ភ្នំពេញៈ ទីបំផុត​តារាចម្រៀង​ប្រុស​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ១ ប៊ុត សីហា ជិត​មាន​ដំណឹង​ពី​ទ្រនំ​ថ្មី​ហើយ ក្រោយ​ពី​ជួប​ព្យុះ​ភ្លៀង ដែល​រួតរឹត​ដោយ​រឿង​អាស្រូវ​ដ៏​អាម៉ាស់​ប្រើប្រាស់​គ្រឿង​ញៀន​កាល​ពី​ចុង​ខែ​កុម្ភៈ ខណៈ​ថ្មីៗ​នេះ​លេច​ឮថា ផលិតកម្ម​ធំ ២ កំពុង​តែ​ចរចា​យក ហើយ​ត្រៀម​ថត​បទ​ចម្រៀង​ចេញ​នៅ​រដូវកាល​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ទៀត​ផង។

ក្រោយពី​បង្ហោះ​សារ​សុំ​ក្តី​អាណិត​ពី​មហាជន ដើម្បី​ស្វែងរក​ការគាំទ្រ​សាជាថ្មី ដោយ​មិន​ហ៊ាន​ប្រាថ្នា​ឆាក​តន្ត្រី​ធំ គឺ​ចង់​បាន​តែ​ត្រឹម​ឆាក​តន្ត្រី​តូច​តាច​តាម​ភូមិ ឬ​ស្រុក​ស្រែ​ចម្ការ​នោះ ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក​ក៏​ឃើញ​សារ​ប្រកាស​ក្តែងៗ​ថា លាឈ​ប់​ពី​អាជីព​ចម្រៀង ព្រោះ​តែ​បាក់​ទឹកចិត្ត ដែល​ចេញ​ពី​គណនី​ហ្វេសប៊ុក​ខ្លួន​ផ្ទាល់ ប៊ុត សីហា សរសេរ​ថា៖ «អរគុណ​បង​ប្រុស Soklim Reaks Avp ដែល​បាន​ឲ្យ​គេ​ធ្វើ​បទ និង​និពន្ធ​ឲ្យ​ខ្ញុំ​រួម​ទាំង​បង​ប្រុស ស៊ីវ ចន្ទ។ អរគុណ​ដល់​អង្គការ IKARE នៃ​សារមន្ទីរ​មរតក​ជាតិ​ខ្មែរ ដែល​មាន​បង សេក កុសល ជា​នាយក និង​បង សុខ លីម​រក្សា អ្នក​សម្រប​សម្រួល​នៅ​ស្រុក​ខ្មែរ ក្នុង​ការ​ចំណាយ​ប្រាក់​ធ្វើ​សម្រាប់​ខ្ញុំ។ ៥ បទ​ដែល​បាន​ថត​ថ្ងៃ​មិញ​ពិតជា​ត្រូវ​ចិត្ត​ណាស់។ មុន​នឹង​ឈប់​ច្រៀង​ខ្ញុំ នឹង​បន្សល់​សំឡេង​ទុក​ឲ្យ​ពុក​ម៉ែ​បងប្អូន​នៅ​នឹង​អង្គការ IKARE ឲ្យ​បាន ២០ បទ​ខ្ញុំ​នឹង​ឈប់​ច្រៀង​ហើយ ហើយ​ពុក​ម៉ែ បងប្អូន នឹង​បាន​ឈប់​ដៀល​ខ្ញុំ​ត​ទៅ​ទៀត»។

បើតាម​លោក សុខ​លីម រក្សា ជា​អ្នកសម្របសម្រួល​អង្គការ IKARE និង​ជា​បងធម៌​របស់​អតីត​តារា​ចម្រៀង​ប្រុស​លំដាប់​កំពូល​នៅ​លើ​ទ្រនំ​ហង្សមាស ប៊ុត សីហា ដែល​ទើប​ជំពប់​រឿង​អាស្រូវ​ស្ទើរ​ធ្លាក់​រហូត​ដល់​ចំណុច​សូន្យ​នោះ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «នាពេល​ថ្មីៗ រំលង​ប្រមាណ​ជិត​មួយ ១ ខែ កន្លង​មក​នេះ ប៊ុត សីហា មាន​ផលិតកម្ម​ចម្រៀង​ជាច្រើន​បាន​មក​ចរចា​ចង់​បាន​គាត់​ទៅ​ច្រៀង​នៅ​ផលិតកម្ម​ខ្លួន តែ​មាន​ជម្រើស​ផលិតកម្ម​ធំ ២ ដែល​ជា​ជម្រើស​ចុង​ក្រោយ​របស់​គាត់ នឹង​សម្រេច​នា​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​គឺ​មាន​ផលិតកម្ម​ថោន និង​ផលិតកម្ម​សាន់ដេ»។

អ្នកសម្របសម្រួល​អង្គ​ការ IKARE រូបនេះ​បាន​បន្តថា៖ «បើតាម​ដឹង​នោះ ប៊ុត សីហា ពិតជា​ចង់​ទៅ​ក្លាយ​ជា​សមាជិក​នៃ​ផលិតកម្ម​ទាំង ២ នេះ​ណាស់ តែ​ដោយសារ​មិន​ទាន់​ត្រូវ​គ្នា​រឿង​កុងត្រា តែ​ជា​អាទិភាព​សម្រាប់​គាត់​គឺ​ផលិតកម្ម​ថោន ខណៈ​គាត់ និង​ខ្ញុំ នឹង​ត្រូវ​ជួប​ពិភាក្សា​គ្នា​ជា​ចុង​ក្រោយ​ផង​ដែរ ជាមួយ​នឹង​លោក មាស សុខរតនៈ ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ថោន នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​កុងត្រា និង​លក្ខខណ្ឌ​នានា​មួយ​ចំនួន សម្រាប់​ការ​យល់​ព្រម​ទទួល​យក សីហា ឲ្យ​ចូល​ទៅ​ផលិតកម្ម​ថោន។ ពេល​មិន​យូរ​ទេ អាច​ពាក់​កណ្តាល​ខែ​កក្កដា ឬ​ចុង​ខែ​កក្កដា នេះ សីហា នឹង​អាច​បង្ហាញ​វត្តមាន​ដឹង​ច្បាស់​ពី​ទ្រនំ​ថ្មី​ជា​មិន​ខាន។

ក្រោយពី​មានការ​ចរចា​ត្រូវ​គ្នា​ហើយ នាឱកាស​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ខាងមុខ​ក្នុងឆ្នាំ​នេះ សីហា ក៏មាន​បទ​ចម្រៀង​ចេញ​បំពេ​អារម្មណ៍​មហាជន​តែ​ម្តង។ ប្រសិន​បើ ការ​ចរចា​ជាមួយ​ថោន មិន​ត្រូវ​គ្នា​នោះ​ទេ គាត់​នៅ​មាន​ជម្រើស​បន្ទាប់​មួយ​ទៀត​គឺ​ផលិតកម្ម​សាន់ដេ ខណៈ​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់ ក៏​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់ សីហា និង​រូប​ខ្ញុំ​ជា​អ្នក​សម្រប​សម្រួល​ទៅ​ជួប»៕