ភ្នំ​ពេញ:​ ខណៈ​ផ​លិតករ​ក្នុង​ស្រុកជា​ច្រើន រួម​ទាំង​​ម្ចាស់​ផ​លិត​កម្ម​ LD Picture ​​លោក លៀក លីដា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ចំ​ពោះ​ភាព​យន្ត​ខ្មែរ​មិន​សូវ​មាន​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន​​ ក្ដីកង្វល់​នេះ​បាន​ធ្វើ​ឲ្យ​ផ្អើល​ដល់​តា​រា​សម្តែង​ និង​ជា​ពិ​ធី​ករ​ល្បី​ឈ្មោះ​​ លោក​ ប៉ែន​ ចំ​រ៉ុង​ ដែល​ខ្លាច​ត្រូវ​ប្តូរ​អា​ជីព​។

ដោយ​សារ​តែ​ទំនោរ​ប្រ​ជា​ជន​ខ្មែរ​យើង​សម័យ​បច្ចុ​ប្ប​ន្នបាន​ផ្អៀង​ចំណាប់អារម្មណ៍តាមដាន​រឿង​​បរទេស ទាំង​ម៉ោង​ចាក់បញ្ចាំង​ភាពយន្ត​ក្នុង​ស្រុកតាម​រោងភាពយន្ត​ក៏​​ចង្អៀត ​​ ​បណ្តា​ផលិត​ករ​ខ្មែរ​បាន​នាំ​គ្នា​សម្ដែង​នូវ​ក្ដី​លំបាក​ក្នុងការ​ឈរ​ជើង​លើ​ទីផ្សារ​​​ផ្ដល់​ចំណី​ចក្ខុ​ដល់ទស្សនិកជន​ ​ដែលគាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ។

ទន្ទឹម​នឹង​ផលិតករ​ល្បីៗ​ត្អូញ​ត្អែ​ពី​កង្វះ​ការគាំទ្រ ដែល​អាច​ឈាន​ទៅ​ដល់​ភាព​នឿយណាយ​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត សូម្បីតែ​តួ​សម្ដែង​ដូច​ជា​លោក ប៉ែន ចំរ៉ុង ក៏​បារម្ភ​ពី​ការ​បាត់បង់​ឱកាស​សម្ដែង​សម្រាប់រូបលោក និង​មិត្ត​រួមអាជីព​​ផង​ដែរ។

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន តារា​សម្ដែង​ និង​ពិធីករ​ពូកែ​ខាង​កំប្លុក​កំប្លែង​រូបនេះ បរិយាយ​សារ​ជុំវិញ​ក្ដី​កង្វល់​របស់លោក​ឡើង​ថា៖​«​អត់​ផលិត​ករ​ អត់​មាន​ផលិត​កម្ម​ អ៊ី​ចឹង​តួសម្តែង​រែក​ដូង​លក់​ឲ្យ​ហើយ​ទៅ​កន​យើង​»។

ពិធីករ និង​តារាសម្ដែង​លោក ប៉ែន ចំរ៉ុង។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

ជុំវិញ​ការ​បង្ហើរ​ខាងលើ ​តា​រា​សម្តែង​ និង​ជា​ពិ​ធី​ការ​ស្រស់​សង្ហា​ លោក ប៉ែន ចំរ៉ុង ​បាន​ប្រាប់​មក​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ បន្ថែម​ថា​៖ «​ដោយ​សារ​តែ​គាត់ ​(លោក​ លៀក​ លី​ដា​) ជា​អ្នក​ផលិត​កុន​ដែល​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ​ ដែល​មាន​ការ​ចាប់​អា​រម្ម​ណ៍​ និង​ទ​ទួល​បាន​ប្រ​ជា​ប្រិយ​ភាព​ច្រើន​ពី​អ្នក​គាំ​ទ្រ​ ហើយ​គាត់​មាន​ការ​ព្រួយ​បា​រម្ភ​ អ៊ីចឹង​ចំ​ពោះ​ខ្ញុំ​ជា​អ្នក​សម្តែង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​»។

