ក្រុងតូក្យូ៖ ​សំឡេង​ស៊ីផ្លេ​ឡាន​​បន្លឺ​ឡើង ​រឿង​ភ័យ​រន្ធត់​ក៏​​ផ្តើម​កើត​ឡើង​ ជាមួយ​ទិដ្ឋភាព​​ឃាតកម្ម​ឈាម​ដាប​ ​និង​​ខ្មោច​ហ៊្សូមប៊ី ​ប្រដេញ​​​យ៉ាង​សាហាវ។ តែ​​ផ្ទះ​ខ្មោច​បើក​រថយន្ដ​ចូល​នៅ​​ជប៉ុន​នេះ​គ្រាន់​តែ​ជា​វិធានការ​​ទប់ទល់​​សត្រូវ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​ គឺ​វីរុស​កូរ៉ូណា​។ ​

នៅ​ខាង​ក្នុង​ឡាន ​ភ្ញៀវ​អាច​ស្រែក​ចំទាល​ខ្លាំងៗ​តាម​​ចិត្ដ​​ចង់ ​ដោយ​មិន​​បាច់​ពាក់​ម៉ាស់ ខណៈ​​​បិសាច​សាហាវ​ឈាម​ស្រោច​​ខ្លួន​ហក់​មក​បន្លាច​។ អ្នក​​បង្កើត​កម្មវិធី ​ឃេនតា អ៊ីវ៉ាណា​ អាយុ ២៥ ឆ្នាំ បាន​ប្រាប់​ ​AFP ថា តាម​ពិត​​ ខ្មោច​ទម្រង់​ថ្មី​នេះ​អាច​នឹង​គួរ​ឲ្យ​ខ្លាច​ជាង​ផ្ទះ​ខ្មោច​ពី​ដើម​។

លោក​ថា៖ «​​ពួក​គេ​មិន​អាច​គេច​ផុត​ពី​ហេតុ​ការណ៍​រន្ធត់​​ដល់​​ចប់​ចុង​ចប់​ដើម​ ហើយ​វា​កាន់​តែ​គួរ​ឲ្យ​​ខ្លាច​ថែម​ទៀត​»។

លោក អ៊ីវ៉ាណា ​​នឹក​ឃើញ​បង្កើត​ផ្ទះ​ខ្មោច​ដែល​អាច​ឲ្យ​រថយន្ដ​បើក​ចូល​នេះ ក្រោយ​ពី​ជួប​បញ្ហា​ត្រូវ​ភ្ញៀវ​លុប​ចោល​ការ​កម្សាន្ដ​ជា​ហូរ​ហែ​ ដោយ​មាន​ការ​ផ្ទុះ​ឡើង​​វិបត្ដិ​កូវីដ​​។

លោក​និយាយ​សំដៅ​លើ​ការ​ព្រមាន​ពី​ហានិភ័យ​ជំងឺ​ឆ្លង​នៅ​ជប៉ុន​ថា​៖ «ដោយសារ​តែ​ផ្ទះ​ខ្មោច​បង្កើត​ឲ្យ​មាន​បរិយាកាស​អំណោយ​ផល ​​៣ យ៉ាង ដូចជា​កន្លែង​តូច​ចង្អៀត​ មនុស្ស​ច្រើន​កុះករ និង​ស្និទ្ធស្នាល​​។ ​

​​ផ្ទះខ្មោច​របស់​លោក អុីវ៉ាណា ជា​ទីកម្សាន្ដ​រក្សាគម្លាតសុវត្ថិភាព​។ AFP

ក្រុម​ការងារ​​​រមែង​ត្រូវ​បាន​ជួល​​​ឲ្យ​ធ្វើ​ជា​ខ្មោច​នៅ​ផ្ទះ​ខ្មោច​លង​ឯ​ឧទ្យាន​កម្សាន្ដ​នានា​។ ជា​ធម្មតា ពួក​គេ​តែង​ខ្លួន​ជា​ខ្មោច​លប​លួច​បន្លាច​ភ្ញៀវ​ និង​លប​​​មក​​​ខ្សឹប​ដាក់​ត្រចៀក​ពួក​គេ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ ដែល​សកម្ម-ភាព​ទាំង​នេះ​មិន​អាច​ទៅ​រួច​ក្នុង​​សម័យ​កូវីដ​នេះ​។

