ក្រុង​ហាណូយ: ប្រជាកសិករ​ដាំ​ផ្លែគូលែន​រាប់​រយ​នាក់​បាន​បែង​ចែក​ប្រភេទ​ផ្លែ​ឈើ​ទាំង​នេះ​ទៅតាម​ពុំនូក​ធំ​ៗ​នៅ​ទីផ្សារ​លក់​ដុំដ៏​មមាញឹក​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​អង្គារ តែ​កសិករ​ជា​ច្រើន​បាន​ត្អូញ​ត្អែរ​ចំពោះ​ការ​ធ្លាក់​ថ្លៃ​ ដោយសារ​អ្នក​ជំនួញ​បរទេស​បាន​ផ្អាក​ការ​ទិញ​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​។

ក្រោយ​ការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​សកម្ម​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​រាត​ត្បាត​សកល ជីវិត​រស់នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ដ​មួយ​នេះ​ស្ទើរ​តែ​វិល​ទៅកាន់​សភាព​ដើម​វិញ​ ហើយ​កម្មករ​នាំគ្នា​ចុះ​វាល​តាំងពី​ព្រឹក​ព្រលឹម​ដោយ​មិន​បាន​ពាក់​ម៉ាសការពារ ក្នុង​ខេត្ដ​បាក់​ហ្គៀង ដែល​ម៉ូតូ​របស់​ពួកគេ​ឌុប​ផ្លែ​គូលែន​ពេញ​ៗ​កញ្ជើ។

វៀតណាម តែងតែ​នាំ​ចេញ​ផ្លែ​គូលែន​ស្រស់​ប្រមាណ ១០ ម៉ឺន​តោន​ ស្មើនឹង​តម្លៃ​ជាង ៣០ លាន​ដុល្លារ​ ដែល​ភាគ​ច្រើន​ទៅ​កាន់​ទីផ្សារ​ចិន និង​ក្រោយ​មក​ជប៉ុន អូស្ដ្រាលី និង​សហរដ្ឋ​អាមេរិក​តាម​រដូវ​នីមួយៗ​។

ប៉ុន្ដែ​ជំនួញ​ផ្លែ​ឈើ​ស្រស់​បាន​ដាំ​ក្បាល​ចុះ​នា​ឆ្នាំ​នេះ ខណៈ​វៀតណាម​បន្ដ​បិទព្រំដែន​។

លោក ង្វៀង វ៉ាន ថាញ់ អាយុ ៣៥ ឆ្នាំ​ ដែល​កសិផល​របស់​លោក​ជាង​ពាក់​កណ្ដាល​លក់​លើ​ទីផ្សារ​បរទេស​ បាន​ប្រាប់ AFP ថា​៖ «ដោយេសារ​វិបត្ដិ​ជំងឺ​សកលនេះ យើង​មិន​ឃើញ​ឈ្មួញ​ចិនទេ ហើយ​យើង​បែរ​មក​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​វិញ។ ដូច្នេះ តម្លៃ​របស់​វាក៏​ធ្លាក់​ចុះ​ខ្លាំង​ដែរ​»។

ឈ្មួញ​បរទេស​ធ្លាប់តែ​មកទិញ​នៅ​ផ្សារ​ផ្ទាល់ ដែល​ការ​ធ្វើ​ដំណើរ​ពី​ព្រំដែន​ចិន​ចំណាយ​ពេលតែ​ប៉ុន្មាន​ម៉ោង អំឡុង​ពេល​រដូវ​ផ្លែ​គូលែន​ហុច​ផលតែ ៦ សប្ដាហ៍​ប៉ុណ្ណោះ​។ ប៉ុន្ដែ​បណ្ដាញ​ផ្សព្វ​ផ្សាយ​រដ្ឋ បាន​រាយ​ការណ៍​ថា កាលពី​សប្ដាហ៍​មុន ឈ្មួញ​ចិន និង​ជប៉ុន​រាប់​រយ​នាក់​ត្រូវបាន​ធ្វើ​ចត្ដាឡីស័ក​រយៈ​ពេល ១៤ ថ្ងៃ​។

ទោះបីជា​អាជ្ញាធរ​និយាយថា ពួកគេ​មិន​ចង់​កសិផល​ទាំងនេះ​ជន​នៅ​លើទីផ្សារ​ក្នុង​ស្រុក​យ៉ាង​ណា​ក៏​ដោយ ក៏​តម្លៃ​បាន​ធ្លាក់​រហូត​ដល់​ពាក់​កណ្ដាល​ពី​តម្លៃ​លក់​ឆ្នាំ​មុន​។

លោក ដូ វ៉ាន់ធួន អាយុ ៤៧ ឆ្នាំ ដែល​ប៉ាន់​ប្រមាណ​ថា លោក​អាច​រក​ចំណូល​ជាង ៤ ០០០ ដុល្លារ​ ក្នុង​មួយ​រដូវ បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ តែ​នេះនៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​ឡើយ​»។

ក្រៅពី​កាហ្វេ ស្រូវ និង​ការ​នាំ​ចេញ​ត្រី​អណ្ដែង ថ្មីៗ​នេះ វៀតណាម​បាន​ងាក​មក​ចាប់​អារម្មណ៍​នឹង​ផ្លែ​ឈើ​វិញ​។ កាល​ពី​ឆ្នាំ​មុន ប្រទេស​កុម្មុយនិស្ដ​វៀតណាម បាន​នាំចេញ​ផ្លែឈើ និង​បន្លែ​ដែលមាន​តម្លៃ ៣,៧៦ ពាន់​លានដុល្លារ​។

បច្ចុប្បន្ន​ វៀតណាម បាន​កត់​ត្រា​​​អ្នក​ឆ្លង​កូវីដ​ ១៩ ចំនួន ៣៣២ នាក់ និង​គ្មាន​អ្នក​ស្លាប់​។ ថ្វីដ្បិតតែ​ប៉ុស្ដិ៍​ព្រំដែន​ខ្លះ​ត្រូវបាន​បើក​សម្រាប់​នាំ​ចេញ-ចូល​ទំនិញ​ ឈ្មួញ​បរទេស មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ​។

កាលពី​ថ្ងៃ​អង្គារ ក្រុងហាណូយបាន​ឲ្យដឹងថា ខ្លួន​នឹង​នៅតែ​បន្ដ​ដណ្ដើមបាន​​ «​តំបន់​សុវត្ថិភាព​» ជា​គោលដៅ​ដែល​គ្មាន​ករណ៍​ឆ្លងវីរុស​កូរ៉ូណា​រយៈ​ពេល ៣០ ថ្ងៃ​៕ AFP/HR