ភ្នំពេញ៖ ​ដើម្បី​​ពង្រីក​ទីផ្សារ​​ផ្នែក​​វិស័យ​សិល្បៈ​ឱ្យ​ដើរ​ទាន់​តាម​​សម័យកាល​ និង​កាន់​តែ​​ទូលំទូលាយ​​នោះ ទើប​ជំរុញ​ឱ្យ​​ផលិតកម្ម​ធំ​ចំនួន​​​ ២ របស់​ប្រទេស​​​​កម្ពុជា និង​ថៃ​ បាន​ពួត​ដៃ​គ្នា​ធ្វើ​ទំនើបកម្ម​ផ្នែក​ទីផ្សារ​លើ​វិស័យ​សិល្បៈ​​​តាមរយៈ​ការ​រៀបចំ​ការ​ប្រគំ​តន្រ្តី​រវាង​​ផលិតកម្ម​ថោន និង​ផលិតកម្ម​​ GRAMMY។

គួរ​ឱ្យ​កត់​សម្គាល់​ផលិតកម្ម​ទីក្រុង​ភាពយន្ត (ថោន) ​បាន​បោះ​ជំហាន​មួយ ស្រប​ទៅ​នឹង​ការ​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ទិសដៅ​ការងារ​អាទិភាព សម្រាប់​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​សេរី​ក្នុង​ន័យ​ចូលរួម​អភិវឌ្ឍ ​ថែ​រក្សា​​វប្បធម៌​ឱ្យ​បាន​រឹងមាំ​ និង​រស់រវើក។ បើ​គិត​មក​ដល់​ឆ្នាំ ​២០២០​ នេះ​ ​ផលិតកម្ម​ថោន​មាន​​អាយុ​​កាល ​១០ ឆ្នាំ​ ហើយ​​ដោយ​​​មាន​តារា​ចម្រៀង​​​​ប្រុស​ស្រី និង​តារា​សម្តែង​ល្បីៗ​ជា​ច្រើន ​បាន​ចូលរួម​រស់​ជាមួយ​ថោន​បង្កើត​បាន​នូវ​ទស្សនីយភាព​​ដ៏​ជក់​ចិត្ត​បម្រើ​ដល់​​​សាធារណជន។​

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​​ថោន​​គ្រុប លោកស្រី វ៉ា នីតា បាន​ថ្លែង​ឱ្យ​ដឹង​នា​ថ្ងៃ​ប្រកាស​​បើក​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​រវាង​​ផលិតកម្ម​​ទីក្រុង​ភាពយន្ត​ (ថោន) និង​ផលិតកម្ម GMM (GRAMMY) កាល​​ពី​ថ្ងៃទី ​៣ ខែ ​ធ្នូ ​ឆ្នាំ ​២០២០ តាម​របៀប​ធ្វើ​ការងារ​ថ្មី​នា​​​សម័យ​កូវីដ ១៩ នេះ​​ថា៖ «ជាក់​ស្តែង​នៅ​ថ្ងៃ​នេះ​ ​បាន​លេច​ចេញ​ជា​រូបរាង​ថ្មី​មួយ​ទៀត​ រវាង​ផលិតកម្ម​ទីក្រុង​ភាពយន្ត​​ប្រចាំ​ប្រទេស​កម្ពុជា និង​ផលិតកម្ម GRAMMY ​ប្រចាំ​ប្រទេស​ថៃ បាន​រួមគ្នា​ចុះ​កិច្ច​ព្រមព្រៀង​ពង្រីក​ទីផ្សារ​ផ្នែក​​​វិស័យ​​សិល្បៈ​កម្សាន្ត​រួម​គ្នា​​ផលិត​បទ​ចម្រៀង​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​នានា​ (Concerts) ​បង្កើត​បាន​ជា​រសជាតិ​ថ្មី ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ក៏​ដូច​ជា​​ពេល​ទៅ​អនាគត។

