ភ្នំពេញ៖ បង្ក​ភាព​ភ្ញាក់​​ផ្អើល​​ពី​មហាជន​យ៉ាង​ខ្លាំង​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ខណៈ​​កាល​ពី​អធ្រាត្រ​​ថ្ងៃទី ​៨ ខែ ​ធ្នូ​ ឆ្នាំ ​២០២០​ កន្លង​មក​ថ្មីៗ​នេះ ស្រាប់​តែ​​អតីត​តារា​កំប្លែង​ស្រី​ជើង​ចាស់​ មាន​ឈ្មោះ​ពិត​ថា​ រ៉េន សុធារី ហៅ​ ឃ្មឹប ប៉ុនប៉ង​​ចង់​សម្លាប់​​ខ្លួន​​នៅ​លើ​​ស្ពាន​ជ្រោយចង្វារ​​ចាស់ បន្ទាប់​​ចេញ​ពី​មណ្ឌល​កែប្រែ​​​ដោយ​បាន​ដើរ​​ប៉ង​មក​លោត​ទឹក​សម្លាប់​ខ្លួន ​តែ​សំណាង​ល្អ​​​ផុត​គ្រោះ​វិញ​ ​ដោយ​សារ​​មាន​អន្តរាគមន៍​ជួយ​ទាន់​ពេល​វេលា​។

បើ​តាម​បណ្តុំ​រូបភាព​ និង​សារ​ចេញ​​​ពី​អ្នក​លេង​ហ្វេសប៊ុក​បាន​បង្ហោះ​ឱ្យ​ដឹង​ថា៖ «​អតីត​តារា​កំប្លែង​ជើង​ចាស់​ល្បី​ឈ្មោះ​គួរ​សម​​នាង ឃ្មឹប មាន​វិបត្តិ​ផ្លូវ​ចិត្ត​​យ៉ាង​ធ្ងន់ធ្ងរ​ ដោះស្រាយ​មិន​​ចេញ​រហូត​គិត​ខ្លី​ លែង​ចង់​រស់​ ក៏​បាន​សម្រេច​ចិត្ត​ដើរ​មក​​លោត​​​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ១២ និង​ ​៣០ នាទី យប់​​រំលង​អធ្រាត្រ​ ឈាន​ចូល​ទៅ​ថ្ងៃទី ៨ ខែ ​ធ្នូ​ ឆ្នាំ ២០២០​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​៦A នៅ​ចំណុច​លើ​​ស្ពាន​ជ្រោយចង្វារ​ចាស់​ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក​​​ ខណ្ឌ​ដូន​ពេញ»។

នាង​ ឃ្មឹប អតីត​ប្រពន្ធ​នាយ ហុង​ដា និង​តារា​​​កំប្លែង​ស្រី​ជើង​ចាស់​។ ហេង ជីវ័ន

ប្រភព​ដដែល​នេះ ​បាន​បន្ត​ទៀត​ថា​៖ «សាក្សី​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ គេ​ឃើញ​អតីត​តារា​កំប្លែង​ជើង​ចាស់ ​គឺ​អ្នក​​នាង ឃ្មឹប​ បាន​ដើរ​ឡើង​ស្ពាន​​ទាំង​ទឹក​ភ្នែក ​រួច​​បាន​​​ពាក់​កណ្តាល​ស្ពាន ស្រាប់​តែ​​ឈរ​​យំ​មួយ​សន្ទុះ​ រួច​ហើយ​ក៏​តោង​បង្កាន់ដៃ​ស្ពាន​បម្រុង​នឹង​លោត​ចុះ​ចូល​ក្នុង​ទឹក​ទន្លេ​ តែ​ត្រូវ​​បាន​គេ​តាម​ទាន់​រត់​ចូល​ទៅ​ចាប់​ ហើយ​​​​​ទាញ​ចុះ​មក​ក្រោម។​ លុះ​ពេល​​ដែល​សួរ​នាំ​ទៅ​អ្នកនាង ឃ្មឹប​ បាន​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា ​ខ្លួន​ទើប​តែ​ចេញ​មក​​ពី​មណ្ឌល​កែប្រែ ​ហើយ​មិន​មាន​អ្នក​ណា​ម្នាក់ ​អើ​ពើ​នឹង​ជួយ​​សុខ​ទុក្ខ​នោះ​ទេ សូម្បី​តែ​ទៅ​ជួល​ផ្ទះ​​គេ​ក៏​គេ​មិន​ជួល​ឲ្យ​ដែរ ​មិន​ដឹង​ថា​ ស្នាក់​នៅ​ទី​កន្លែង​ណា និង​ទីពឹង​អ្នក​ណា​នោះ​ទេ ទើប​សម្រេច​ចិត្ត​គិត​ខ្លី​លោត​​ទឹក​សម្លាប់​ខ្លួន​បញ្ចប់​ជីវិត​​តែ​ម្តង​ទៅ​។ ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​បាន​​នាំ​នាង​ ឃ្មឹប ទៅ​ធ្វើ​ការ​អប់រំ​​ពន្យល់​ឲ្យ​ឈប់​គិត​ខ្លី​បែប​នេះ​​ទៀត»។

