ភ្នំពេញៈ ទិវានៃក្តីស្រឡាញ់ឆ្នាំ ២០១៨ នេះ តារាចម្រៀងជនពិការលោក ប្រាក់ សុផាន់ណា វ័យ ២៧ ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស ឧបករណ៍តន្ដ្រីហ្គីតា ព្រមទាំងជាអ្នកនិពន្ធ បទភ្លេង ទំនុកច្រៀង និងច្រៀងផ្ទាល់ខ្លួនប្រមាណពី ៣០ ទៅ ៤០ បទ និងបង្កប់ន័យអប់រំក្នុងសង្គមមកច្រៀងបទថ្មី បំពេអារម្មណ៍បងប្អូនគឺបទ «សាប៊ូសំណព្វចិត្ត» នៅឯផ្សារទំនើបអ៊ីអន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញ ដែលជាការរៀបចំដោយអង្គការ EPIC Arts និងសហការជាមួយអង្គការ WaterAid Cambodia។
ដោយសាររងការវាយប្រហារប្លន់យកទ្រព្យសម្បត្ដិអស់រលីងពីផ្ទះ នៅស្រុកកំណើតខេត្ដស្វាយរៀង តាំងពីកុមារភាព យុវជនធ្វើដំណើរអាស្រ័យលើរទេះសណ្តោងកញ្ចាស់លោក ប្រាក់ សុផាន់ណា ក៏បានប្រាថ្នាចាប់យកនូវអាជីពក្នុងវិស័យសិល្បៈចម្រៀង មកធ្វើជាឆ្នាំងបាយចិញ្ចឹមជីវិត និងអាចជួយលើកតម្កើងស្នាដៃសិល្បៈកូនខ្មែរ ដែលបច្ចុប្បន្ននេះ រស់នៅក្នុងភូមិជ្រាវ ឃុំសៀមរាប ស្រុកសៀមរាប ខេត្ដសៀមរាប និងជាម្ចាស់បទចម្រៀងល្បីកាលចេញនៅឆ្នាំ ២០១៥ មានចំណងជើងថា «បរាជ័យជាមេរៀនជីវិត» នោះ បាននាំយកបទថ្មី «សាប៊ូសំណព្វចិត្ត» ដែលបង្ហាញពីក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់បុរសម្នាក់ទៅកាន់នារីម្នាក់ រហូតបាក់ចិត្តស្រឡាញ់បុរសនោះវិញ ហើយសុខចិត្តធ្វើអ្វីៗដើម្បីការពារក្តីស្រឡាញ់ពួកគេទាំង ២។
លោក James Wicken ជានាយកប្រចាំប្រទេសកម្ពុជានៃអង្គការ Water Aid Cambodia មានប្រសាសន៍ស្តែងពីសារៈសំខាន់នៃការប្រកាន់ជាប់នូវភាពអនាម័យដោយការលាងសម្អាតដៃជាមួយសាប៊ូ ដែលឆ្លុះបញ្ចាំងអត្ថន័យនៃបទចម្រៀងដែលបកស្រាយដោយប្រាក់ សុផាន់ណា ផងដែរ។
លោក James Wicken បានលើកឡើងថា៖ «យើងទាំងអស់គ្នាជឿថា យើងត្រូវការរក្សា និងការពារមនុស្សជាទីស្រឡាញ់របស់ខ្លួនគ្រប់ពេលវេលា ហើយបទចម្រៀងនេះ អាចរំឭកយើងឲ្យថែរក្សាខ្លួន និងអ្នកជាទីស្រឡាញ់របស់យើងដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូជានិច្ច។ ហើយតាមរយៈបទចម្រៀងនេះដែរ ក៏ជាការបង្ហាញពីគោលបំណងក្នុងការផ្លាស់ប្តូរនូវទម្លាប់អនាម័យ និងការលាងដៃរបស់ប្រជាជនកម្ពុជាយើង ដែលអាចនឹងក្លាយជាការឈានទៅរកការផ្លាស់ប្តូរមួយនៃផ្នែកសុខភាពទូទាំងប្រទេសទៀតផង»៕