ភ្នំពេញ៖ ក្រុម​ផលិតករ​មក​ពី​បណ្តា​ប្រទេស​នៅ​​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​​ ៥ រូប ដែល​​មក​ពី ​៥ ​ប្រទេស​ផ្សេង​គ្នា បាន​ជួប​ជុំ​គ្នា​​នៅ​​សាល​មហោស្រព​ភាពយន្ត​ Major Platinum Cineplex នៅ​ក្នុង​​ទីក្រុង​វៀងចន្ទន៍​ ប្រទេស ​ឡាវ ដើម្បី​ធ្វើ​​​បទ​បង្ហាញ​​ពី​គម្រោង​នៃ​ការ​ត្រៀម​ផលិត​ខ្សែ​ភាពយន្ត​ស្តីពី​ក្តី​បារម្ភ​​នៃ​តំបន់​ទន្លេ​មេគង្គ​​ នា​​ពេល​អនាគត ឬ​គម្រោង​ដែល​មាន​ឈ្មោះ​​ថា «The Mekong​ River in the year 2030» កាល​​ពី​ថ្ងៃ​ទី ​១១ ខែ ​ធ្នូ ឆ្នាំ ​២០១៩ កន្លង​មក ដែល​មាន​ការ​ជួយ​​​​ឧបត្ថម្ភ​ដោយ​មូលនិធិ​អាស៊ី (The Asia Foundation)។​

ក្រុម​​ផលិតករ​ ​៥ រូប​នោះ រួម​មាន​ផលិតករ​​ខ្មែរ​-​​អាមេរិក​ លោកស្រី សូថូ គោលិកា (Kulikar Sotho) ផលិតករ​​ជាតិ​ឡាវ​​ លោក អានិស្ស័យ កែវឡា (Anysay Keola) ផលិតករ​ជាតិ មីយ៉ាន់ម៉ា​ លោក សៃ ណាយខាំ​ ( Sai Naw Kham) ផលិតករ​ថៃ​​លោកស្រី​ អាណូចា ស៊ូវិចា​ខនពុង (​ Anocha Suwichakornpong) និង​ផលិតករ​វៀតណាម លោកស្រី​ ផាំ ង៉ុកឡាន (Pham Ngoc Lan)។​​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​​ក្រុម​អ្នក​រៀបចំ​មហោស្រព​​ភាពយន្ត​​លួង​ប្រាបាង ​ប្រទេស​ ​ឡាវ​ Luang Prabang Film Festival (LPFF) បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​​ដឹង នៅ​​តាម​បណ្តាញ​ទំនាក់​​ទំនង​​​សារ​អេឡិចត្រូនិក​​ថា​៖​ «គម្រោង​មាន​ឈ្មោះ​ថា ​The Mekong River in the year 2030 មាន​គោលដៅ​ចង់​ផ្សព្វផ្សាយ​ពី​ការ​យល់​ដឹង​ផល​ប៉ះពាល់​នៃ​បរិស្ថាន​នៅ​តំបន់​ទន្លេមេគង្គ​ ដែល​កំពុង​តែ​​រង​​​សម្ពាធ​ដ៏​គំហុក​នៃ​ការ​ទាញ​យក​នូវ​ប្រយោជន៍​នៃ​ធនធាន​ធម្មជាតិ​ជា​ច្រើន​​ពី​ទន្លេ។

តួ​យ៉ាង​​ដូចជា​គម្រោង​នៃ​ការ​សាង​​សង់​ទំនប់​វារី​អគ្គិសនី​ ការ​នេសាទ​ត្រី​ដែល​ហួស​ប្រមាណ​ បម្រែ​បម្រួល​នៃ​អាកាសធាតុ ការ​អភិវឌ្ឍ​គ្មាន​និរន្តរភាព​ និង​ការ​​បំផ្លាញ​ដោយ​វិស័យ​កសិកម្ម​ផង​ដែរ​។ ដូច្នេះ​ក្រោម​មូលនិធិ​​អង្គការ​ The Asia Foundation អង្គការ​ Oxfam មូលនិធិ​អង្គការ​ Heinrich Boll Foundation និង​ក្រុម​បេសកកម្ម​​ទន្លេ​មេគង្គ​ Mekong River Commission បាន​ជំរុញ​ឲ្យ​ផលិតករ​ទាំង ​៥ ​​ប្រទេស ​ដែល​ជាប់​ទន្លេ​មេគង្គ​ ចូលរួម​ផលិត​កុន​ដែល​​ស្តីពី​ការ​​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៅ​​តំបន់​ទន្លេ​មេគង្គ​នេះ​»។​

សម្រាប់​គម្រោង​ផលិត​កុន​​របស់​ផលិត​ទាំង​ ៥ រូប​ខាង​លើ​នោះ បាន​បង្ហាញ​​ចេញ​ជា​ចំណង​​ជើង និង​សេចក្តី​សង្ខេប​នៃ​សាច់​រឿង​ហើយ​មាន​រឿង ​«Soul River​, Kulikar Sotho (Cambodia)​ រឿង The Che Brother​, Anysay Keola (Laos) រឿង The Forgotten Voices of the Mekong​, Sai Naw Kham (Myanmar) រឿង The Line,​ Anocha Suwichakornpong (Thailand) និង​​រឿង The Unseen River,​ Pham Ngoc Lan (Vietnam)»៕​