The Worshipper of the Image» កវី​អង់គ្លេស​ម្នាក់​បាន​លង់​ស្នេហ៍​ម៉ាស​មុខ​ ដែល​ឈាន​ទៅ​ដល់​ការ​ស្លាប់​របស់​​កូន​ស្រី និង​ភរិយា​ធ្វើ​អត្ដ​ឃាត។

ភាពយន្ដ​អាល្លឺម៉ង់ឆ្នាំ​១៩៣៦ «Die Unbekannte» ស្ដីពី​ក្មេង​កំព្រា​ម្នាក់​ ដែល​ស្រឡាញ់​គ្នា​ជាមួយ​អភិជន​ រួច​បោះ​បង់​រូប​នាង​រហូត​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ ក៏​យក​លំនាំ​តាម​ម៉ាស​មុខ​នេះ​ដែរ។

រយៈ​ពេល​ជា​ច្រើន​ជំនាន់​ក្រោយ​មក ​អ្នក​ផលិត​ឧបករណ៍​ក្មេង​លេង​ន័រវែស Asmund Laerdal ត្រូវជ្រើសរើស​ទម្រង់​មុខ​សម្រាប់​ម៉ាណឺកាំង​បណ្ដុះ​បណ្ដាល​សង្គ្រោះ​ខ្យល់​ដង្ហើម​ (CPR) លោក​ប្រើ​មុខ​យុវតី​អត់​ស្គាល់​អត្ដ​សញ្ញាណ​នោះ។

ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៦០ លោក Asmund Laerdal បាន​ទទួល​ជួប​លោក​វេជ្ជបណ្ឌិត​អូទ្រីស ឈ្មោះ ភេតធ័រ សាហ្វារ ដែល​ជំនាញ​ខាង​សង្គ្រោះ​បឋម​ ដើម្បី​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​តាម​វិធី​ថ្មី។ លោក​ស្ទើរ​តែ​បាត់​បង់​កូន​ប្រុស​ដោយ​សារ​លង់​ទឹក​កាល​ពី​ប៉ុន្មាន​មុន​ ហើយ​បាន​ធ្វើ​ឲ្យ​លោក​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស។

Content image - Phnom Penh Post

លោក Laerdal បាន​រចនា​តុក្កតា​មនុស្ស​ស្រី​ពិត​មួយ​ និង​បាន​រំលេច​ផ្ទៃ​មុខ​តាម​ម៉ាស​មរណៈ​ដ៏​ល្បី​ល្បាញ​នោះ។ តុក្កតា​នេះ ឈ្មោះ Resusci Anne ជា​ផលិតផល​វេជ្ជសាស្ដ្រ​ដ៏​ល្បី​បំផុត​មួយ​របស់​លោក និង​ត្រូវ​បាន​ប្រើ​ទូទាំង​ពិភព​លោក​ទាំង​ការ​បណ្ដុះ​បណ្ដាល​វេជ្ជសាស្ដ្រ និង​និស្សិត​ពេទ្យ​​តាម​រយៈ​ការ​សង្គ្រោះ​ផ្លុំ​ខ្យល់​ក្នុង​មាត់។ ទាំង​នេះ​ត្រូវបាន​ហៅ​ថា យុវតី​ទទួល​ការ​ថើប​ច្រើន​បំផុត​ក្នុង​លោក។

ដោយ​ការ​ជ្រើស​រើស​ទម្រង់​មុខ​របស់​សព​នាង លោក Laerdal បាន​ប្រែ​ក្លាយ​ Resusci Anne ទៅជា​ការ​ទិវា​រំឭក​ការ​ចង​ចាំ​ស្ដ្រី​អត់​អត្ដ​សញ្ញាណ ដែល​បាន​លក់​ទឹក​ស្លាប់​ក្នុង​ទន្លេ សែន​ (Seine)។

ឯកសារ​ពីក្រុម​ហ៊ុន​របស់​លោក​បាន​បង្ហាញ​ថា​៖ «​ដោយសារ​នាង​គ្មាន​ឈ្មោះ និង​នៅតែ​អាថ៌​កំបាំង យើង​មិន​ចាំ​បាច់​ខ្វល់​ពី​មនុស្ស​ម្នាក់​នេះ​ទេ។ យើង​គ្រាន់តែ​សម្រេច​គម្រោង​របស់​យើង​ដោយ​តាម​ទម្រង់​មុខ​ពី​មនុស្ស​អាថ៌​កំបាំង​នេះ​ទៅ​បាន​ហើយ​»។

Content image - Phnom Penh Post

យ៉ាង​ណាមិញ ស្ដ្រីដែល​មាន​ទម្រង់​មុខ​ស្រស់​ញញឹម​នេះ មើល​ទៅ​ដូច​ជា​កំពុង​គេង​លក់ និង​សុបិន​ឃើញ​បុរស​កំពូល​ស្នេហ៍​អ៊ីចឹង។

ពេល​ BBC ជជីក​សួរ​អ្នក​ជំនាញ​ជា​ច្រើន​អំពី​ទស្សនៈ​យល់​ឃើញ​​ ពួកគេ​ក៏​បាន​ឯក​ភាព​ថា ម៉ាណឺកាំង​សង្គ្រោះ​បឋម​មើល​ទៅ​ស្រស់​ស្អាត​ មិន​សម​យក​ទម្រង់​មុខ​ពី​មនុស្ស​ស្លាប់​ឡើយ។ លោក មីឆែល ឡូរ៉េនហ្ស៊ី ដែល​ជា​ម្ចាស់​សិប្បកម្ម​ផលិត​រូប​ស្មូន​ក្នុង​ក្រុង​ប៉ារីស ជឿ​ថា ម៉ាស​ម៉ាណឺកាំង​សង្គ្រោះ​បឋម​ យក​ពី​គំរូ​ពុម្ព​មនុស្ស​រស់។

លោកបានអះអាង​ថា​៖ «​វា​ពិត​ជា​ពិបាក​ខ្លាំង​ក្នុង​ការ​រក្សា​ស្នាម​ញញឹម​ ពេល​ចាក់​ពុម្ព​យក​ទម្រង់​​ផ្ទៃមុខ។ ខ្ញុំ​គិត​ថា ​ស្ដ្រី​យក​ទម្រង់​មុខ​នេះ​ពិត​ជា​អ្នក​ជំនាញ​ និង​ជា​ម៉ូដែល​ដ៏​ចំណាន​ម្នាក់​»៕ HR

ប្រភព www.amusingplanet.com

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