The Phnom Penh Post Search

Search form

ប្រុស​ ខួច មាន​អ្នកនៅ​អូស្ត្រាលី​ទទូច​ហៅ​ទៅ​ច្រៀង

Content image - Phnom Penh Post

ប្រុស​ ខួច មាន​អ្នកនៅ​អូស្ត្រាលី​ទទូច​ហៅ​ទៅ​ច្រៀង

ភ្នំពេញ: ក្រោយ​បិទ​បញ្ជី​ស្នេហ៍​ខុស​វ័យ​ជាមួយ​តារា​ស្រី​ជាប់​ងារ​កាកី កញ្ញា សាន សុម៉ាលី ទាំង​សារភាព​ថា បំណែក​ជោគ​ជ័យ​លើ​វិថី​សិល្បៈ​ទទួល​ការ​ជ្រោម​ជ្រែង​ពី​អតីត​គូស្នេហ៍​អាយុ​បង​ជិត​ ១០ ឆ្នាំ​នោះ រំលង​វេលា​មិន​បាន​ប៉ុន្មាន​ផង តារា​សម្ដែង​ប្រុស​វ័យ​ក្មេង ប្រុស ខួច ថ្មីៗ​ស្រាប់​តែ​រំលេច​ពី​ភាព​ជោគ​ជ័យ​លើ​វិថី​សិល្បៈ ទាំង​សាយ​ភាព​ប្រជាប្រិយ​ភាព​រហូត​ដល់​ដែន​កោះ​អូស្ត្រាលី ដល់​ថ្នាក់​បង​ប្អូន ខ្មែរ​រស់ នៅ​ឯ​នាយ​សមុទ្រ នោះ​ប្រាថ្នា​ឃើញ​វង់​ភ័ក្ត្រ​ផ្ទាល់​នឹង​ភ្នែក ក្នុង​ចេតនា​ចង់​អញ្ជើញ​តារា​ប្រុស​រូប​សង្ហា​នេះ​ទៅ​ច្រៀង​សម្ដែង​នៅ​ទឹក​ដី​សម្បូរ​សត្វ​កង់គូរូ​ទៀត។

ភ្ជាប់​ជាមួយ​សារ​ទទូច​ពី​អ្នក​រស់​នៅ​ អូស្ត្រាលី ដែល​អំពាវនាវ​ចង់​បាន​វត្តមាន ប្រុស ខួច ហោះ​ហើរ​ទៅ​ច្រៀង​សម្ដែង​នោះ តារា​ប្រុស​វ័យ ២៦ ឆ្នាំ ដែល​ទើប​ផ្ទុះ​រឿង​អាស្រូវ​ស្នេហ៍​ជាមួយ​តារា សម្ដែង​ឧស្សាហ៍​សម្ញែង​ដើម​ទ្រូង សិចស៊ី សាន សុម៉ាលី ប្រុសខួច បាន​បរិយាយ​សារ​លើ​បណ្ដាញ​សង្គម​ថា៖ «អ្វី​ក៏​ដោយ​ស្ថិត​លើ​វាសនា ឬ​និស្ស័យ​របស់​មនុស្ស​ម្នាក់។ បើ​គ្មាន​វាសនា ឬ​និស្ស័យ​ទេ ទោះ​ខំ​ប៉ុណ្ណា ឬ​មាន​គេ​ចាំ​ជួយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​អាច​ទៅ​រួច​ដែរ។ តែ​បើ​មាន​វាសនា ឬ​និស្ស័យ ទោះ​ដេក​នៅ​ផ្ទះ​ក៏​មាន​គេ​មក​យក​ទៅ​ដែរ។ វាសនា​មនុស្ស​មើល​មិន​ឃើញ​ទេ មិន​ថា​ អ្នក ឬ ខ្ញុំ។ មែន​អត់ចែៗ»។

Content image - Phnom Penh Post

ការ​បរិយាយ​សារ​របស់ ប្រុសខួច នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​ទទូច​ពី​ប្រិយមិត្ត​យ៉ាង​ដូច្នេះ​ថា៖ «តើ​បង​ប្អូន​ចង់​ឃើញ​តួឯក​ប្រុស​ស្អាត​នៅ​ក្នុង​បទ​ចម្រៀង «មេឃ​កំពុង​ភ្លៀង​ហើយ»។ ខ្ញុំ​ចង់​ឃើញ​គាត់​ផ្ទាល់។ បើ​គាត់​មក​សម្ដែង​នៅ​អូស្ត្រាលី តើ​បង​ប្អូន​គាំទ្រ​គាត់​ទេ? ចេះ​សម្ដែង​ហើយ​ចេះ​ច្រៀង​ទៀត…»។

ថ្លែង​ពី​គម្រោង​លាភ​ឆ្លង​ដែន​សមុទ្រ​ទៅ​សម្ដែង​នៅ​អូស្ត្រាលី​នេះ តារា​សម្ដែង​ល្បី​ថា ចេះ​ទាំង​ច្រៀង​ផង​នោះ ប្រុស ខួច បាន​បង្ហើបប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «គម្រោង​ដែល​នឹង​ទៅ​អូស្ត្រាលី​ហ្នឹង ប្រហែល​ជា​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​ភ្ជុំ តែ​មិន​ដឹង​ថា​ប៉ះ​ចំ​ខែ ៨ ឬ​ខែ ៩ ទេ​បង»។

យ៉ាងណា តារា​សម្ដែង​វ័យក្មេង​ដែល​ទើប​សាប​ព័ត៌មាន​ស្នេហ៍​តារា​ស្រី​រៀម​ច្បង សាន សុម៉ាលី រូបនេះ លោក​ក៏​បាន​សារភាព​បែប​ស្រពេច​ស្រពិល​ដែរ​ថា៖ «តែ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​អត់​ហ៊ាន​ប្រាកដ​ខ្លួន​ឯង​ដែរ ព្រោះ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង អ្វីៗ​វា​រំពឹង​នៅ​លើ​និស្ស័យ​ចុះ ព្រោះ​ខ្ញុំ​អត់​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​បាន​ទៅ​ដល់​ទី​ហ្នឹង​ផង»៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