រាប់​ចាប់​តាំង​ពី​ផលិតកម្ម​ថោន បាន​បង្កើត​​ជា​មួយ​នឹង​ការ​ទទួល​បាន​នូវ​​ការ​គាំទ្រ​​ពី​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ​ផលិតកម្ម​ថោន​បាន​ពង្រីក​​​អាជីវកម្ម​របស់​ខ្លួន ដើម្បី​ចូល​​​​​រួម​ចំណែក​នូវ​​ការ​កសាង​​អភិវឌ្ឍ​សង្គម​ជាតិ​ខាង​វិស័យ​​សិល្បៈ​។

ជំនួប​តំណាង​ផលិត​កម្ម​ថោន និង​ផលិត​កម្ម Grammy អនឡាញ។ ហេង ជីវ័ន

លោក​ស្រី វ៉ា នីតា បាន​បន្ត​​ថា​៖ «ជា​ថ្មី​ម្តង​ទៀត ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ ផលិតកម្ម​ទីក្រុង​ភាពយន្ត (ថោន) ​និង​ផលិតកម្ម GRAMMY ចាប់​ពី​ថ្ងៃ​នេះ​​​ត​ទៅ​បាន​រួម​គ្នា​ធ្វើ​ទំនើបកម្ម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​​តម្រូវការ​ទីផ្សារ​ឱ្យ​បាន​ទាន់់​​ពេល​ និង​កាន់​តែ​​ទូលំទូលាយ ​ជា​ពិសេស គឺ​ការ​ខិតខំ​​សម្រិត​សម្រាំង​​ផលិតកម្ម​វិធី​ល្អៗ​ឱ្យ​បាន​ច្រើន ​ដើម្បី​បំពេញ​តាម​​តម្រូវ​ការ​ទីផ្សារ​នៅ​​ក្នុង​ស្មារតី​ទទួល​​​​ខុស​ត្រូវ ​សំដៅ​រួមគ្នា​លើក​​កម្ពស់​វិស័យ​សិល្បៈ​ឱ្យ​មាន​ភាព​ល្បីល្បាញ ​និង​រួម​គ្នា​ ការពារ​គោរព គាំទ្រ​លើ​ស្នាដៃ​អ្នក​និពន្ធ ​និង​​ក្រុម​អ្នក​ផលិត​ក្នុង​​ន័យ​ការ​លើក​ទឹក​ចិត្ត ​ផ្តល់​តម្លៃ​​ម្ចាស់​កម្មសិទ្ធិ​»។

លើស​​​ពី​​​នេះ​ ផលិតកម្ម​ថោន និង​​​​ផលិតកម្ម GRAMMY​ បាន​​​​រួម​​គ្នា​​បង្កើត​នូវ​​​បណ្តាញ​សង្គម ​YouTube ​ថ្មី​​មួយ​រួម​គ្នា​​ដែល​មាន​​ឈ្មោះ​​​ថា «​TOWN ​x GMM GRAMMY» ដើម្បី​ឱ្យ​អ្នក​គាំទ្រ​អាច​ចូល​​ទស្សនា​កម្សាន្ត​ដោយ​សេរី​ និង​​​មាន​លក្ខណៈ​យ៉ាង​សម្បូរ​បែប​នៃ​វិស័យ​​​​​សិល្បៈ​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ថោន​អ៊ីនធឺធេនមែនគ្រុប នា​ពេល​បច្ចុប្បន្ន​នេះ​​ បាន​និង​កំពុង​​​ពង្រីក​នូវ​​វិសាលភាព​របស់​ខ្លួន​មាន​បុត្រ​សម្ព័ន្ធ​ចំនួន ៥ រួម​មាន​​ដូចជា​ ផលិតកម្ម​ថោន ​ស្ថានីយវិទ្យុ​​​ថោន ស្ថានីយ​​វិទ្យុថប់​ ផលិតកម្ម​ Top Music និង​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​ថោន​៕

ហេង ជីវ័ន