ភ្នំពេញ៖ ខ្សែ​ជីវិត​របស់​​​អ្នកស្រី​ រស់​ សេរីសុទ្ធា​ តារា​ចម្រៀង​ស្រី​​សំនៀង​ពី​រោះ​រណ្ដំ​ ជា​ដៃគូ​​​ឆ្នើម​បំផុត​​របស់​អធិរាជ​សំឡេង​មាស​ លោក ស៊ីន​ ស៊ីសាមុត​​ កំពុង​ត្រូវ​បាន​ផលិត​ជា​​រឿង​ប្រលោម​លោក​បែប​ឌីជីថល​ ពី​សំណាក់​ផលិតករ​ភាពយន្ត​​ល្បី​នៅ​ក្រុង​ឡូសអេនជឺលេស សហរដ្ឋ​អាមេរិក​។

លោក ហ្គ្រីហ្គូរី ខាហ៊ីល (Gregory Cahill) ជា​ផលិតករ​កម្មវិធី​ជជែក​កម្សាន្ត​ The Talk របស់​​​ទូរទស្សន៍​ CBS ដែល​ឈ្នះ​រង្វាន់​​​ផលិតករ​កម្មវិធី​ទូរទស្សន៍​ឆ្នើម​ Emmy Award បាន​ដក់​ចិត្ត​នឹង​​សំនៀង​របស់​អ្នក​ស្រី រស់ សេរីសុទ្ធា ក្រោយ​ពី​​លោក​បាន​តាមដាន​ភាពយន្ត​​​បែប​ស៊ើប​អង្កេត​ថត​នៅ​កម្ពុជា​មាន​​​បញ្ចូល​​បទភ្លេង​ និង​ចម្រៀង​របស់​អ្នកស្រី​។

លោក​បាន​បរិយាយ​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ​​ថា​៖ «រឿង ​City of Ghosts ថត​នៅ​ប្រទេស ​កម្ពុជា ដឹកនាំ​សម្តែង​ដោយ​តារា​​សម្តែង​ហូលីវូដ​ ម៉ាត់ ឌីឡន (Matt Dillon) ​ និង​​ចាក់​​​ផ្សាយ​​ ដោយ​ United Artists របស់​អាមេរិក​ ក្នុង​ឆ្នាំ ​២០០៣​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​កម្ពុជា​ហើយ​នោះ​ជា​ភាពយន្ត​ដំបូង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្តាប់​សំឡេង​​របស់​អ្នកស្រី​ រស់​ សេរីសុទ្ធា​ ហើយ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ពេញ​ចិត្ត​បទ​ចម្រៀង​របស់​គាត់​ណាស់​ ដ្បិត​ខ្ញុំ​ក៏​ជា​អ្នក​ចូលចិត្ត​​សិល្បៈ​ចម្រៀង​ដែរ វា​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ សំឡេង​បទ​ភ្លេង​របស់​រឿង​នេះ​ ស្តាប់​ទៅ​ពិត​ជា​រំភើប​ និង​អស្ចារ្យ​»។

បន្ទាប់​ពី​បាន​ស្តាប់​ចម្រៀង​ដ៏​ពី​រោះ​របស់​ អ្នកស្រី រស់ សេរីសុទ្ធា មក លោក​​កាន់​តែ​ចង់​ដឹង​​​ចង់​ឮ​​ អំពី​ប្រវត្តិ​របស់​តារា​ចម្រៀង​រូប​នេះ​បន្ថែម។ លោក​បាន​ចំណាយ​ពេល ២-៣ ​​ឆ្នាំ​​ ដើម្បី​ស្រាវជ្រាវ​ជីវប្រវត្តិ​របស់​​អ្នកស្រី​ រហូត​លោក​ប្រមូល​បាន​ព័ត៌មាន​​លម្អិត​ និង​បាន​រៀបចំ​គម្រោង​បង្កើត​ភាពយន្ត​ស្តីពី​ខ្សែ​ជីវិត​របស់​អ្នកស្រី​​​។​​​

