ភ្នំពេញៈ អតីតតារាស្រីល្បីឈ្មោះជ្រកក្រោមទ្រនំភ្លេងរីខត ជាសមាជិកផលិតកម្មរស្មីហង្សមាស កញ្ញា ប្រេម៉ា ក្រោយពីបានបញ្ចប់កុងត្រាជាមួយផលិតកម្មមក តារាចម្រៀងស្រីក្រមិចក្រមើមរូបនេះហាក់ដូចជាស្ងប់ស្ងាត់ក្នុងការប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗដោយធ្វើឲ្យប្រិយមិត្តទន្ទឹងវត្តមានរបស់នាង។
តារាស្រីដែលមានរូបរាងតូចច្រឡឹងមុខមាត់គួរឲ្យស្រឡាញ់កញ្ញា ប្រេម៉ា បានសាងឈ្មោះល្បីច្រៀងបទជាភាសាបរទេសបានពីរោះ។ មួយរយៈនេះបើទោះបីជានាងមិនបានចេញបទថ្មីៗបំពេអារម្មណ៍ទស្សនិកជនក៏នាងនៅតែមានការពេញនិយមចំពោះបទចម្រៀងចាស់ៗដែលធ្លាប់បានច្រៀងកន្លងមកនៅក្នុងផលិតកម្ម។
ជាមួយការស្ងប់ស្ងាត់មួយរយៈ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានរំលេចបទចម្រៀងរួមជាមួយតារាចម្រៀង Original Song លោក អ៊ួង សុរិយា សម្រាប់ជាចំណងដៃក្នុងថ្ងៃ ១៤ ខែកុម្ភៈកន្លងមកផងដែរ ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រដែលមានចំណងជើងថា «ទំនាញបេះដូង»។
តាមរយៈបទចម្រៀងរបស់ ប្រេម៉ា នេះដែរទោះបីជាមិនទាន់បានចេញជា MV ក៏ដោយ ប៉ុន្តែគ្រាន់តែចេញភ្លាមក៏មានអ្នកលេងក្នុងបណ្តាញសង្គមជាច្រើនបានធ្វើការ Like និង Share រាប់ពាន់នាក់ដោយសារតែអត្ថន័យនៃបទ «ទំនាញបេះដូង» ជាចំណីអារម្មណ៍ដល់អ្នកមានគូនៅក្នុងថ្ងៃ ១៤ ខែកុម្ភៈពិសេសចំពោះអ្នកទើបនឹងសារភាពពាក្យស្រឡាញ់ទៅកាន់ដៃគូផងដែរ។
ជុំវិញការចេញពីទ្រនំភ្លេងរីខតបកមកធ្វើចម្រៀង Original Song ស្រីស្រស់ ប្រេម៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «កាលខ្ញុំទើបតែចប់កុងត្រាក៏មានផលិតកម្មខ្លះគាត់ទាក់ទងមកដែរ ប៉ុន្តែខ្ញុំមិនទាន់ចង់ចូលក្នុងផលិតកម្មទេ ចង់សាកធ្វើចម្រៀង Original Song មួយរយៈសិនទោះបីវារាងពិបាកជាងក្នុងផលិតកម្មមែន តែខ្ញុំចូលចិត្តបែប Freedom ច្រើនជាង»។
កញ្ញា ប្រេម៉ា បានប្រាប់ពីបទពិសោធជាតារាចម្រៀងឯករាជ្យថា៖ «ចំពោះនៅក្នុងផលិតកម្មវាមានភាពងាយស្រួលព្រោះមានគេធ្វើបទចម្រៀងឲ្យស្រាប់យើងចាំតែច្រៀងទេ ប៉ុន្តែបើយើងធ្វើចម្រៀងខ្លួនឯង យើងត្រូវធ្វើគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់ តែយើងអាចតម្រូវតាមចិត្តយើងចង់បានគ្រប់យ៉ាងដូចគ្នាដូចថា យើងចង់បានម៉េច វាចេញមកដូចដែលយើងបានគិត»។
កញ្ញា ប្រេម៉ា បានបញ្ជាក់ថារូបនាងនៅតែមានទំនុកចិត្តដោយពឹងលើសមត្ថភាពសំឡេងរបស់នាងក្នុងការស្រូបយកប្រជាប្រិយភាព បើទោះជាមិនមានទ្រនំផលិតកម្មក្ដី៕