ភ្នំពេញ៖​ ក្រៅ​ពី​ឃើញ​មាន​សកម្មភាព​ផុសផុល​​នឹង​​ការ​​ផលិត​​កុន​ភាគ​បែប​​បុរាណ​​របស់​ខ្មែរ​​ជា​រឿយៗ​ គេ​​ក៏​ឃើញ​​ផលិតកម្ម​​​​ឌីអិល ( DL​​) បាន​ដាក់​គោលដៅ​ក្នុង​ការ​ផលិត​កុន​រឿង​បែប​អក្សរ​សិល្ប៍​ខ្មែរ​ផង​​ដែរ ដោយ​គម្រោង​​នេះ ​គឺ​ជា​ដំណឹង​​ល្អ​ និង​រីករាយ ​សម្រាប់​សិស្សានុសិស្ស​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ អាច​មាន​​ខ្សែ​ភាពយន្ត​​​ទស្សនា​​​ ដើម្បី​​​​បង្កើន​ការ​ចងចាំ​នៃ​​​ការ​សិក្សា​រឿង​អក្សរសិល្ប៍​របស់​ពួក​គេ​បន្ថែម​ពី​លើ​ការ​អាន​សៀវភៅ​​​។

រឿង​អក្សរសិល្ប៍ខ្មែរ​​​ ដែល​ផលិត​កម្ម DLគ្រោងផលិតជាកុន។ ហ្វេសប៊ុក​

បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ផលិតកម្ម DL​ បាន​បង្ហើរ​សារ​ថា៖ «​ផលិតកម្ម DL កំពុង​តែ​ត្រៀម​ក្នុង​ការ​ផលិត​រឿង​បែប​អក្សរសាស្ត្រ​​ខ្មែរ​​ជា​ច្រើន​​រឿង មាន​ដូចជា រឿង ១-ផ្កា​ស្រពោន ២-ព្រះអាទិត្យ​ថ្មីរះ​លើ​​ផែនដី​ចាស់​ ៣-កុលាប​ប៉ៃលិន​ ៤-សូផាត ៥-ថៅកែ​ចិត្ត​ចោរ ៦-គូលី​កំណែន​ ហើយ​​​យើង​ក៏​ត្រូវ​ការ​នូវ​មតិ​ជា​ការ​ជួយ​​ផ្តល់​យោបល់​ពី​បងប្អូន​ទាំង​អស់ ដែល​យល់​ដឹង​ផ្នែក​​អក្សរសាស្ត្រ​នៃ​រឿង​បែប​អក្សរ​​សិល្ប៍ ជួយ​បញ្ចេញ​មតិ​ផង ដើម្បី​ឲ្យ​ការ​ផលិត​នេះ​មើល​ទៅ​ល្អ និង​មាន​មតិ​ច្រើន​ចូលរួម​កែ​តម្រូវ ដោយ​​​ក្នុង​នាម​យើង​ជា​ជនជាតិ​ខ្មែរ​តែ​មួយ។​ អរគុណ​​ទុក​ជា​មុន​ ប្រសិន​បើ​​មាន​​ការ​ខុស​ឆ្គាំឆ្គង​អី​សូម​អធ្យាស្រ័យ​ផង​ ព្រោះ​ DL បង្កើត​​ឡើង​ ដើម្បី​ចង់​ផលិត​នូវ​អ្វី​ដែល​​ទាក់ទង​នឹង​បង្ហាញ​អំពី​សិល្បៈ​​គ្រប់​ទម្រង់​។​ ​ក្នុង​នោះ ​មាន​​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​ទាក់ទង​នឹង​អក្សរសិល្ប៍​ខ្មែរ ​ពី​សំណង់​​ស្ថាបត្យកម្ម​ខ្មែរ​សង្ឃឹម​ថា កូន​ខ្មែរ​យើង​ជួយ​គាំទ្រ​ និង​ផ្តល់​មតិ​ល្អៗ​ ដើម្បី​ជួយ​​​កែ​តម្រូវ​ រាល់​កំហុស​ឆ្គង​​ ដោយ​ប្រការ​​ណា​មួយ​»។ 

ក្រៅ​ពី​មាន​ការ​ចុច​ Like ដែល​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​សាទរ​នោះ ​​ក៏​មាន​​ការ​ចូលរួម​ជា​មតិ​មួយ​ចំនួន​ផង​ដែរ សម្រាប់​ដំណឹង​នៃ​ការ​គ្រោង​ថត​​កុន​រឿង​បែប​អក្សរសិល្ប៍​ ដោយ​​​​​លើក​ឡើង​ថា៖ «​ខ្ញុំ​គាំទ្រ​គឺ​​ស្រឡាញ់​តែ​ម្ដង​​បើ​កាន់​តែ​ផលិត​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ​បាន​យល់​ដឹង​ថែម​ទៀត​​ ហើយ​ដូច​បាន​រក្សា​​​វប្បធម៌ជាតិ​ និង​លើក​តម្កើង​​​តម្លៃ​​វប្បធម៌​។ ជា​យោបល់​​ខ្ញុំ​​ដំបូង​ បង​​ត្រូវ​​សិក្សា​ស្វែង​​​​យល់​បន្ថែម​​ពី​រឿង​ទាំង​មូល​​​​នៃ​រឿង​នីមួយ​ៗ​​ ជ្រើស​រើស​​តួអង្គ​ឲ្យ​ស៊ី​នឹង​សាច់​រឿង ​(លក្ខណៈ​ តួអង្គ​​ពេល​​​សម្ដែង​​​ទៅ​​ចូល​​តួ​បាន​​​​ល្អ​) ​​ទីតាំង​​ថត ​និង​ background​ ឲ្យ​ស៊ី​​នឹង​ផ្ទៃ​​រឿង​​ ព្រោះ​ថា​​ រឿង​ទាំង​អស់​នេះ ​​ជា​រឿង​​លក្ខណៈ​ជាតិ​​ ព្រម​ទាំង​​រំលេច​​នូវ​​ទស្សនីយភាព​​ឲ្យ​ស៊ី​នឹង​​ទិដ្ឋភាព​​តាម​សម័យកាល​​នៃ​រឿង​នីមួយៗ​ដែរ​»។​

បន្ថែម​ពី​នោះ​ទៀត ក៏​មាន​អ្នក​​ចូលរួម​ជា​យោបល់​បែប​សំណូមពរ​​​​ដោយ​ទទូច​ផង​​ដែរ​ថា៖ «​កុំ​ភ្លេច​​មាន​ឧបករណ៍​ភ្លេង​ខ្មែរ​ដូច​ជា សាដៀវ ឃឹម​ សម្រាប់​អម​ជាមួយ​​សាច់​រឿង ​ព្រោះ​​ងាយ​ស្រួល​​នាំ​រូបារម្មណ៍​ទស្សនិកជន​ជាពិសេស​ប្រជាជន​ខ្មែរ​យើង​ឲ្យ​​​ចូល​ទៅ​ដល់​សម័យ​នៃ​អតីតកាល​​ជា​ដើម»៕​