ឈុត​ដកស្រង់ចេញពី​ប្រលោមលោកសន្ទនា​​រូបភាព​ ពី​​​​ខ្សែជីវិត​អ្នកស្រី រស់ សេរីសុទ្ធា។ រូបថត សហ​ការី

ក្រោយ​ពី​​​​បាន​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំពី​​ខ្សែ​ជីវិត​អ្នកស្រី​ និង​ការ​ស្លាប់​​ក្នុង​​វាល​ពិឃាត​ធ្វើ​ឲ្យ​លោក​កាន់​តែ​យល់​​ថា​ មនុស្ស​ទាំងឡាយ​គួរ​តែ​​បាន​ដឹង​អំពី​រឿង​រ៉ាវ​ដែល​លោក​បាន​ដឹង​នេះ​ដែរ​។

ផលិតករ​ជនជាតិ​អាមេរិក​រូបនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​​៖ «គាត់​​ក៏​​​ជា​សិល្បការិនី​ម្នាក់​ ដែល​មាន​ការ​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​ជីវិត។ គាត់​មាន​ប្រវត្តិ​ចេញ​ពី​គ្រួសារ​កសិករ​​តស៊ូ​ពុះពារ​ ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ»​។

លោក ហ្គ្រីហ្គូរី បន្ត​ថា៖ «ខ្ញុំ​គិត​ថា​ មនុស្ស​ភាគ​ច្រើន​អាច​មាន​រឿង​ស្រដៀង​អ្នកស្រី​ ហើយ​អាច​យក​អ្នកស្រី​ ធ្វើ​ជា​គំរូ​នៃ​ភាព​តស៊ូ​ រឹងមាំ​ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​​ ឲ្យ​ពុះពារ​ទៅ​មុខ​​ នៅ​ពេល​​ជួប​បញ្ហា​។ អ្នកស្រី ជា​មនុស្ស​ស្រី ទន់ភ្លន់​ តែ​រឹងមាំ​ ហើយ​មិន​ត្រឹមតែ​ជា​អ្នក​ចម្រៀង​​ អ្នកស្រី​ ក៏​ជា​កសិករ​ ជា​ទាហាន​ និង​ជា​ម្តាយ​ម្នាក់​ដែរ»​។

អ្នកស្រី​ សុទ្ធា​​ ចាប់​ផ្តើម​មាន​ឈ្មោះ​​បោះ​សំឡេង​​ពី​ការ​បកស្រាយ​បទ​ចម្រៀង​​ «ស្ទឹង​ខៀវ» ដែល​ល្បី​ទូទាំង​ប្រទេស​​ ក្នុង​អំឡុង​​ឆ្នាំ ​១៩៦៧ ក្រោយ​ពី​មិត្តភក្ដិ​បាន​ជំរុញ​​ឲ្យ​ចូលរួម​ការ​ប្រឡង​ចម្រៀង​ប្រចាំ​ខេត្ត​ រហូត​បាន​ទទួល​​ពាន​រង្វាន់​លេខ​ ១​ នៅ​ក្នុង​ឆ្នាំ​ ១៩៦៣​។ អ្នកស្រី​ក៏​ធ្លាប់​​​សម្តែង​ខ្សែ​ភាពយន្ត​​នៅ​ចុង​​ឆ្នាំ ​១៩៧០ ដែរ។

នៅ​លើ​វិថី​ជីវិត​ជា​អ្នក​ចម្រៀង អ្នកស្រី​​បាន​ក្លាយ​ជា​ដៃគូ​ចម្រៀង​​ដ៏​ស័ក្ដិសម​បំផុត​របស់​​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត ហើយ​​ចំណេរ​ត​​មក​ អ្នកស្រី​​ក៏​ត្រូវ​ទទួល​បាន​កិត្តិនាម​ជា​រាជិនី​សំឡេង​មាស​។

