The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផាន់ ម៉ូនីកា យក​ថ្ងៃ​ខួប​កំណើត​កូនស្រី ជួយក្មេង​ក្រីក្រ ១០០ នាក់




ផាន់ ម៉ូនីកា យក​ថ្ងៃ​ខួប​កំណើត​កូនស្រី ជួយក្មេង​ក្រីក្រ ១០០ នាក់

Content image - Phnom Penh Post
ក្រុម​កុមារ​ក្រីក្រ​ទាំង ១០០ នាក់ នាពេលញ៉ាំស៊ុប ប៊ូហ្វេ នៅហាង KAKASUKI & BBQ។ ស្រេង ម៉េងស្រ៊ុន

ផាន់ ម៉ូនីកា យក​ថ្ងៃ​ខួប​កំណើត​កូនស្រី ជួយក្មេង​ក្រីក្រ ១០០ នាក់

ភ្នំពេញៈ តារា​ចម្រៀងស្រី​ជ្រកនៅ​ក្រោម​ដំបូល​ផលិតកម្ម​សាន់​ដេ ជិត ១០ ឆ្នាំ បាន​សាង​កេរ្តិ៍​​ឈ្មោះ​ល្បី​តាមរយៈ​នៃ​បទ «រំចង់​ប្រែ​ខ្លួន» និងបទ «លើកស្នេហ៍​ជូនបង»​ នា​​ពេល​រៀបការ​ មិនបាន​ដាក់​ឈ្មោះ ផាន់ ម៉ូ​នីកា នោះ​ទេ គឺ​នាង​បានប្រើឈ្មោះ​ពិត​ថា មឿន សុខនី និង​កូន​កំលោះ​ គង់ សុខ​ម៉េង ដែល​រៀបការនៅ​ឆ្នាំ ២០១៣ ខណៈ​នាងក៏ធ្លាប់​បក​ស្រាយ​​បញ្ជាក់​ថា ស្វាមី​នាង​ឈ្មោះ គង់ សុខ​ម៉េង​ ត្រូវ​ជា​ប្អូន​ប្រុសបង្កើត​ គង់ រ៉ាយុទ្ធ ដែល​គេយល់​ថា ជាម្ចាស់​ស្នេហ៍​ចចាមអារ៉ាម​របស់​នាង​កន្លងមក​។

Content image - Phnom Penh Post
អ្នកនាង ផាន់ ម៉ូនីកា កូនស្រី និង​ស្វាមី។ ស្រេង ម៉េងស្រ៊ុន

នា​ពេល​ចុងក្រោយ​នេះ​ហាក់​ដូចជា​បាត់វត្តមាន​តារា​ចម្រៀង​ស្រី​ស្រស់​​នៃផលិតកម្ម​សាន់ដេ ដែលមិន​សូវ​សង្វាត​ការ​ឡើងឆាក​នាង ផាន់ ម៉ូនីកា ឡើយ​នៅ​លើ​វិថី​សិល្បៈ​ចម្រៀង​។

តែ​នា​ព្រឹក​ថ្ងៃទី ២៣ ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ កន្លង​មក​នេះ គេស្រាប់​តែឃើញនាង​ និង​ស្វាមី គង់ សុខម៉េង ជា​ថៅ​កែ​ហាងលក់​​ស៊ុបមួយ​​ដែល​មាន​ឈ្មោះ​ថា «​KAKASUKI & BBQ»​ បាន​រៀបចំនូវ​​កម្មវិធី​សប្បុរ​សធម៌​មួយ​ដោយបាន​ផ្ដល់​ជូន​ស៊ុប និង​អាហារ​ប៊ូហ្វេជា​អាហារថ្ងៃត្រង់​ដោយ​​ឥតគិត​ថ្លៃ មានទាំង​សម្ភារសិក្សាមួយ​សម្រាប់​ផង​​ដែរ​ ចែកជូន​ដល់​កុមារក្រីក្រ និង​កំព្រា​ចំនួន​ ​១០០ នាក់ មក​ពី​អង្គ​ការស្នាមញញឹម​នៃ​កុមារ និង​មណ្ឌល​កុមារក្រីក្រ​នៅឯស្រុក កៀន​ស្វាយ​ ​ចំ​ថ្ងៃ​ធ្វើខួប​កំណើត ២ ឆ្នាំ​របស់កូន​ស្រី​ច្បង​ឈ្មោះ គង់ ម៉ានីកូ ហៅ ​កូកូ​ ចំណាយប្រាក់ ​$ ២០០០។ ​

លោក​ គង់ សុខម៉េង វ័យ ៣០ ឆ្នាំ​ ជា​ម្ចាស់​ហាង​ស៊ុប​ខាងលើ​ ដែល​ដំណើរការបាន​ជិត ២ ឆ្នាំ ហើយ​មាន​សាខាមួយស្ថិត​នៅ​លើ​ដង​វិថី​មុនីរ៉េត និង​មួយ​ទៀត​នៅ​កោះ​ពេជ្រ​នោះ ប្រាប់ថា​៖ «​ដោយ​យល់​ឃើញ​ថា នាពេល​ធ្វើខួបកំណើត​​កូនស្រី​ក្តី ភរិយា​ក្តី ចំណាយ​ប្រាក់​អស់​ច្រើន​​ ហើយ​គិត​ថា​ដូច​ជា​​ខ្ជះខ្ជាយ​ឥតប្រយោជន៍​។ ក្រោយ​ពី​បាន​ឃើញរូប​​តាមបណ្តាញហ្វេសប៊ុក ​ខណៈ​ដែល​​កុមារក្រីក្រ និង​ខ្វះអាហារ​ទទួល​ទាន ឬ​កម្រ​មាន​ឱកាស​បាន​​ញ៉ាំស៊ុប ឬ​ប៊ូហ្វេ​ឆ្ងាញ់​ៗ​ដូច​កូនចៅ​អ្នកមាននោះ ក៏​មាន​​គំនិតផ្ដល់ជា​អាហារដ៏​ឆ្ងាញ់​មួយ​​ពេលទៅ​ឲ្យ​ពួកគេ នាថ្ងៃ​ខួប​កំណើតនេះវិញ​ ​ឃើញថាដូចជា​បានចូល​រួមជួយ​សង្គម​​មួយ​ចំណែក​»​។ ​​​

អ្នកនាង ផាន់ ម៉ូនីកា វ័យ ២៩ ឆ្នាំ​ ដែល​កំពុង​តែ​ពពោះកូនស្រីទី ២ របស់​ស្វាមី​បាន​បួនប្រាំខែ​ហើយនោះ​ដែរ​ ក៏​បាន​បន្ថែម​ថា៖ «នាង​ខ្ញុំគិត​ថានឹងបង្វែរ​នូវ​ការរៀបចំ​ខួប​កំណើត​កូនស្រី ឬ​ខ្លួនឯង ដែលតែង​ចំណាយ​ប្រាក់​ខ្ជះ​ខ្ជាយ​មិន​សូវ​មាន​ប្រយោជន៍នោះឲ្យ​ក្លាយ​ទៅ​​ជា​អំពើ​សប្បុរសធម៌ជួយ​ដល់​កុមារ​ក្រី​ក្រ និង​​កំព្រា​នៅ​តាម​អង្គការ ឬ​ មណ្ឌលកុមារ​កំព្រា​វិញ ហើយនៅ​​លើក​ក្រោយៗ​ទៀតនោះ​ នឹងជួយ​​មាន​​ចំនួនច្រើន​ជាង​នេះ»៕​

អត្ថបទគួរចាប់អារម្មណ៍