ក្រុង​បាងកក: ខណៈ​ដែល​ក្រុង​បាងកក​ចាប់​ផ្ដើម​បើក​ដំណើរការហាង​លក់ទំនិញ កន្លែង​កម្សាន្ត​ និង​ទីប្រជុំជន​​ជាហូរហែ ផ្សារ​លក់​វត្ថុ​មន្ត​អាគម និង​យ័ន្ត​កថា ក៏​ល្បីល្បាញ​នៅក្រុង​បាងកក ក៏​បាន​ចាប់ផ្ដើម​បើកទ្វារ​ស្វាគមន៍អតិថិជន​ស្វែង​រក​ជំនួយ​ផ្លូវ​ងងឹង​ឡើង​វិញ​ផង​ដែរ។

ពលរដ្ឋ​ថៃ ដែល​ជួប​ហានិភ័យ​ការងារ​ ឬ​ប្រាថ្នា​របរ​រកស៊ីកាក់កប នាំគ្នា​មក​ជាវ​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​ទី​នេះ។

មុនពេល​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា ផ្សារ​អាគម​នេះ​ក៏ជាទី​ ដែល​ភ្ញៀវទេសចរ​បរទេសនិយម​​មក​ទស្សនា​ និង​ស្វែង​យល់ពីជំនឿ​ផ្លូវងងឹត​នៅ​អាស៊ីអាគ្នេយ៍​ផង​ដែរ។

ដោយ​ស្គាល់ជា​ ផ្សារ​អាគម នៅ​តាម​របៀង​ផ្សារ​ ដែល​តាំង​គ្រឿង​ស័ក្ដិ​សិទ្ធិ​គ្រប់​មុខ ទីនេះ​មាន​លក់​​ទំនិញ​រាប់​ចាប់​ពី​គ្រឿង​អលង្ការ​ពិសិដ្ឋ​រាប់​ពាន់​ប្រភេទ ​ដែល​ត្រូវបាន​ពលរដ្ឋ​ថៃ​មាន​ជំនឿ​ថា មាន​អានុភាព​​បារមី​ការពារ​ខ្លួន។

​ពលរដ្ឋ​ថៃ​ដែល​កាន់ពុទ្ធសាសនា​ លាយឡំ​នឹង​ជំនឿ​ផ្លូវ​ងងឹង ជឿថា វត្ថុទាំង​នេះ​មាន​អាគម​ការពារ​ខ្លួន​ដ៏​ពិត​ប្រាកដ ហើយ​​វត្ថុ​ស័ក្ដិសិទ្ធិ​នីមួយៗ​សុទ្ធតែមាន​លក្ខណៈ​ខុស​ប្លែក​គ្នា។

ក្នុង​នោះ វត្ថុ​ខ្លះ​ត្រូវបានគេជឿថា​​ដើរតួនាទី​បណ្ដេញ​ខ្មោច​ព្រាយ​បិសាចទាំងនៅ​បរិស្ថាន​ជុំវិញ និង​ពី​រាង​កាយ។

ផ្សារ​អាគម​ពោរ​ពេញ​ទៅដោយ​ក្រុម​មនុស្ស​ដើរ អតិថិជន​ស្វែង​រក​វត្ថុ​ជំនឿ​ផ្សេង​ៗ ដូចជា បណ្ដោង​ចែកាច់ ព្រះ​ពុទ្ធ​រូប ឬ​ចម្លាក់​ដែល​ទំនង​ជា​មាន​អានុភាព​ការពារចាប់​ពី​ផល​ដំណាំ នាំភាព​ចម្រុង​ចម្រើន និង​សុខុមាលភាព​ល្អ។

អ្នក​ខ្លះ​អះអាងថា ក្នុង​វត្ថុទាំងនោះ​មាន​បំណែក​របស់អារាម​ពិសិដ្ឋ​មក​តាំងពី​ឆ្ងាយ​សែន​ឆ្ងាយ ដូចជា ល្អង​ធូប​សេស​សល់ និង​យ័ន្ដ​ពី​ព្រះ​សង្ឃ​ជាដើម។ ​

យ័ន្ដ​​អាច​ជា​ទម្រង់​ព្រះ​ធម៌​ព្រះ​ពុទ្ធ​សាសនា​នៅ​លើ​ឆ្អឹង បណ្ដោង ចម្លាក់​ឈើ ចម្លាក់​លិង្គ​ស្ពាន់ ឬ​ថែមទាំង​កម្ទេចកម្ទី​ពី​សរីរាង្គ​មនុស្ស​ពិតៗ ដូចជា សក់​ជាដើម។

សមាសធាតុ​ទាំង​អស់​នេះត្រូវបាន​ផ្សែ​ផ្សំ​ដើម្បី​បង្កើត​បាន​ជា​និម្មិតរូប​សំណាង​ល្អ ដែល​មាន​សមត្ថភាព​ការពារ​បុរស​ថៃ​កំពុង​ធ្វើ​ការងារ​ពី​ហេតុ​ការណ៍​អាក្រក់​ៗ​កើត​ឡើង​ជា​យថាហេតុ។

នៅ​ផ្សារ​អាគម អត់​មាន​គ្រូ​អាគមនៅ​ក្បែរ​ៗ​នោះ ដើម្បី​ជួយ​ណែនាំ ឬ​ទស្សន៍​ទាយ​ពី​ជោគ​វាសនា​អនាគត​អ្វី​ឡើយ។

វា​​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ​ថា តើ​ពួកគេ​ព្យាយាម​ស្វះ​ស្វែង​រក​វត្ថុ​ស័ក្ដិសិទ្ធិ​បែបណា បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​ខ្លួន។

វត្ថុ​ស័ក្ដិសិទ្ធិ​អាច​មាន​តម្លៃ​ថោក​ត្រឹម ៥ បាត ឬ​ប្រមាណ ៦៥០ រៀល​ (តម្លៃ​ថោក​ជាង​ការ​បង់​ថ្លៃ​ប្រើ​បន្ទប់​ទឹក​ម្ដង​ផង)​ រហូត​ដល់​រាប់​រយ​បាត។

តម្លៃ​កម្រ​ត្រូវ​បាន​ដាក់​បង្ហាញ​ណាស់ ពីព្រោះ​វា​ស្រេច​តែ​នៅ​លើ​ការ​តថ្លៃ​គ្នា៕ HR