ទោះ​ជា​អ្នកស្រី​លាចាក​លោក​យូរ​ឆ្នាំ​មក​ហើយ ​ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​ស្ដាប់​សំនៀង​ដ៏​ពីរោះ​ពី​​ចម្រៀង​​​រាប់​រយ​បទ​ដែល​អ្នកស្រី​បាន​​បន្សល់​ទុក​ ដោយ​ការ​​សរសើរ​ថា​​​ ​​«ម្ចាស់​ទៅ​សំឡេង​នៅ»។

លោក​ ហ្គ្រីហ្គូរី មាន​ជំនឿ​ថា​ រឿងរ៉ាវ​របស់​អ្នកស្រី​ សុទ្ធា គឺ​ជា​គំរូ​នៃ​ភាព​សុចរិត​ទៀង​ត្រង់​ ​និង​​គុណធម៌​នៃ​ការ​រស់នៅ​ក្នុង​ភាព​ត្រឹមត្រូវ​។

ផលិតករ​ល្បី​រូប​នេះ​​បន្ត​ប្រាប់​ថា៖ «អ្នកស្រី​ សុទ្ធា​ ​មាន​កិត្តិនាម​ល្បីល្បាញ​​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​ក្នុង​សមាគម​ខ្មែរ​នៅ​អាមេរិក​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​អ្វី​ច្រើន​អំពី​ប្រវត្តិ​ ឬ​ចម្រៀង​របស់​អ្នកស្រី​ទេ​ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​បាន​ស្គាល់​អ្នកស្រី​កាន់​តែ​ច្បាស់​ ហេតុ​នេះ​ក្នុង​ឆ្នាំ ​២០០៦​ ខ្ញុំ​បាន​ដឹកនាំ​​កុន​ខ្នាត​ខ្លី​ ដែល​ចំណាយ​ថវិកា​​តិច​មួយ​ មាន​ចំណង​ជើង​ថា​ សំឡេង​​មាស​ ឬ ​The Golden Voice»​។

អស់​រយៈ​ពេល​ប្រមាណ ​​១០ ឆ្នាំ​ ដែល​ផលិតករ​​ជាច្រើន​នាក់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​សាច់​រឿង​នេះ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចំណាយ​ថវិកា​​​ក្នុង​ការ​ផលិត​ទេ​។

ឃើញ​បែប​នេះ​ក្នុង​ឆ្នាំ​ ២០១៩​ លោក ហ្គ្រី​ហ្គូរី មាន​គំនិត​មួយ​ថ្មី​ក្នុង​ការ​កែច្នៃ​រឿង​នេះ​ ទៅ​ជា​រឿង​ប្រលោម​លោក ​​អម​ជាមួយ​រូប​គំនូរ​បែប​ក្រាហ្វិក​​ជំនួស​វិញ​។

លោក​បាន​​ធ្វើ​ការ​យ៉ាង​សកម្ម​​ជាមួយ​វិចិត្រករ​ចំណាន​ម្នាក់​ឈ្មោះ​ ខេត បូម៉ាន (Kat Baumann)​ ដោយ​ចំណាយ​ពេល​​​​ជា​ច្រើន​​ស្វែងរក​រូប​ភាព​ និង​វីដេអូ​ឯកសារ​ពី​អតីតកាល​របស់​តួអង្គ​ស្រី​សំខាន់​រូប​នេះ​​។

