ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ដែល​ជា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នោះ​ក៏​ស្រាប់តែ​ស្រី​ស្រស់​រូប​ស្អាត រាង​ខ្ពស់ស្រឡះ​កញ្ញា ផាន់ផាត់ណា លេច​មុខ​នៅក្នុង​ពិធី​ក្រុង​ពាលី​ចេញ​ថតកុន​ភាគ​ថ្មី​រឿង «​រៃ​ប្តូរ​ទ្រនំ​» ដោយ​ឆក់​បាន​តំណែង​ជា​តួឯក​ស្រី​ដែល​ត្រូវ​ជួប​ជាមួយ​នឹង​តួ​ប្រុស​រូប​សង្ហា​លោក សេង មង្គល ផង​ដែរ​។

កញ្ញា ផាន់ ផាត់ណា ឆក់​បាន​លាភ​ធំ​ក្នុង​តំណែង​ជា​តួឯក​ស្រី​ក្នុង​កុន​ខ្នាត​ធំ​គឺ​បាន​ថតកុន​ជាមួយ​នឹង​តួ​ប្រុស​ចិន​ក្នុង​រឿង​ «​ពន្លក​ស្នេហ៍​រីក​លើ​ដី​កម្ពុជា​» របស់​ផលិតកម្ម​ព្រីនស៍​នាពេល​បើក​សម្ពោធ​សណ្ឋាគារ​ព្រីនស៍ថាម ដែល​បើក​ដំណើរ​ការថត​ខ្សែភាពយន្ត​តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​ ២០១៨ កន្លង​មក​នោះ​បាន​ឲ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​នាពេល​ទទួល​យក​ការសម្តែង​ជា​តួឯក​ក្នុង​កុន​ថ្មី​រឿង «​រៃ​ប្តូរ​ទ្រនំ​» របស់​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​ ៥ ​ផង​ដែរ​ក្រោយពី​នាង​ធ្លាប់​បាន​បដិសេធ​ជាច្រើន​ដង​មក​នោះ​។

តារាសម្តែង​ស្រី និង​ម៉ូដែល​មាន​រាង​ស្ល៊ីម​ស្រស់​សោភា កញ្ញា ផាន់ ផាត់ណា ក៏​ធ្លាប់​ជា​ស្រី​ស្អាត​តំណាង​ប្រទេស​កម្ពុជា​នៅក្នុង​កម្មវិធី Asean Transportation & Logistics Award 2015 មហាជន​ស្គាល់​នៅក្នុង​កុន​រឿង «​ស្រទន់​មន្ត​ស្នេហ៍​» កុន​រឿង «​មន្ត​ស្នេហ៍​កូន​ថៅកែ​ត្បូង​» និង​កុនភាគ​ជាច្រើន​ទៀត​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ CTN ប៉ុស្តិ៍​លេខ ៥ និង​ប៉ុស្តិ៍ PNN បង្ហើប​ថា​៖ «​នាង​ខ្ញុំ​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​ ៥ ខាង​ផលិតករ​ថៃ​ទាក់ទង​ឲ្យ​សម្ដែង​ជា​តួឯក​ច្រើន​រឿង​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​រវល់​ច្រើន​ទើប​នាង​ខ្ញុំ​មិន​សូវ​ជា​មាន​មុខ​សម្ដែង​ក្នុង​ស្ថាប័ន​ធំ​មួយ​នេះ​»​។

ខណៈ​ទទួល​ការសម្ដែង​ក៏​បាន​តំណែង​តួឯក​ស្រី​ក្នុង​រឿង «​រៃ​ប្ដូរ​ទ្រនំ​» ដែល​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​តួ​នារី​របាំ​នាង​បន្ត​ថា​៖ «​នាង​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្លួន​ត្រូវគេ​ឲ្យ​សម្ដែង​ជា​តួ​របាំ​ឈ្មោះ «​នីកា​» ដោយសារ​ត្រូវ​សម្ដែង​ជា​នារី​ស្រស់ស្អាត ហើយ​មាន​ជំនាញ​ចេះ​របាំ និង​មាន​ការលះបង់​ខ្ពស់ ដើម្បី​ឪពុក និង​ប្អូនស្រី​»​។

កញ្ញា ផាន់ ផាត់ណា ដែល​ទើប​តែ​បាន​រអ៊ូ​តាម​បណ្តាញ​សង្គម​ថា អត់​ទាន់​មាន​បុរស​ជា​គូគ្រង​ពិត​នៅ​ឡើយ​នោះ​ក៏​បន្ត​ថា​៖ «​ខ្សែភាពយន្ត​នេះ គឺ​នាង​ខ្ញុំ​នឹង​ជួប​ផលវិបាក​ច្រើន ជាពិសេស​គឺ​ការ​រាំ​របាំ​ដែល​តម្រូវ​ឲ្យ​នាង​ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​បាន​ស្ទាត់​នៅ​មុន​ពេល​សម្ដែង​ធ្វើ​ជា​អ្នក​រាំ​របាំ​មួយ​ឈុតៗ​។

ទោះ​ជា​យ៉ាងណា​រឿង «​រៃ​ប្តូរ​ទ្រនំ​» នេះ​នាង​ខ្ញុំ​នឹង​ប្រឹង​សម្ដែង​ឲ្យ​អស់​ពី​សមត្ថភាព​ខ្លួន​ដោយសារ​តែ​ខ្ញុំ​ក៏ត្រូវការ​ឲ្យ​ខាង​ក្រុម​ផលិតករ​​ចាប់​អារម្មណ៍​ចំពោះ​ការសម្ដែង​របស់​ខ្ញុំ​ដែរ ដើម្បី​ទាក់ទាញ​បាន​តំណែង​តួឯក​នៅ​លើក​ក្រោយៗ បន្ទាប់ពី​ភាពយន្ត​នេះ​»​។

ភាពយន្ត​រឿង «​រៃ​ប្តូរ​ទ្រនំ​» នេះ​នឹង​ចាប់ផ្តើម​ថត​នៅ​ថ្ងៃទី​ ១៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ខាង​មុខ​ដែល​មាន​ជាង ៣០ ភាគ ខណៈ​ឯ​តួសម្តែង​មាន​លោក សេង មង្គល កញ្ញា ផាន់ ផាត់ណា លោក អៀង ចេនឡា លោក ពិសិដ្ឋ កញ្ញា សុម៉ា ឡាឡែន កញ្ញា នីតា វរវង្ស កញ្ញា ផាណាម៉ុច កញ្ញា ប៊ែលឡា លោក គីម យុន, ញឹម សុខា​, ឆ័យលី ដាឡែន ភីយ៉ាដា លោក ស្អាង ដួងចិត្ត និង​តារា​ល្បីៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