ភ្នំពេញ៖ ដោយ​​មួយ​​រយៈ​នេះ ឧស្សាហ៍​ឃើញ​កើត​​មាន​បញ្ហា​ចម្រូង​​​ចម្រាស​គ្នា​ខ្លាំង​រវាង​តារា​ចម្រៀង​​​​រលក​ក្រោយ​ត្រូវ​បាន​តារា​ចម្រៀង​​រលក​មុខ ឬ​ម្ចាស់​កវី​​និពន្ធ​ ចោទ​ប្រកាន់​​​រឿង​យក​​បទ​​​ចម្រៀង​​គេ​​ទៅ​ច្រៀង​មិន​បាន​​សុំ​ការ​អនុញ្ញាត ឬ​រំលោភ​ច្បាប់​​កម្ម​សិទ្ធិ​បញ្ញា​នោះ​​ ទើប​​​​ថ្មីៗ​នេះ ផលិតកម្ម​​ Galaxy Navatra​ បាន​ប្រកាស​​​ទិញ​​សិទ្ធិ​​​ផ្តាច់​មុខ​នូវ​បទ​ចម្រៀង​​មរតក​ដើម​​​អតីត​កវី​​ម្ចាស់​​ស្ទឹង​សង្កែ​លោក គង្គ ប៊ុន​ឈឿន ដែល​មាន​​ការ​ព្រមព្រៀង​ពី​ភរិយា​​កវី និង​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង​ដែរ​។

បើ​​តាម​លិខិត​មេធាវី​​របស់​​ផលិតកម្ម​ Galaxy Navatra ​បាន​​​ជូន​ដំណឹង​កាល​ថ្ងៃទី ​១៩ ខែ​ ឧសភា ឆ្នាំ ​២០២០ នោះ​​​បញ្ជាក់​ថា៖ «ខ្ញុំ​ គូន សារឿន ជា​​មេធាវី​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ Galaxy Navatra Group Co.,LTD ក្រោម​កម្មវត្ថុ​ សូម​ជម្រាប​​ដំណឹង​អំពី​សិទ្ធិ​ក្នុង​ការ​ផលិត​ និង​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​​បទ​ចម្រៀង​មរតក​ដើម​របស់​កវី​និពន្ធ​ គង្គ ប៊ុនឈឿន។​ តប​តាម​​កម្មវត្ថុ​ និង​យោង​ខាង​លើ​ ខ្ញុំ​បាទ​មាន​កិត្តិយស​ជម្រាប​ជូន​​​ដល់​សាធារណជន រួម​ទាំង​បណ្តាល​​ផលិតកម្ម​ចម្រៀង​នៅ​ក្នុង​​​ព្រះរាជាណាចក្រ​កម្ពុជា​ និង​​​ម្ចាស់​ CHANNEL​ YOUTUBE ទាំង​អស់​មេត្តា​ជ្រាប​ថា ក្រុមហ៊ុន​​ Galaxy Navatra Group Co.,LTD បាន​​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ពី​លោកស្រី គាត គឹមលន ជា​ភរិយា​​របស់​អតីត​កវី​និពន្ធ គង្គ ប៊ុនឈឿន ក្នុង​ការ​ផលិត​ និង​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​បទ​ចម្រៀង​​មរតក​ដើម​ ដែល​ជា​ស្នាដៃ​​​របស់​កវី​និពន្ធ​ គង្គ ប៊ុនឈឿន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​​រួម​ទាំង ​CHANNEL YOUTUBE សម្រាប់​រយៈពេល​​ ១០ ឆ្នាំ គិត​ចាប់​ពី​ថ្ងៃទី ​១០ ខែ ​មេសា ឆ្នាំ ​២០១៩»។​

លិខិត​​ផ្លូវ​ការ​ជូនដំណឹង​ពី​​មេធាវី​របស់​ផលិតកម្ម GalaxyNavatra។ រូប​ថត ហ្វេសប៊ុក