លោក ហ្គ្រីហ្គូរី ​បាន​ព្យាយាម​ទាក់ទង​ប្រភព​​ដែល​ជិតស្និទ្ធ​ជាមួយ​ សុទ្ធា​ កាល​ពេល​នាង​នៅ​​រស់​​ ដូចជា អ្នកស្រី​ រស់ សាបឿន​ បងស្រី​បង្កើត​របស់​ អ្នកស្រី ​សុទ្ធា មិត្ត​សិល្បករ សិល្បការិនី​រួម​អាជីព​ក្នុង​ទស្សវត្សរ៍​ ឆ្នាំ ​៦០ និង​ ៧០ ដើម្បី​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ។ ​លោក​ក៏​បាន​ដក​ស្រង់​រឿង​រ៉ាវ​ស្តី ពី​ស្ថានភាព​ប្រទេស​​ចេញ​ពី​សៀវភៅ​នយោបាយ​ ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​របស់​កម្ពុជា​។

វិចិត្រករ ខេត បូម៉ាន ប្រើខ្មៅដៃ មុននឹង​ដាក់ពណ៌​គំនូរ និង​បន្ថែមអក្សរ​។ រូបថត សហ​ការី

វិចិត្រករ​ក្រាហ្វិក​រូប​នេះ​​បាន​គូរ​គំនូរ​ ដោយ​សិក្សា​លម្អិត​ចាប់​ពី​ សម្លៀក​​បំពាក់​ សក់​ រថយន្ត​ មេក្រូ​សម្រាប់​ច្រៀង​ អាវុធ​ និង​វត្ថុ​ប្រើប្រាស់​​ផ្សេងៗ ដែល​សុទ្ធ​តែ​មាន​រូបភាព​ច្បាស់​ និង​ដូច​តថភាព​នា​សម័យ​នោះ​អ៊ីចឹង​​។ គំនូរ​ទាំង​នោះ​ គឺ​ត្រូវ​បាន​ប្រើ​​ខ្មៅ​ដៃ​គូរ​​ ហើយ​បន្ទាប់​ទើប​យក​ទៅ​បន្ថែម​ទឹក​ថ្នាំ​ មុន​នឹង​ ខេត ​យក​ទៅ​​​ដាក់​ពណ៌​ កំណត់​ទ្រង់ទ្រាយ​ ហើយ​សរសេរ​ជា​តួ​អក្សរ​​ក្នុង​កុំព្យូរទ័រ​។​

ផលិតករ​រូប​នេះ​ប្រាប់​​ថា​៖ «ពួក​យើង​នឹង​ធ្វើ​ការ​រៀបចំ​សៀវភៅ​ប្រលោម​លោក​នេះ​ឡើង​ ទាំង​ក្នុង​ទម្រង់​បោះ​ពុម្ព​ និង​ទម្រង់​ឌីជីថល​​ ហើយ​វា​ក៏​មាន​រួម​បញ្ចូល​ជាមួយ​បទ​ភ្លេង​ ធ្វើ​ឲ្យ​អ្នក​អាន​អាច​ស្តាប់​ឮ​សំឡេង​តន្ត្រី​ ដើម្បី​បញ្ចូល​អារម្មណ៍​​ទៅ​តាម​ដំណើរ​នៃ​សាច់​រឿង​»​។

លោក ហ្គ្រី​ហ្គូរី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ទៀត​ថា ក្រុម​ការងារ​របស់​លោក​​ជិត​សម្រេច​ផ្នែក​ទី ១ នៃ​សៀវភៅ​ប្រលោម​​លោក​ ហើយ​លោក​បាន​ធ្វើ​ការ​​សន្មត​ថា​​ សៀវភៅ​ទាំង​មូល​​នឹង​អាច​បញ្ចប់​ក្នុង​ឆ្នាំ ​២០២១​។

ព័ត៌មាន​លម្អិត​អំពី​ «សំឡេង​មាស»​ ឬ​ «The Golden Voice” សូម​ចូល​ទៅ​កាន់​ហេ្វសប៊ុក​ផេច @facebook.com/thegoldenvoicemovie​ ឬ Twitter: @thegoldenvoicex ឬ Instagram: @thegoldenvoicemovie ឬ​អាច​ចូល​ទៅ​កាន់​ វេបសាយ www.thegoldenvoicemovie.com៕