ភ្នំពេញ: តារា​សម្តែង​ប្រុស​ពន្លក​ថ្មី មានមុខ​មាត់​ស្រស់​សង្ហា​លោក លី សុគឹមសាន ហៅ ប្រុស ខួច ទើប​តែ​ឈាន​ចូល​សិល្បៈ​អាជីព​ជា​តារា​សម្តែង​បាន ២ ឆ្នាំ តែ​លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ជា​ខ្លាំង មិន​ថា នៅ​ក្នុង​ប្រទេស និង​ឯ​នាយ​សមុទ្រ តាមរយៈ​វីដេអូ​បទ​ចម្រៀង «មេឃ​កំពុង​ភ្លៀង​ហើយ» របស់​កំពូល​តារា​ចម្រៀង​សំនៀង​ស្រទន់ អ្នក​នាង មាស សុខ​សោភា។

តារា​ប្រុស​វ័យ ២៧ ឆ្នាំ​រូបនេះ បានផ្តល់​បទ​សម្ភាស​ម​ក​កាន់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ​ទូរស័ព្ទ​ថា៖ «ខ្ញុំ​ចូល​សិល្បៈ​បាន ២ ឆ្នាំ​ហើយ។ ចម្រៀង​ដែល​សម្តែង​ដំបូង បទ« Forever Alone » និង​បទ​ទី ២ «មេឃ​កំពុង​ភ្លៀង​ហើយ» ក្រោយ​ពី​ហ្នឹង​មក​ក៏មាន​ជា​បន្ត​បន្ទាប់​ទៀត ជាមួយ​កញ្ញា អ៊ីវ៉ា អ្នកនាង ពេជ្រ សោភា និង​តារា​ល្បីៗ​ជា​ច្រើន​នាក់​ទៀត»។

ប្រុស ខួច តារា​សម្តែង​ប្រុស​មានមុខ​ឃ្យូតៗបាន​និយាយ​បន្តទៀតថា៖ «តាំង​ពី​ចូល​សិល្បៈ​មក ថត​រឿង​បាន ៣ រឿង​ហើយ ជា​រឿង​ភាគ។ រឿង​ទី ១ រឿង និស្ស័យ​បង​ប្អូន បន្ទាប់​មក រឿង ភ្លើង និង​រឿង​ថ្មី​មួយ​ទៀត​ដែល​សព្វ​ថ្ងៃ​មិន​ទាន់​ថត​ចប់​នៅ​ឡើយ​ទេ តែ​សុំ​លាក់​សិន»។

ក្រៅពី​ការងារ​សិល្បៈ ប្រុស ខួច តួឯក​ក្នុង​រឿង «ភ្លើង» ជា​រឿង​ល្បី ដែល​ទើបតែ​បញ្ចប់​ការ​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​បាយ័ន​មាន​ការ​គាំទ្រ​ខ្លាំង​នោះ លោក ក៏មាន​មុខរបរ​មួយ​ទៀត ដោយ​ការ​លក់​ផលិតផល​ថែរក្សា​សម្រស់​អនឡាញ​របស់​លោក​ផ្ទាល់ (NK Plus) និង​មាន​គម្រោង​បើក​ហាង​លក់​សម្លៀក​បំពាក់ និង​ភោជនីយដ្ឋាន​ផង​ដែរ។

តារា​ភាពយន្ត លោក លី សុគឹមសាន ហៅ ប្រុស ខួច។ ភ្នំពេញ ប៉ុសិ៍្ត

តារា​ប្រុស​រូប​សង្ហា និង​ប៉ិនប្រសប់​ខាង​បញ្ចូល​អារម្មណ៍​ទៅតាម​សាច់រឿង បូករួម​ភាព​ស្រស់​សង្ហា​មាន​មន្ត​ស្នេហ៍​ត្រង់​ថ្ពាល់​ខូច​ទាំង​សង​ខាង​រូប​នេះ​បាន​បន្ត​ដូច្នេះ​ទៀត​ថា៖ «រាល់​ថ្ងៃ​ពិត​ជា​មាន​ការ​រវល់​ខ្លាំង​ណាស់​ទាំង​ការ​ថត​បទ​ចម្រៀង រឿង​កុន និង​ការ​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់ សឹង​ថា​មិន​មាន​ពេល​សម្រាប់​ការ​ថត​មួយ​ចំនួន»។

ប្រុស ខួច ដែល​ទើប​បន្សាប​រឿងអាស្រូវ​ស្នេហ៍​ជាមួយ​តារា​សម្ដែង​រៀមច្បង​តួ​នាង​កាកី កញ្ញា សាន សុម៉ាលី លោក​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា៖ «ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ដែល​មាន​បងប្អូន​គាំទ្រ​ច្រើន​ខ្លាំង​បែប​នេះ តែ​ខ្ញុំ​ក៏​មិន​សប្បាយ​ចិត្ត​ដល់​ថ្ងៃ​ណាមួយ​ដែល​ប្រទេស​យើង​ឲ្យ​តម្លៃ​តារា​សម្តែង ដូច​តារា​ចម្រៀង ព្រោះទីផ្សារ​តារា​សម្តែង​នៅ​មិន​ទាន់​បាន​ថ្លៃ​ដូច​ប្រទេស​ដទៃ​នៅ​ឡើយ​ទេ ព្រោះ​ពិតជា​ហត់​ណាស់​ថ្ងៃ​ខ្លះ​ត្រូវ​ថត​ទាំង​យប់​ទាំង​ថ្ងៃ​បើសិន​ជា​រឿង​ប្រញាប់ តែ​បែរ​ជា​មិន​សូវ​បាន​ថ្លៃ​ទៅ​វិញ»។

ចំពោះ​រឿង​ស្នេហា​វិញ ប្រុស ខួច តារា​សម្តែង​ពន្លក​ថ្មី​សារភាព​ទាំង​ឥត​លាក់​លៀម​ថា៖ «មាន​ម្ចាស់​ចិត្ត​រួច​ហើយ តែ​សុំ​លាក់​សិន ប្រហែល​ជា​អាយុ​ចូល ៣០ ឆ្នាំ​ជាង ទើប​ចូល​រោងការ​ចាំ​ដល់​មាន ផ្ទះ​នៅ​ខ្លួន​ឯង​សិន»។

ទាក់ទង​ទៅ​រឿង​គូស្នេហ៍​របស់​តារា​សម្តែង​វ័យ ២៧ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ដឹងថា មិន​មែន​ជា​អ្នក​សិល្បៈ​ទេ តែ​ជា​កូន​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ម្នាក់ ដែល​មាន​អាខោន​ហ្វេសប៊ុក​ឈ្មោះ​ថា Nyny Angel II និង​មាន​មុខ​ជំនួញ​លក់​ផលិតផល​ថែរក្សា​សម្រស់​រួម​គ្នា​នោះ​ដែរ៕