លោក អ៊ីវ៉ាណា​ និង​ក្រុម​ការងារ កូវ៉ាហ្គារ៉ាសេតៃ ​​មាន​ន័យថា​ «ក្រុម​​លង​​​​បន្លាច» ​ដែល​ព្យាយាម​បង្កើត​ការ​សម្តែង​មិន​ប៉ះពាល់​ពី​កូរ៉ូណា​ដោយ​ការ​​ពាក់ម៉ាស់​ រួច​លាប​​ឈាម​ក្លែងក្លាយ ​និង​ចាក់​សំឡេង​ស្រែក​​​ជាជាង​ប្រើ​សំឡេង​​ពិត​។

យ៉ាងណា​​ កម្មវិធី​ជា​ច្រើន​​ត្រូវ​បាន​​លុប​ចោល​អស់​​ហើយ​។ អ្នក​ស្រី​ អាយ៉ាកា អ៊ីម៉ៃដេ ​អាយុ ៣៤ ឆ្នាំ​ ​ជា​ប្រធាន​ក្រុម​បាន​និយាយ​ថា៖ «​យើង​បាន​រៀបចំ​​កម្មវិធី​ហាឡូវីន ​ដែល​​គ្រោង​នឹង​ធ្វើ​​​ក្នុង​ខែតុលា ​និង​ខែវិច្ឆិកា​ ក៏​ត្រូវ​បាន​រំសាយ​ចោល​»។

​ក្រុមខ្មោច​ផាត់​មុខ​ និង​តុបតែងកាយ​ត្រៀមចេញលង។ រូបថត AFP

លោក អ៊ីវ៉ាណា​ ដែល​បាន​ឈប់​រៀន​នៅ​សាកល​វិទ្យាល័យ​ ​ដើម្បី​ក្លាយ​ជា​អ្នក​រៀបចំ​​ផ្ទះ​ខ្មោច​ ក៏​មិន​ច្បាស់​ថា ​តើ​ផ្ទះ​ខ្មោច​​​ទម្រង់​ថ្មី​នេះ​អាច​ដំណើរការ​ជំនួស​ទម្រង់​ចាស់​​​ឬ​ទេ​។

លោក កូតា ហាណេហ្គាវ៉ា ​អាយុ ២៨ ឆ្នាំ សម្ដែង​ជា​​​ឃាតករ​ប្រឡាក់​ប្រឡូស​ទៅ​​ដោយ​ឈាម​​ ទោះ​លោក​​សារភាព​​ថា ​ខ្លួន​​មិនមែន​ជា​អ្នក​គាំទ្រ​រឿង​ភ័យ​រន្ធត់​ក៏​ដោយ​។

លោក ហាណេហ្គាវ៉ា ​និយាយ​ថា «​ខ្ញុំ​អាច​​ចូល​កៀក​ភ្ញៀវ​ បើ​ទោះ​ជា​ពួក​គេ​​​នៅ​ក្នុង​ឡាន​។ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​​ឃើញ​ប្រតិកម្ម​របស់​ពួក​គេ​ពេល​ចូល​កៀក​គ្នា​បែប​នេះ​ ខណៈ​យើង​នៅ​តែ​អាច​រក្សា​គម្លាត​សុវត្ថិភាព​»។

អ្នកស្រី​ ​អ៊ីម៉ៃដេ ​ថា៖ «បញ្ចេញ​​អារម្មណ៍​ភ័យ​ខ្លាច​ឲ្យ​​អស់ ​​ទើប​​​រីករាយ​»៕ AFP/RS