The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផលិតកម្ម LD រំពឹង​រឿង «The Clock» អាច​ហក់​ចូល​ស្រូប​យក​ទីផ្សារ​បរទេស

ផលិតកម្ម LD រំពឹង​រឿង «The Clock» អាច​ហក់​ចូល​ស្រូប​យក​ទីផ្សារ​បរទេស

Content image - Phnom Penh Post
ឈុតឆាក​មួយ​នាពេល​ចាប់​ផ្តើម​ថតកុន​រឿង «The Clock»​។ រូបថត សហការី

ផលិតកម្ម LD រំពឹង​រឿង «The Clock» អាច​ហក់​ចូល​ស្រូប​យក​ទីផ្សារ​បរទេស

ភ្នំពេញៈ ថ្មីៗ​នេះ​ស្រាប់តែ​ចាងហ្វាង​ផលិតកម្ម LD លោក លៀក លីដា បាន​បង្ហើរ​សារ​បង្ហាញ​ពី​ឆន្ទៈ​ដ៏មុតមាំ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ចម្រាញ់​ផលិត​កុន​ខ្នាត​ធំថ្មី​មួយ​ទៀត ដោយ​លោក​មាន​គោលដៅ​យក​ទៅ​ប្រកួតប្រជែង​យក​ទីផ្សារ​អន្តរជាតិ​គឺ​រឿង «The Clock»​។

លោក លៀក លីដា បាន​បង្ហោះ​សារ​ថា​៖ «​កាលពី​ឆ្នាំ​ ២០១១ ខ្ញុំ​បាន​ដឹកនាំ​សម្តែង​រឿង «​អាប​ពាក់​មួក​សុវត្ថិភាព​» ដែល​បាន​ធ្វើឲ្យ​ល្បី​រន្ទឺ​ដល់​ទស្សនិកជន​នៅក្នុង​ប្រទេស​ដែល​រឿង​នេះ​ជា​ការ​រស់​ឡើង​វិញ​នៃ​ភាពយន្ត​ខ្មែរ​។ ថ្ងៃនេះ​ឆ្នាំ​នេះ​ខ្ញុំ​បាន​កំពុង​ដឹកនាំ​រឿង​ថ្មី​មួយ​ទៀត​គឺ​រឿង «The Clock: Spirit awaking» ដោយ​រឿង​នេះ​ខ្ញុំ​ដាក់​ទុន​ជាង​មុន ១០ ដង​ក្នុង​គោលបំណង​ឲ្យ​ភាពយន្ត​ខ្មែរ​មួយ​នេះ​អាច​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​»​។

ចាងហ្វាង និង​អ្នកដឹកនាំ​សម្តែង​ផលិតកម្ម LD រូប​នេះ​ក៏​បាន​ព្រលយ​ឲ្យ​ដឹង​ពី​ការត្រៀម​ខ្លួន​ក្នុង​ការនាំ​យក​កុន​ដុំ​ថ្មី​ខ្នាត​ធំ​រឿង «The Clock» ដែល​មាន​តួ​សម្តែង​ដោយ​ជនជាតិ​បារាំង​មួយគូ និង​តារាសម្តែង​ខ្មែរ​សុទ្ធ​តែ​ជា​ពន្លក​ថ្មី​នោះ​ថា​៖ «​យើង​មាន​ក្តីរំពឹង​ខ្លាំង​ដោយ​មាន​កត្តា​ ៣ ​យ៉ាង​ដែល​នឹង​ជួយ​ឲ្យ​កុន​ថ្មី​នេះ​អាច​ហក់​ចូល​ទៅ​កាន់​ទីផ្សារ​បរទេស​។ ទី​ ១ ដោយសារ​រឿង​នេះ​ជា​ប្រភេទ Global script ដែល​តួអង្គ​ស្ត្រីជាតិ​បារាំង​ម្នាក់​បាន​សម្លាប់ខ្លួន​ព្រោះ​ឥទ្ធិពល​បទចម្រៀង​និពន្ធ​ដោយ​ជនជាតិ​អង់គ្លេស​កាលពី​ឆ្នាំ​ ១៩៣២ ដែល​មាន​ចំណង​ជើង​ថា «Gloomy Sunday» ដែល​និយាយ​ពី​ការសម្លាប់​ដ៏ច្រើន​របស់​ជនជាតិ​ហុងគ្រី​នោះ ទី​ ២ ដោយ​យើង​បាន​ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកទេស​សម្រាប់​ថតកុន​គឺ​សុទ្ធ​តែ​មាន​លក្ខណៈ​ស្តង់ដា ទំនើប​ទាន់សម័យ បែប​ជា​កាមេរ៉ា​ល្អៗ​ដូចជា​ការផលិត​កុន​ហូលីវូដ និង​ទី​ ៣ ក្រោយពី​ថត​ចប់​យើង​មាន​អ្នកជំនាញ​កុន​ទាំង​ខ្មែរ និង​បរទេស​ត្រួតពិនិត្យ និង​ពិភាក្សា​គ្នា​ពី​ប្លង់​សំខាន់ៗ​។ ទាំង​ ៣ ​ចំណុច​នេះ​គឺ​ពិតជា​អាច​ជួយ​ឲ្យ​រឿង​ The Clock អាច​ឈាន​ទៅ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​លើ​ទីផ្សារ​បរទេស​បាន​»​។

ក្រៅពី​សាច់​រឿង​មាន​ការយក​នូវ​ឈុត​ដ៏សំខាន់​មួយ​ផ្នែក​នៃ​ការធ្វើ​អត្តឃាត​របស់​ស្ត្រី​ជនជាតិ​បារាំង ដោយសារ​តែ​បទចម្រៀង​មាន​ចំណងជើង​ថា «Gloomy Sunday» នោះ​ក៏​មាន​លើក​យក​ពី​ទិដ្ឋភាព​ឆ្លុះបញ្ចាំង​ពី​អាណានិគម​របស់​ប្រទេស​បារាំង​មក​លើ​ប្រទេស​កម្ពុជា​នា​ឆ្នាំ​ ១៩៤៥ ផង​ដែរ ទើប​ជំរុញ​ឲ្យ​ផលិតករ LD លោក លៀក លីដា សម្រេច​យក​តួសម្តែង​ស្រី​ម្នាក់ និង​តួ​ប្រុស​ម្នាក់​ជា​ជនជាតិ​បារាំង​មក​សម្តែង​ក្នុង​រឿង​នេះ​ផង​ដែរ​។

លោក លៀក លីដា ​បាន​បញ្ជាក់​ថា​៖ «​រឿងនេះ​យើង​នឹង​បញ្ចូល​សំឡេង​ជា​ភាសា​បារាំង និង​មាន​អក្សរ​រត់​ពី​ក្រោម​ជា​ភាសា​អង់គ្លេស​។ ការចំណាយ​ទុន​វិញ​គឺ​យើង​ចាយលុយ​ច្រើន​ជាង​ការផលិត​ដើម្បី​ទីផ្សារ​ក្នុង​ស្រុក​គឺ​ប្រហែល​ជា​ត្រូវ​គុណ​នឹង ១០ ដង​ឯណោះ​»៕

Content image - Phnom Penh Post
កញ្ញា Challote តួឯក​ស្រី​ជាតិ​បារាំង​ក្នុង​កុន​រឿង «The Clock»​។ រូបថត សហការី

អត្ថបទគួរចាប់អារម្មណ៍