លោក ​ប៉ែន​ ចំ​រុង​ ក៏​បាន​ផ្តាំ​ផ្ញើរ​ទៅ​ទស្ស​និក​ជន​ទាំង​អស់​ថា​៖​ «​សុំ​ឲ្យ​បណ្តា​ទស្ស​និក​ជន​ចូល​រួម​រិះ​គន់​ ដើម្បី​ស្ថា​នា​ និង​សុំ​ឲ្យ​គាត់​បង្វែរ​ពី​ការ​ពេញ​និយម​បរទេស​និ​យម​​ ឬ​​បង​ប្អូន​មួយ​ចំ​នួន​ទៀត​ចូល​ចិត្ត​បរទេស​និ​យម​មក​ចូល​ចិត្ត​និង​​បង្ហាញ​ទស្ស​នៈ​របស់​គាត់​តាម​រយៈ​ទស្ស​នា​ភាព​យន្ត​ខ្មែរ​ ដើម្បី​លើក​ស្ទួយ​ភាព​យន្ត​ខ្មែរ​ឲ្យ​កាន់​តែរីក​ចម្រើន​»។​

ពិធីករ​ និង​តារា​សម្ដែង​ ដែល​​សម្បូរ​ទាំង​រឿង​អាស្រូវ និង​ទាំង​ទីផ្សារ​សិល្បៈ រូបនេះ​​​បាន​បន្ត​ទៀត​ថា​៖ ​​«​ប្រ​សិន​បើ​គ្មាន​អ្នក​គាំ​ទ្រ​ ផលិត​ករ​ក៏​មិន​មាន​ដែរ​ អ្នក​ធំ​ជាង​ផលិត​ករ​ គឺ​ទស្ស​និកជន​អ្នក​គាំ​ទ្រ​នេះ​ឯង​ បើ​សិន​គ្មាន​ពួក​គាត់​អ្នក​គាំ​ទ្រ​ ក៏​គ្មាន​ពួក​បង ​(ផលិត​ករ​ និង​អ្នក​សម្តែង​) ដែរ​។ ​ផលិត​កម្មនា​នា​ ឬ​​ក៏​ការ​ផ​លិត​ភាព​យន្ត​ក៏​គ្មាន​ការ​កើត​ឡើង​ដែរ​ អ៊ី​ចឹង​ពួក​គាត់​គឺ​ជា​អ្នក​កំ​ណត់​ជោគ​វាស​នា​វិ​ស័យ​ភាព​យន្ត​ខ្មែរ​ និង​វិ​ស័​យ​សិល្បៈ​»។

តា​រា​ព​ហុ​​សម្តែង​រូប​នេះ​​ ​ក៏​បាន​បន្ត​សំ​ណូម​ពរ​ដល់​ផ​លិត​កម្ម​ទៀត​ថា​៖​ «​​សុំ​សំ​ណូម​ពរ​ឲ្យ​ខាង​ផលិត​កម្ម​ជាតិ​យើង​ ធ្វើ​កុន​ ឬ​ផ​លិត​អ្វី​មួយ​ គឺ​តម្រូវ​ទៅ​លើ​អ្នក​គាំ​ទ្រ។​ ចំ​ពោះ​ថ្នាក់​ដឹក​នាំ​បន្ថែម​ចំ​ណុច​លើកទឹក​ចិត្ត​ក្នុង​រឿង​នេះ ​​(ថត​កុន​)​ ​ក៏​ជា​ការ​បូក​រួម​ដែរ​ សម្រាប់​ស្ថា​ប័ន ​​ដែល​មាន​សម​កិច្ច​ជួយ​ជ្រោម​ជ្រែង​ជួយ​លើក​ស្ទួយ​ពង្រីក​ និង​​​ពង្រឹង​​ក្នុង​វិស័យ​​នេះ​ឲ្យ​កាន់​តែ​រឹង​មាំ ​​រីក​ចម្រើន​ទៅ​មុខ​ទៀត​ ខ្ញុំ​សុំ​មិន​បញ្ជាក់​ពី​ស្ថា​ប័ន​ណា​មួយ​ទេ​ តែ​បើ​សិន​ជា​បាន​ពាក់​ព័ន្ធ​ សូម​ជួយ​បន្ថែម​ ព្រោះ​ខ្ញុំ​គិត​ថា​ នេះ​ជា​ការ​បង្ហាញ​ផ្លូវ​មួយ​ដែរ​ សម្រាប់​ឲ្យ​ភាព​យន្ត​ខ្មែរ​របស់​យើង​ ដំ​​ណើរ​ការ​ទៅ​មុខ​ទៀត»៕