ភ្នំពេញ៖ ខ្សែ​ភាពយន្ត​ខ្នាត​ធំ ដែល​មាន​តួ​សម្តែង​​​ចម្រុះ​ជាតិ​សាសន៍​ ដោយ​មាន​តួឯក​ស្រី​ជា​​​តារា​សម្តែង​ខ្មែរ​​​​មួយ​រូប ​គឺ​ស្រី​ស្រស់​ ផាន់ ផាត់ណា នោះ​ នឹង​​ចាក់​បញ្ចាំង​តាម​រោងកុន​នៅ​​​​ចុង​​សប្តាហ៍​នេះ​ហើយ​​ ក្រោយ​​ពី​ទទួល​បាន​ពាន ​៣​​ ពី​កម្មវិធី​​​​មហោស្រព​ភាពយន្ត​អន្តរជាតិ​ San ​Francisco International New Concept Film Festival លើក​ទី ៦ ​នៅ​​ចិន​កាល​​​ពី​​ពេល​​​ថ្មីៗ​នេះ។​

កុន​បែប​មនោសញ្ចេតនា​​ ​​និយាយ​ពី​ទំនាក់ទំនង​ស្នេហ៍​​ឆ្លង​​​​ប្រទេស​ មាន​​ខ្លឹមសារ​​​​​ចង់​​បង្ហាញ​ពី​ចំណង​សេ្នហា​មនុស្ស​​ ២ ជំនាន់ ​​​​របស់​កម្ពុជា និង​​ចិន ដែល​​ជា​ស្នេហា​ដ៏​ស្មោះ​ស្ម័គ្រ​ឆ្លង​​ដែន​ដី​ដ៏​អស្ចារ្យ​បាន​ដំណើរ​ការ​ថត​តាំង​ពី​​​ថ្ងៃទី ១ ខែ​ ​កញ្ញា ឆ្នាំ ២០១៨ ហើយ​នឹង​ចាក់​បញ្ចាំង​​​ពេល​ឆាប់ៗ​នេះ​។​

តារា​​សម្តែង​​ស្រី និង​ម៉ូដែល មាន​​រាង​ស្ល៊ីម ស្រស់​សោភា កញ្ញា ផាន់ ផាត់ណា ធ្លាប់​ជា​ស្រី​ស្អាត​​តំណាង​ឲ្យ​កម្ពុជា​​នៃ​កម្មវិធី Asean Transportation & Logistics Award 2015 បង្ហើប​​​ថា៖ «បើ​តាម​​​ខ្ញុំ​បាន​ដឹង​ខ្លះៗ​​នោះ ​នឹង​​មាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ធំ​មួយ​នៅ​​ទីក្រង​ប៉េកាំង​ នៅ​ថ្ងៃទី ​៧ ខែ ​វិច្ឆិកា ឆ្នាំ​ ​២០១៩ នេះ​​​​​ហើយ​ ដោយ​នាង​​ខ្ញុំ​ក៏​​ត្រូវ​​​​ចូលរួម​ដែរ​។ ក្រោយ​​​​ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​​​​​ នេះទៅ​ គឺ​ថា​គេ​នឹង​ចាក់​បញ្ចាំង​​នៅ​​​តាម​រោង​កុន​ទាំង​នៅ​​ចិន និង​​កម្ពុជា​យើង​ផង​ដែរ​​​​ ដោយសារ​​គេ​បាន​ដាក់​​បញ្ចូល​នូវ​​​​សំឡេង​ជា​ភាសាខ្មែរ​ចប់​សព្វ​គ្រប់​​អស់​ហើយ​»។​

កុន​ខ្នាត​​ធំ​រឿង «ពន្លក​ស្នេហ៍​រីក​លើ​ដី​កម្ពុជា» នេះ​បាន​​ថត​នៅ​​​ឯ​តំបន់​នានា​ក្នុង​​ប្រទេស ​កម្ពុជា ដូច​ជាទី​ក្រុង​ភ្នំពេញ ប្រាសាទ​​អង្គរវត្ត កោះរ៉ុង ភ្នំ​បូកគោ ជា​ដើម និង​នៅ​ចិន​រួម​មាន​ដូចជា​តំបន់ Qiao Xiang នៃ​ក្រុង Teng Chong និងទី​​ក្រុង​ គុនមិង ខេត្ត​​យូណាន ដោយ​មាន​តួឯក​ស្រី​ខ្មែរ ​គឺ​កញ្ញា ផាន់ ផាត់ណា ជា​តារា​សម្តែង​ខ្មែរ​ ​លោក Sun Xu Bo តួឯក​ប្រុស​ចិន ព្រម​ទាំង​តារា​សម្តែង​​ល្បី​ផ្សេង​ទៀត ជា​ជនជាតិ​បារាំង និង​​ឆែក​ផង​ដែរ ​ដែល​បាន​ដាក់​ទុន​ផលិត​នៅ​ក្នង​តម្លៃ​ចំនួន​ ២ លាន​​ដុល្លារ។

កញ្ញា​ស្រី​ស្អាត ​ផាន់ ផាត់​ណា មាន​​ក្តី​​​រំពឹង​​ថា៖ «ដោយសារ​រឿង​នេះ​ បាន​ជ្រើស​យក​តំបន់​សំខាន់ៗ​​នៅ​ស្រុក​ខ្មែរ​ នា​ពេល​​ថត​សម្តែង​​​នោះ នាង​ខ្ញុំ​សង្ឃឹម​ថា តាមរយៈ​ភាពយន្ត​ គឺ​ពិត​ជា​អាច​ជួយ​​នាំ​​ឲ្យ​​ភ្ញៀវ​អន្តរជាតិ​នានា​ កាន់​តែ​​បាន​ស្គាល់​​ប្រទេស​ខ្មែរ​កាន់​​តែ​ច្រើន​»។​

បើ​តាម​ការ​ប្រកាស​នៅ​គេហទំព័រ​ផ្លូវ​​ការ​ក្រុមហ៊ុន​​ព្រីនស៍​នោះ​ បាន​​ឲ្យ​ដឹង​ថា ខ្សែ​ភាពយន្ត​​ «​ពន្លក​​ស្នេហ៍​រីក​លើ​ដី​កម្ពុជា» គឺ​​ទទួល​បាន​ពាន​រង្វាន់​​​ធំ​ចំនួន ​៣ ​ក្នុង​មហោស្រព​ភាពយន្ត​នៅ​ចិន​ រួម​មាន​ពាន​​​​រង្វាន់​សាច់​រឿង​អន្ដរជាតិ​ល្អ​បំផុត ពាន​តួឯក​​ប្រុស​ឆ្នើម និង​​ពាន​រង្វាន់​​អ្នក​និពន្ធ​រឿង​ឆ្នើម៕​