ក្រៅ​​ពី​ការ​ចុច share បន្ត​នោះ ក៏​មាន​អ្នក​ចូល​ទៅ​ផ្ដល់​ជា​​មតិ​ ដើម្បី​ឱ្យ​នាង ឃ្មឹប អតីត​​ជា​ប្រពន្ធ​ដើម​តារា​កំប្លែង​ នាយ ហុងដា រូប​នេះ មិន​គួរ​ជ្រើសរើស​​យក​វិធី​គិត​ខ្លី​បែប​នេះ​​ឡើយ ​​ដោយ​បាន​លើក​ឡើង​​ថា៖ «​គាត់​ត្រូវ​បន្ត​រស់​ ដើម្បី​សាង​​កិត្តិយស​ខ្លួន​​​មក​វិញ ជីវិត​គឺ​ជា​​ការ​​តស៊ូ ​មិន​ត្រូវ​ចុះ​ចាញ់​​វាសនា​ទេ! ​ដើម​ហេតុ​យើង​គិត​ខុស​ ទើប​ដល់​ដំណាក់កាល​នេះ ​តើ​ត្រូវ​បន្ត​គិត​ខុស​ទៀត​ទេ? មិន​​អាច​ទេ​ ត្រូវ​​រស់​ជា​ថ្មី​លើ​សេចក្តី​ថ្លៃថ្នូរ​ និង​ក្លា​ហាន! គួរ​តែ​ខិតខំ​តស៊ូ​ជម្នះ​គ្រប់​​ឧបសគ្គ​ ដើម្បី​រស់រាន​​ជា​បន្ត​ទៅ​ទៀត ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​ អនាគត​នាង​នៅ​​វែង​ឆ្ងាយ​​ណាស់»។

គួរ​រំឭក​ដែរ​ថា អតីត​តារា​កំប្លែង​​ នាង ឃ្មឹប​ ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​អ្នក​​ញៀន​ថ្នាំ​ និង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​​បញ្ជូន​​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​​ភ្នំពេញ នៅ​​ថ្ងៃទី ​១៩ ខែ ​ឧសភា ឆ្នាំ ​២០២០ កន្លង​មក ដើម្បី​សម្រេច​ដាក់​នៅ​​មណ្ឌល​កែប្រែ​ ក្រោយ​ពី​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​​​ញៀន​​ ១ ករណី ដែល​ស្ថិត​​នៅ​ចំណុច​​ក្បែរ​បារ៍​ចតុមុខ ផ្លូវ​ជាតិ​លេខ ៥ នៅ​ក្នុង​ភូមិ​ ១៦ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ និង​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​​ចំនួន ៧ នាក់ រួម​មាន​ទាំង​​តារា​កំប្លែង​ស្រី​នាង ឃ្មឹប ដែល​មាន​ឈ្មោះ​ពិត​ថា រ៉េន សុធារី វ័យ ​៤៦ ឆ្នាំ ដែល​គ្មាន​មុខ​របរ និង​​គ្មាន​អាសយដ្ឋាន​ស្នាក់នៅ​​​ពិត​ប្រាកដ​។

ខណៈ​មក​ទល់​ពេល​នេះ អតីត​តារា​កំប្លែង​ស្រី នាង​ ឃ្មឹប មិន​ទាន់​មាន​ប្រភព​ព័ត៌​មាន​ណា​មួយ​ជាក់​លាក់​បញ្ជាក់​ពី​ស្ថានភាព​​​នាង​នោះ​ឡើយ ក្រោយ​ពី​ត្រូវ​បាន​សមត្ថកិច្ច​សង្កាត់​ស្រះចក​យក​ទៅ​អប់រំ​នោះ៕​