ភ្នំពេញ៖ ដោយសារ​ចង់​ផ្តល់​ឱកាស​​ឲ្យ​ដល់​យុវជន-យុវតី​ខ្មែរ​​ជំនាន់​ក្រោយ​ ដែល​មាន​ទេពកោសល្យ​ និង​ស្រឡាញ់​វិស័យ​សិល្បៈ​​សម្តែង​ភាពយន្ត​ ហើយ​អាច​អភិវឌ្ឍ​ខ្លួន​ក្លាយ​ទៅ​ជា​តារា​​សម្តែង​អាជីព​​នា​ពេល​​អនាគត​ ទើប​​​​​​បាន​ផលិតកម្ម​ក្រុង​​ពិជ័យ​​ប្រកាស​ជ្រើសរើស​តួឯក​ប្រុស-ស្រី​ជា​ច្រើន​នាក់ ដើម្បី​ចេញ​ថត​កុន​សម្រាប់​ផលិតកម្ម​ដោយ​មិន​បាន​​កំណត់​​កាល​បរិច្ឆេទ​​ឡើយ​។

បើ​តាម​សម្តី​​លោក ចាន់ណា រ៉ូណាន ជា​អ្នក​គ្រប់គ្រង​ទូទៅ​​នៃ​ផលិតកម្ម​​​ក្រុង​​ពិជ័យ​បាន​ឲ្យ​​ដឹង​ពី​ការ​សម្រេច​ប្រកាស​​ជ្រើសរើស​​តួឯក​​ប្រុស-ស្រី​នេះ​ថា​៖ «ដោយសារ​​តែ​យើង ចង់​បើក​​​ឱកាស​ដល់​​យុវវ័យ​ ដែល​មាន​​ទេពកោសល្យ​​សម្តែង​​កុន​​បាន​ និង​ចង់​ឲ្យ​វិស័យ​​​សម្តែង​កុន​​នៅ​ផលិតកម្ម​របស់​យើង​មាន​​លក្ខណៈ​សម្បូរ​​បែប​នៃ​តួឯក​​​ប្រុស-ស្រី។ ដូច្នេះ​​ហើយ ​យើង​​ចង់​បាន​តួ​សម្តែង​ជំនាន់​ក្រោយ​ សម្រាប់​ការ​​ប្រឡូក​សិល្បៈ​​ក្នុង​វិស័យ​នេះ​»។​

ផលិត​កម្ម​ក្រុង​ពិជ័យ​ប្រកាសជ្រើសរើស​តួ​ឯកប្រុស-ស្រី​។ រូប ហ្វេសប៊ុក

លោក​ ចាន់ណា រ៉ូណាន​ បន្ត​ឲ្យ​​ដឹង​ទៀត​ថា៖ «​ផលិតកម្ម​ក្រុង​​ពិជ័យ ប្រកាស​ជ្រើស​រើស​តួឯក​ប្រុស-ស្រី​ ជំនាន់​​ថ្មី​នេះ​គឺ​ទទួល​​​​យក​​ពី​គ្រប់​​​ខេត្ត​​ក្រុង​។ ​ផលិតកម្ម​យើង​ខ្ញុំ​ត្រូវ​ការ​ តួ​ឯក​ប្រុស-​ស្រី​ជំនាន់​ថ្មី​ច្រើន​នាក់​ ដើម្បី​​ចេញ​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​​​ធំ​រឿង «កុំ​ងាក​​​ក្រោយ​វគ្គ ​២» និង​រឿង «​កំណត់​ហេតុ​នាង​​នាថ​វគ្គ ២» ដោយ​តម្រូវ​ឲ្យ​​មាន​​លក្ខខណ្ឌ​តាម​ការ​​ជ្រើសរើស ​គឺ​ក្លាយ​ទៅ​ជា​​​តារា​សម្តែង​​​កុងត្រា​​ប្រចាំ​នៅ​ផលិតកម្ម។ ចំពោះ​សុភាព​បុរស ដែល​មាន​អាយុ​​​​ចាប់​ពី ១៥ ឆ្នាំ ដល់ ២២​ ឆ្នាំ មាន​កម្ពស់ ១,៧០ ម៉ែត្រ​​ ខណៈ​​​​សុភាពនារី​វិញ​​មាន​អាយុ​ចាប់​ពី ១៥ ​ឆ្នាំ ដល់ ២០ ឆ្នាំ ​កម្ពស់ ១,៦៥ ម៉ែត្រ​»។

គួរ​រំ​ឭក​​ថា ផលិតកម្ម​ក្រុង​ពិជ័យ​នេះ​​ កំពុង​​​​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង​ពី​ទស្សនិកជន​ ជាមួយ​​​​​​វណ្ណកម្ម​ដឹកនាំ​ផលិត​ ដែល​​ពោរពេញ​​ដោយ​ទេពកោសល្យ និង​​​ជំរុញ​ឲ្យ​​ភាពយន្ត​ខ្នាត​ធំ​បែប​​​កំប្លែង​ថ្មី​រឿង​ «សំណើច ៦៥២ គីឡូ​ម៉ែត្រ» ផ្ទុះ​​ការ​គាំទ្រ​ជា​ថ្មី ដោយ​បាន​ចាប់​​ផ្តើម​ចេញ​​ផលិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៩ ដោយ​​ប្រមូល​​ផ្តុំ​​ដោយ​តារា​សម្តែង​ប្រុស-​ស្រី​ល្បី​​ឈ្មោះ​ និង​ធ្លាប់​មាន​​​ប្រវត្តិ​ឆ្លង​កាត់​ការ​ប្រកួត​ស្រី​​ស្រស់​-​ប្រុស​​ស្អាត​ច្រើន​ជំនាន់​ដែរ​។

ខណៈ​អ្នក​និពន្ធ និង​ដឹកនាំ​ផលិតការ​សម្តែង​នៅ​ផលិតកម្ម​ក្រុង​ពិជ័យ​ លោក ចាន់ណា រ៉ូណាន ​ធ្លាប់​បាន​សាង​ភាព​​ភ្ញាក់​ផ្អើល និង​កក្រើក​នៅ​ក្នុង​វិស័យ​​ភាពយន្ត​ ដោយ​ស្នាដៃ​ផលិត​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​បន្តបន្ទាប់​ដូចជា​រឿង «​កំណត់​ហេតុ​នាង​នាថ»​ រឿង ​«សសរ​កន្លោង» រឿង​«កុំ​ងាក​ក្រោយ» ជា​​ដើម។

បេក្ខជន​ចាប់​អារម្មណ៍​​អាច​បំពេញ​ពាក្យ និង​ផ្ញើ​រូប​ថត​ទម្រង់​មុខ​ចំ មុខ​ចំហៀង និង​មួយ​ជំហរ ផ្ញើ​តាម​គេហទំព័រ​ផលិតកម្ម​​ផ្ទាល់​ និង​អាច​ធ្វើ​ការ​​​​ទំនាក់ទំនង 098 584 999 /012 832 425៕​