ក្រុងប៉ារីស: ផ្សារ Rungis របស់​បារាំង​ក្បែរ​ក្រុងប៉ារីស​បាន​ប្រារឰ​ខួប ៥០ ឆ្នាំ​ដោយ​ការរៀបចំ​ពិធី​ជប់លៀង​ខ្នាត​យក្ស​បំបែក​ឯតទគ្គកម្ម​ពិភពលោក​។ ក្រុម​អ្នករៀបចំ​បាន​ឲ្យ​ដឹង​ថា​អាហារ​ថ្ងៃត្រង់​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​មនុស្ស​ជិត ២ ពាន់​នាក់​លើ​តុ​ប្រវែង​ ៤០១ ​ម៉ែត្រ​ចន្លោះ​ស្ដង់​បន្លែ និង​ផ្លែឈើ​ក្នុង​ផ្សារ​។

ក្រុមមន្ដ្រី​មកពី​សៀវភៅ​ឯតទគ្គកម្ម​ហ្គីនណេស​ពិភពលោក​បាន​ផ្ដល់​កំណត់ត្រា​ថ្មី​ដែល​បាន​ផ្ដួល​ឯតទគ្គកម្ម​ចាស់​រៀប​អាហារ​លើ​តុ​ប្រវែង ៣២២ ម៉ែត្រ​ក្នុង​ឆ្នាំ​ ២០១៧ នៅ​លើ​ដែន​កោះ Reunion នៃ​មហាសមុទ្រ​ឥណ្ឌា​លើ​ទឹក​ដី​បារាំង​។

ផ្សារ Rungis ចម្ងាយ​ប្រមាណ ៧ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស​បាន​ជំនួស​ផ្សារ​ចាស់​នៅ​កណ្ដាល​ក្រុង​ប៉ារីស Les Halles ពេល​វា​ត្រូវ​បាន​បិទទ្វារ​ក្នុង​ឆ្នាំ​ ១៩៦៩​។

វា​ជា​ផ្សារ​លក់​ផលិតផល​ស្រស់ៗ​ធំ​បំផុត​ក្នុង​លោក​ដោយ​មាន​ទំហំ ២៣៤ ​ហិកតា និង​មាន​អាជីវករ​លក់ដុំ អ្នក​ផលិត កម្មករ ម្ចាស់​ភោជនីយដ្ឋាន និង​បុគ្គល​ផ្សេងៗ ១២ ០០០ នាក់​ក្នុង​មុខ​ជំនួញ​ចំនួន ១ ២០០ ប្រភេទ​៕ HR