ភ្នំពេញ៖ ថ្មីៗ​នេះ​ តារា​ចម្រៀង​​នៅ​​ផលិតកម្ម​​ហង្សមាស​ឈ្មោះ​ពិត​ ផន នីដា ហៅ ផន ស្រីខួច​​ បង្ហើប​​រឿង​ខ្លួន​ចាប់​ផ្តើម​ថត​​កុន​ជា​​លើក​ដំបូង​ បន្ថែម​អាជីព​ថ្មី​​មួយ​ទៀត​ ដើម្បី​ពង្រីក​ទី​ផ្សារ​សិល្បៈ​ ខណៈ​តារា​​ប្រុសស្រី​​​ប្រឡូក​​ក្នុង​សិល្បៈ​ចម្រៀង​ស្របាលៗ​ខ្លួន និង​​រលក​ក្រោយ​បាន​ឈាន​​​មុន​​នាង​​មួយ​ជំហាន​រួច​ទៅ​ហើយ​នោះ​។

តារា​ចម្រៀង​ស្រី​ល្បី​ ដែល​ឈរ​ជើង​យូរ​ក្រែល​​នៅ​លើ​ទ្រនំ​ធំ​​ផលិតកម្ម​ហង្សមាស កញ្ញា ផន​ ស្រីខួច ​បង្ហើរ​សារ​តាម​​អ៊ីនស្តាក្រាម​ថា៖ «តួស្រី​រាងរ​មទម​បន្តិច​​ហើយ​មួយ​រឿង​នេះ! ​រឿង​ដំបូង​របស់​នាង​ខ្ញុំ​» ដែល​ជា​សារ​ដ៏​​កម្រ​​បាន​ឃើញ​របស់​​តារា​ចម្រៀង​ស្រី​​រាង​ខ្ពស់​ស្រឡះ​ សម្រស់​កាន់​តែ​ស្រស់ស្រាយ​​រូប​នេះ​ បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពាក់ព័ន្ធ​នឹង​រឿង​ចេញ​ថត​កុន​ដំបូង​​នោះ​។

កញ្ញា ផន ស្រីខួច អតីត​តារា​ចម្រៀង​នៅ​ទ្រនំ​ចាស់​​ផលិតកម្ម​រ៉ុក ដែល​បាន​ប្តូរ​មក​ចូល​ទ្រនំ​ថ្មី​ហង្សមាស​អស់​ពេល​ជា​ច្រើន​ឆ្នាំ​រូប​នេះ បាន​​បញ្ជាក់​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​រឿង​ការ​សម្រេច​ចិត្ត​ថត​កុន​ដំបូង​​នេះ តែ​សុំ​លាក់​ចំណង​​​ជើង​រឿង និង​​ផលិតកម្ម​​ភាពយន្ត​ ​ដែល​នាង​ទើប​តែ​ចាប់​ផ្តើម​ថត​នោះ​ថា៖ «​នោះ​គឺ​​ជា​កុន​ខ្លី ដែល​​​នាង​ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​ថត​ដំបូង​ ហើយ​ក៏​សុំ​អធ្យាស្រ័យ​ដែរ ដោយ​មិន​ទាន់​អាច​​ជម្រាប​បង​ពី​ចំណង​ជើង​ និង​ផលិតកម្ម​បាន​ នៅ​​ពេល​នេះ​ទេ​​ ព្រោះ​ជា​គោលការណ៍​​របស់​ផលិតកម្ម​»។

តារា​ស្រី​ ផន នីដា ហៅ​កញ្ញា ផន​ ស្រីខួច បន្ត​ឲ្យ​ដឹង​ពី​មូលហេតុ​ក៏​ដូច​ជា​អារម្មណ៍​​នៃ​ការ​ចាប់​ផ្តើម​ទទួល​​ថត​កុន​ដំបូង​​ និង​រំឭក​ពី​មុន​ក៏​ធ្លាប់​មាន​គេ​ហៅ​ថត​កុន​ដែរ ​តែ​មិន​ព្រម​ទទួល​ថត​នៅ​ក្នុង​​ពេល​​នោះ​​ថា​​៖ ​«​​​ដោយសារ​​ពេល​នេះ នាង​​​ខ្ញុំ​គិត​ថា ​ចង់​ពង្រីក​ទីផ្សារ​​សិល្បៈ​​បន្ថែម​ និង​​ចង់​​បន្សល់​ទុក​នូវ​ស្នា​ដៃ​​របស់​ខ្លួន​​ផ្នែក​​សិល្បៈ​នេះ ​[ថត​កុន]​​ ហើយ​​កាល​ពី​មុន​​​នោះ នាង​ខ្ញុំ​ក៏​ធ្លាប់​​មាន​ខាង​​ផលិតកម្ម​​​គេ​​បាន​ហៅ​ឲ្យ​​ថត​កុន​ដែរ តែ​ដោយសារ​ខ្លួន​ឯង​គិត​ថា ខ្លាច​​​​សម្តែង​​​​​មិន​បាន​​ល្អ​ ​ទើប​​​មិន​​​ហ៊ាន​ទទួល​​ថត​។ ដោយ​ឡែក​ចាប់​ពី​​ពេល​នេះទៅ​ នាង​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ សម្រាប់​ការ​ពង្រីក​ទៅ​លើ​​​អាជីព​​ថ្មី​ក្នុង​វិស័យ​​ថត​ខ្សែ​ភាពយន្ត​​​​​នេះ​»៕​