ក្រុងរ៉ូម: ផ្សិតត្រាហ្វហ្វល ស (truffle) ដ៏កម្រទម្ងន់ ៨៥០ ក្រាម ត្រូវបានដាក់លក់ដេញថ្លៃដល់ទៅ ៨៥ ០០០ អឺរ៉ូ (៩៦ ០០០ ដុល្លារ) ក្នុងតំបន់អាល់បា ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ដោយអ្នកទិញមកពីហុងកុងដែលមិនបញ្ចេញឈ្មោះបានចំណាយប្រាក់ទិញលើសជិត ៣០ ដងនៃតម្លៃទីផ្សារឯណោះ។
ការដេញថ្លៃប្រចាំឆ្នាំ ត្រូវបានរៀបចំក្នុងតំបន់ក្បែរខាង ធូរីន បានដាក់ផ្សិតពណ៌សធំមួយលក់ក្នុងតម្លៃដ៏ខ្ពស់ ដែលមានតម្លៃ ១ ក្រាមថ្លៃ ១០០ អឺរ៉ូ។
ស្ដ្រីអ្នកនាំពាក្យពិធីដេញថ្លៃ បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «តម្លៃផ្សិតដ៏កម្រនេះមិនសមនឹងតម្លៃទីផ្សារ ដែលឆ្នាំនេះមានតម្លៃប្រមាណ ៣៥០ អឺរ៉ូក្នុងទម្ងន់ ១០០ ក្រាម»។
ស្ដ្រីរូបនេះ បានបន្ដថា៖ «អ្វីដែលធ្វើឲ្យតម្លៃវាហក់ឡើងខ្លាំងដោយសារ ការលក់ជួយសង្គម និងភាពកម្រនៃផ្សិតស ទម្ងន់ ៨៥០ ក្រាម ពីព្រោះផ្សិតត្រាហ្វហ្វលកាន់តែធំកាន់តែមានតម្លៃខ្ពស់»។
ផ្សិត ស មកពីតំបន់អាល់បា ជារុក្ខជាតិត្រូវបានតាមប្រមាញ់ខ្លាំង និងប្រមូលផលពីថ្ងៃទី ២១ ខែកញ្ញារហូតដល់ថ្ងៃទី ៣១ ខែមករា។ ការរុករកវាទាមទារជំនួយពីសត្វសុនខ។
ការប្រមូលផលឆ្នាំនេះពិតជាល្អប្រសើរទាំងបរិមាណ និងគុណភាព ក្រោយពីជួបការលំបាកនៅឆ្នាំកន្លងមក។
តំបន់អាល់បា បានរៀបចំពិធីដេញថ្លៃផ្សិតរយៈពេល ៨៨ ឆ្នាំ ជាផ្នែកមួយនៃពិព័រណ៍ផ្សិតប្រចាំឆ្នាំ ដែលមានរយៈពេល ២ ខែ។ ព្រឹត្ដិការណ៍ឆ្នាំនេះ ត្រូវបានរៀបចំរួមគ្នាជាមួយក្រុងហុងកុង ដែលអតិថិជនទិញផ្សិតត្រាហ្វហ្វលដ៏ថ្លៃនេះនៅ ទីនោះ៕