The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផលិតកម្ម​កុន​ ៣ កំពុង​ចរចា​ រឿន ណាត ថតកុន​ភាគ​ក្រោយ​វិល​ពី​ប្រកួត​បវរកញ្ញា

ផលិតកម្ម​កុន​ ៣ កំពុង​ចរចា​ រឿន ណាត ថតកុន​ភាគ​ក្រោយ​វិល​ពី​ប្រកួត​បវរកញ្ញា

Content image - Phnom Penh Post
កញ្ញា រឿន ណាត បវរកញ្ញា​តំណាង​កម្ពុជា​ដែល​ឆក់​ប្រជាប្រិយភាព​ក្នុង Miss Universe 2018​។ AFP

ផលិតកម្ម​កុន​ ៣ កំពុង​ចរចា​ រឿន ណាត ថតកុន​ភាគ​ក្រោយ​វិល​ពី​ប្រកួត​បវរកញ្ញា

ភ្នំពេញៈ អតីត​កញ្ញាឯក​ចក្កវាឡ​តំណាង​កម្ពុជា​កញ្ញា រឿន ណាត មិន​ត្រឹមតែ​ស្រូប​បាន​ប្រជាប្រិយភាព​ពី​មហាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​គាំទ្រ នាពេល​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​ឆ្នាំ​ ២០១៨ នៅ​ថៃ​កន្លង​មក​នោះ​ទេ ថែម​ទាំង​កំពុង​ទទួល​បាន​លាភ​ធំ​នៅ​ដើម​ឆ្នាំ​ ២០១៩ នេះ​គឺ​មាន​ផលិតកម្ម​កុន ៣ ​ផ្សេងៗ​គ្នា​ចរចា​ឲ្យ​ថតកុន​។

នេះ​បើ​តាម​លោក ម៉ែន និមលរ័តន៍ ជា​ប្រធាន​ប្រតិបតិ្ត​នៃ​អឹរ៉ាយស៍​អេជេនស៊ី (Arise Agency) ដែល​បណ្តុះបណ្តាល និង​បញ្ជូន​បេក្ខភាព​កញ្ញាឯក​ប្រចាំ​ឆ្នាំ បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​នាពេល​ថ្មីៗ​នេះ​។

Content image - Phnom Penh Post

លោក ម៉ែន និមលរ័តន៍ ក៏​បង្ហើប​ឲ្យ​ដឹង​អំពី​ទីផ្សារ​សិល្បៈ​ក្រៅ​ពី​អាជីព​កញ្ញាឯក​ចក្កវាឡ​ប្រចាំ​ឆ្នាំ​ ២០១៨ នៃ​ប្រទេស​កម្ពុជា កញ្ញា រឿន ណាត ​ដែល​មើល​ទៅ​មាន​ភាព​លេចធ្លោ​ខ្លាំង​ជាង​ជំនាន់​មុនៗ​នៅក្នុង​ពិភព​បវរកញ្ញា​តំណាង​ប្រទេស​ជាតិ​ខ្លួន​ថា​៖ «​ក្រោយពី​កញ្ញា រឿន ណាត វិល​ពី​ការប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​ឆ្នាំ​ ២០១៨ ក្នុង​នាម​ជា​កញ្ញាឯក​ចក្កវាឡ​តំណាង​កម្ពុជា​នៅ​ប្រទេស​ថៃ​មក​នោះ​ឃើញ​មាន​បណ្តា​ផលិតកម្ម​កុន​ច្រើន​បាន​មក​ចរចា​កញ្ញា​ដើម្បី​ហៅ​ថតកុន​។ ពេល​នេះ​មាន​ផលិតកម្ម​កុន ៣ ​ផ្សេង​គ្នា​បាន​ផ្តល់​ឱកាស​ឲ្យ​កញ្ញា រឿន ណាត ធ្វើ​ជា​តួឯក​ទាំងអស់​សម្រាប់​ការថត​កុន​ភាគ​ចំនួន ៣ ​រឿង តែ​ពេល​នេះ​កំពុង​នៅក្នុង​លក្ខណៈ​ចរចា​តម្លៃ​គ្នា​នៅ​ឡើយ​ទេ​។ ក្រៅពី​នេះ​នាង​ក៏​មាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ដែរ​ពោល​ចាប់ពី​នាង​វិល​ពី​ការប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​ឆ្នាំ​ ២០១៨ ​មក​ទីផ្សារ​សិល្បៈ​របស់​នាង​សម្បូរ​មែនទែន​សឹងតែ​គ្មាន​ពេល​ទំនេរ​ឡើយ​»​។

លោក ម៉ែន និមលរ័តន៍ ក៏​បង្ហាញ​ពី​អារម្មណ៍​ត្រេកអរ​នូវ​សមិទ្ធផល​ល្អ​ចំពោះ​កញ្ញា រឿន ណាត និង​សំណូមពរ​ចំពោះ​បេក្ខនារី​ជំនាន់​ក្រោយ​ដែរ​ថា ៖
«​សប្បាយចិត្ត​ពេល​ឃើញ​បវរកញ្ញា​កម្ពុជា​ឆ្នាំ​ ២០១៨ ទទួល​បាន​លទ្ធផល​លេចធ្លោ​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​អាច​មាន​ឱកាស​ប្រឡូក​សិល្បៈ​ថតកុន​ផងដែរ​សម្រាប់​នាង​ផ្ទាល់​។ ឆ្លៀត​ឱកាស​នេះ ខ្ញុំ​ក៏​សំណូមពរ​ដល់​បេក្ខនារី​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ខំ​ពង្រីក​សមត្ថភាព​ខ្លួន ដើម្បី​ស្រូប​បាន​ប្រជាប្រិយភាព​សម្រាប់​ខ្លួន​»​។

គួររំឭក​ថា​កញ្ញា រឿន ណាត វ័យ ២៣ ឆ្នាំ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ចាម​បាន​គ្រង​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ​មាន​ឈ្មោះ​ថា «​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​» ជាមួយ​នឹង​គ្រឿង​អលង្ការ​ផ្សេងៗ​ទៅ​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្ដរជាតិ ខណៈ​កម្មវិធី​ប្រកួត Miss-Universe 2018 បាន​ប្រារព្ធ​នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី​ ១០ ខែ​ធ្នូ ឆ្នាំ​ ២០១៨ កន្លង​មក​មាន​ការចូលរួម​ចំនួន ៩៥ ប្រទេស​។

អ្វី​ដែល​កាន់តែ​ធ្វើ​មហាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ទៅលើ​បេក្ខនារី​ខ្មែរ​ដែល​ជា​បវរកញ្ញា​តំណាង​កម្ពុជា​ក្នុង​ការប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​គឺ​ខណៈ​ពេល​មាន​ការបែកធ្លាយ​ដំណឹង​រឿង​បេក្ខនារី​តំណាង​ប្រទេស​អាមេរិក​គឺ​កញ្ញា Sarah Rose Summers បាន​បង្ហាញ​នូវ​ភាពរើសអើង ឬ​ចំអក​ដាក់​កញ្ញា រឿន ណាត រឿង​ថា​នាង​មិន​សូវ​ជា​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ តែ​ក្រោយ​មក​ក៏​មាន​ការចេញ​មុខ​សុំទោស​ជា​សាធារណៈ​វិញ​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