ក្រុងឡុងដ៍: ពលរដ្ឋ​អង់គ្លេស​ដ៏សប្បុរស​បាន​សរសេរ​សារ​លើក​ទឹក​ចិត្ដ​ដោយ​ក្ដីស្រឡាញ់​រាប់ពាន់​ច្បាប់​ផ្ញើជូន​កំលោះ​ក្រមុំចាស់​នៅ​ទិវា​នៃ​​ក្ដី​ស្រឡាញ់​ក្នុង​បំណង​លួង​ចិត្ដ​ជន​ដែល​ឯកា​។

សំបុត្រ និង​ប័ណ្ណ​ត្រូវ​បាន​សរសេរ​ក្នុង​ប៉ុន្មាន​សប្ដាហ៍ និង​យក​ទៅ​ដាក់​ទុក​នៅ​តាម​ប្រអប់​សំបុត្រ​ប្រៃសណីយ៍​បែប​បុរាណ​ចំនួន ១០ ទីតាំង​ទូទាំង​ក្រុង​ឡុងដ៍ និង​ទីក្រុង​ដទៃទៀត​។

ទិវា​សំបុត្រ​ក្រហម​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុមហ៊ុន​លក់​កាដូ​អនុស្សាវរីយ៍​នឹង​បញ្ជូន​សំបុត្រ​ទាំងនោះ​ទៅ​កាន់​អ្នក​ឯកា​វ័យ​ចំណាស់​ក្នុង​គោលដៅ​មជ្ឈមណ្ឌល​ថែទាំ​ជន​វ័យចាស់​មួយ​ចំនួន​នៅ​ថ្ងៃ ១៤ កុម្ភៈ​។

កញ្ញា ស៊ីវ៉ានី ផាតនី ជា​នាយក​ផ្នែក​ទីផ្សារ​អាយុ ២៦ ឆ្នាំ​បាន​ប្រាប់ AFP ក្រោយ​បាន​សរសេរ​សំបុត្រ​ ១ ​ដាក់​ក្នុង​ប្រអប់​នៅ​កន្លែង​ធ្វើការ​ភាគកណ្ដាល​ទីក្រុង​ឡុងដ៍​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ខ្ញុំ​សរសេរ​ថា​អ្នក​មាន​គេ​ស្រឡាញ់ អ្នកមាន​គេ​ចូលចិត្ដ អ្នកមាន​គេ​រាប់អាន​។ ខ្ញុំ​គិត​ថា វា​ពិតជា​អស្ចារ្យ​។ វា​ល្អ​ត្រង់​ថា​មាន​គេ​នឹក​គិត​ដល់​ពួកគាត់​»​។

ក្រុមហ៊ុន​ដែល​មាន​សមាជិក​ជាង​ ៤ ម៉ឺន​នាក់​នៅ​ចក្រភព​អង់គ្លេស​បាន​ផ្សព្វផ្សាយ​ខ្លាំង​ពី​គម្រោង​នេះ​ដោយ​មាន​ការគាំទ្រ​ពី​អង្គការ​យុទ្ធនាការ​បញ្ឈប់​ភាព​ឯកា ខណៈ​ពលរដ្ឋ​អង់គ្លេស ៩ លាន​នាក់​រស់នៅ​ឯកា​ក្នុង​នោះ ៤ លាន​នាក់​ជា​ជន​ចាស់ជរា​៕ HR