ខណៈ​សេចក្តី​ជូន​ដំណឹង​នេះ​ក៏​បាន​កំណត់​ពេល​ឲ្យ​ភាគី​​ទាំង​ផលិតកម្ម និង​ម្ចាស់​គេហទំព័រ​នានា​​ឲ្យ​បញ្ឈប់​សកម្មភាព​យក​​បទ​​មរតក​ដើម​របស់​​កវី​និពន្ធ​ គង្គ ប៊ុនឈឿន ថា៖ «​អាស្រ័យ​​​ដូច​​បាន​ជម្រាប​ខាង​លើ​ សូម​បណ្តា​ផលិតកម្ម​ និង​ CHANNEL YOUTUBE ទាំង​អស់​​ដែល​​​បាន​យក​បទ​ចម្រៀង​​មរតក​​​ដើម​ទៅ​ Upload ឬ​ផលិត​​​ឡើង​វិញ​ និង​ការ​កែ​សម្រួល​​ចង្វាក់​ភ្លេង​ ព្រម​ទាំង​ខ្លឹមសារ​ខុស​ពី​ទម្រង់​ដើម​ ដាក់​ផ្សាយ​​តាម​ CHANNEL ឬ​ដាក់​លក់​ នៅ​ក្នុង ​App Store ឬ​​​យក​ទៅ​ដាក់​ Copyright កន្លង​​​មក​ មេត្តា​រួស​រាន់​លុប​ចេញ​ ឬ​ដក​ចេញ​ឲ្យ​បាន​មុន​ថ្ងៃទី ​១ ខែ ​មិថុនា ឆ្នាំ ​២០២០ ​នេះ​ មុន​នឹង​យើង​ខ្ញុំ​ប្រើប្រាស់​នូវ​​សិទ្ធិ​តាម​នីតិវិធី​ច្បាប់​ក្នុង​ការ​ការពារ សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​យើង​ខ្ញុំ»។​

ចំណែក​លោក យឹម តាស្រង់ ​​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ Galaxy Navatra ក៏​បាន​ចេញ​សារ​ជូន​ដំណឹង​ដែរ​ថា៖ «​ដើម្បី​ចូល​រួម​ថែរក្សា និង​លើក​កម្ពស់​ស្នាដៃ​មរតក​ដើម ព្រម​ទាំង​​​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​អ្នក​ដែល​បាន​ទទួល​​សិទ្ធិ​គ្រប់គ្រង​មរតក​សាសន៍​នូវ​បទ​ចម្រៀង​មរតក​ដើម​របស់​កវី​និពន្ធ​បទចម្រៀង​ដ៏​ឆ្នើម​របស់​ប្រទេស​យើង​ផលិតកម្ម​ Galaxy Navatra ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា​ ផលិតកម្ម​ Galaxy Navatra​ បាន​​ទិញ​សិទ្ធិ​ផ្តាច់​មុខ​បទ​ចម្រៀង​​មរតក​ដើម​របស់​កវីនិពន្ធ ​គង្គ ​ប៊ុនឈឿន ​ដើម្បី​រក្សា ​និង​ផលិត​ឡើង​វិញ​ដោយ​​រក្សា​ទម្រង់​ដើម​ ព្រម​ទាំង​​​ប្រើប្រាស់​​នៅ​ក្នុង​ Youtube ​និង​ប្រព័ន្ធ ​Digital ផ្សេងៗ​ដូចជា ​Calltune តាម​ទូរស័ព្ទ​​ដើម្បី​ស្វែង​រក​ចំណូល​​បន្ថែម​ជូន​ម្ចាស់​​ស្នាដៃ ​ដោយ​មាន​រយៈពេល ១០​ ឆ្នាំ ដែល​បទ​ភាគ​ច្រើន​ជា សំនៀង​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត លោក​​យាយ​ រស់ សេរី​សុទ្ធា ​និង​មរតក​សំនៀង​ជា​ច្រើន​រូប​ទៀត»៕​