ក្រុង​ឡុដវីជប៊ើក៖ ក្នុង​ការ​ប្រកួត​​ប្រជែង​ទម្ងន់​ល្ពៅ​ប្រចាំ​ឆ្នាំ​នៅ​អឺរ៉ុប​ ឯ​ទីក្រុង​​​ឡុដវីជប៊ើក ប្រទេស ​អាល្លឺម៉ង់ ល្ពៅ​​ខ្នាត​យក្ស​បី​ផ្លែ បាន​ធ្វើ​ឲ្យ​មហាជន​ស្ងើច​សរសើរ ខណៈ​ក្នុង​នោះ​អ្នក​ខេត្ត​អេនវើប បាន​ឈ្នះ​ជយលាភី​ពី​លេខ ១ ដល់​លេខ ​៣។

ម្ចាស់​ល្ពៅ​យក្ស​លេខ​មួយ ​គឺ​លោក ម៉ារីអូ វ៉ាន់ ជៀល ដែល​បាន​នាំ​យក​ល្ពៅ​ទម្ងន់ ១ ០១៣ គីឡូ​ក្រាម ខណៈ​ល្ពៅ​យក្ស​ជាប់​លេខ​ពី​មាន​ទម្ងន់ ៩៧៩ គីឡូ​ក្រាម និង​លេខ​បី​មាន​ទម្ងន់ ៨៦០ គីឡូក្រាម។

យ៉ាង​ណា​មិញ​ល្ពៅ​របស់​លោក វ៉ាន់ ជៀល នៅ​មិន​ទាន់​អាច​ផ្ដួល​កំណត់ត្រា​ល្ពៅ​ធ្ងន់​ជាង​គេ​ក្នុង​លោក​ដែល​មាន​ទម្ងន់​រហូត​ដល់​ ១១៩០ គីឡូក្រាម ដែល​ត្រូវ​បាន​ដាំ​ថែទាំ​ដោយ​​កសិករ​បែលហ្ស៊ិក លោក ​Mathias Willemijns។

ទោះ​ជា​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​កាល​ពី​សប្ដាហ៍​មុន​ក្ដី ក៏​ការ​ដាក់​តាំង​ល្ពៅ​យក្ស​​នៅ​តែ​​បន្ត​ក្នុង​សួន​វិមាន ឡុដវីជប៊ើក ដែល​ឆ្នាំ​នេះ​មាន​ល្ពៅ​ដល់​ទៅ ៤៥ ម៉ឺន​ផ្លែ ស្វាគមន៍​ភ្ញៀវ​ចូល​មក​ទស្សនា​រហូត​ដល់​ថ្ងៃទី ៣ ខែ ​វិច្ឆិកា​ ខាង​មុខ​នេះ។

នេះ​ជា​ការ​ប្រកួត​​ប្រចាំ​ឆ្នាំ​នៅ​ក្រុង ឡុដវីជប៊ើក ក្នុង​ខែ​តុលា ដែល​ស្រប​រដូវ​​ពិធី​បុណ្យ​ហាឡូវីន​ផង​ដែរ។

យ៉ាងណា​មិញ​ការ​ប្រកួត​ទម្ងន់ល្ពៅ គឺ​ជា​កម្មវិធី​ដ៏​រំជើប​រំជួល​សម្រាប់​កសិករ​​ដាំ​​ដំណាំ ​និង​សាធារណជន​មក​ទស្សនា។

ក្រុង​ឡុដវីជប៊ើក បាន​ធ្វើពិធី​ប្រកួត​ទម្ងន់​ល្ពៅ​ ២០ ឆ្នាំ​រួច​មក​ហើយ​ ហើយ​នេះ​ក៏ជា​កម្មវិធី​ប្រកួត​ទម្ងន់​ល្ពៅ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក បើ​ធៀប​នឹង​កម្មវិធី​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា។

ជា​រៀងរាល់​ឆ្នាំ កម្មវិធី​ប្រកួត​ទម្ងន់​ល្ពៅ​នេះ​​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ខ្ទង់​ម៉ឺន​នាក់​មក​ចូលរួម មើល​សកម្មភាព​ស្ទូច​ផ្លែ​ល្ពៅ​យក្ស ដាក់​ជញ្ជីង និង​ផ្ទៀង​តួលេខ ហើយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ៕ AFP