ភ្នំពេញៈ ដោយសារតែ​ឪពុក​បង្កើត​មាន​ឈាមជ័រ​ជា​តន្ត្រីករ​បុរាណ​ម្នាក់​នោះ ទើប​ជំរុញ​ឲ្យ​ក្មេង​ស្រី វ័យ ២៣ ឆ្នាំ កញ្ញា ទិព សាវរី មាន​ទុន​ច្រើន​នៅ​ក្នុង​ទម្រង់​សិល្បៈ​បុរាណ​ផ្នែក​ចម្រៀង​មហោរី ដែល​ជា​ក្តី​ស្រឡាញ់ និង​មាន​ឆន្ទៈ​ដ៏​មោះ​មុត ចង់​លើក​ស្ទួយ ថែរក្សា​វិស័យ​សិល្បៈ​បុរាណ​មួយ​នេះ​បន្ត​មរតក​ពី​ដូនតា​ទៀត​ផង។

កញ្ញា ទិព សាវរី គឺ​ជា​យុវតី​ពន្លក​ថ្មី​ជំនាន់​ក្រោយ ដែលមាន​ចំណូលចិត្ត​ទម្រង់​សិល្បៈ​បុរាណ​ចម្រៀង​មហោរី និង​ប្រពៃណី មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រាំងគរ ឃុំ និង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

យុវតីរូបនេះ ដែល​មាន​ពន្លក​សិល្បៈ​ប្រពៃណី​តាំង​ពី​ក្មេង បាន​ឆ្លើយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា៖ «ចំពោះ​នាង​ខ្ញុំ​ផ្ទាល់ ហាក់​ដូចជា​មាន​និស្ស័យ​នឹង​ចម្រៀង​ប្រពៃណី​បុរាណ​នេះ​តាំង​ពី​តូច​មក​តែម្តង ខណៈ​រឿង​នេះ​ក៏​អាច​និយាយ​បាន​ថា មក​ពី​នាង​ខ្ញុំ​មាន​លោក​ឪពុក​ជា​តន្ត្រីករ​បុរាណ​មួយ​ចំណែក​ជួយ​ជំរុញ​ផង​ដែរ»។

កញ្ញាបន្ត​ទាំង​អារម្មណ៍​សប្បាយ​រីក​រាយ​ទៅ​នឹង​ការ​ប្រកប​របរ​ជា​តារា​ចម្រៀង​ប្រពៃណី​ទាំង​វ័យ​ក្មេងថា «លោក​ឪពុក​ខ្ញុំ គាត់​ជា​តន្ត្រីករ​បុរាណ​ម្នាក់ ហើយ​បច្ចុប្បន្ន​នេះ គាត់​ក៏មាន​ក្រុម​ភ្លេង​ប្រពៃណី និង​ភ្លេង​ពិណ​ពាទ្យ​ផ្ទាល់​ខ្លួន​ជួល​ក្នុង​ពិធី​តាម​ប្រពៃណី​ក្នុង​ស្រុក​ភូមិ​ផង​ដែរ​គឺ​ឈ្មោះ​ថា ក្រុម​ភ្លេង​ប្រពៃណី​សារិន»។

កញ្ញា ទិព សាវរី ជាតារា​ចម្រៀងប្រពៃណី​ពន្លក​ថ្មី​មក​ពី​ខេត្ត​តាកែវ​។ ផា លីណា

តាម​សង្កេតឃើញថា ទម្រង់​សិល្បៈ​ចម្រៀង​បែប​ប្រពៃណី​បុរាណ ហាក់​មិនសូវ​ជាមាន​ចំណាប់​អារម្មណ៍​ពី​ក្រុម​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​នោះ​ឡើយ ដោយ​ពួកគេ​ច្រើន​មាន​ទំនោរ​ទៅ​រក​សិល្បៈ​ចម្រៀង​សម័យ​វិញ ហើយ​តែង​សម្លឹង​ឃើញ​ពី​ទីផ្សារ​រក្សា​ប្រាក់​បាន​ច្រើន ឬ​តិច​ទៀត​ផង។

ផ្ទុយទៅវិញ កញ្ញា ទិ​ព សាវ​រី បែរជា​លើកឡើង​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​ដូច្នេះ​ថា៖ «សម្រាប់​នាង​ខ្ញុំ គិត​ថា សិល្បៈ​ចម្រៀង​ប្រពៃណី នា​ពេល​ឥឡូវ​នេះ កំពុង​តែ​មាន​ហាង​ឆេង​មិន​សូវ​ចាញ់​សិល្បៈ​ចម្រៀង​សម័យ​ប៉ុន្មាន​នោះ​ទេ បើ​តាម​បទពិសោធ​គ្រួសារ​នាង​ខ្ញុំ​ផ្ទាល់ ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​អាត្មា​លើ​វិថី​សិល្បៈ​ប្រពៃណី​បុរាណ ដូចជា​មិន​បាន​ចោទ​ជា​បញ្ហា​នោះ​ឡើយ។ គឺថា​អាច​រស់​បាន​ដូច​គេ​ដូច​ឯង​នៅ​លើ​​វិថី​សិល្បៈ​ចម្រៀង​សម័យ​ដែរ»។

កញ្ញាបន្ថែមថា បច្ចុប្បន្ន​នេះ ចម្រៀង​មហោរី ក៏​កំពុង​តែ​ថម​ថយ​អ្នក​សិក្សា​តិច​ទៅៗ ដូច្នេះ​នាង​ខ្ញុំ​អាច​ក្រេប​ចំណេះ​នេះ​ឲ្យ​បាន​ច្រើន អាច​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផង និង​សង្គម​ជាតិ​ផង ទៅ​អនាគត។

ទិ​ព សាវ​រី គឺជា​និស្សិត​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​តូ​រ្យតន្ត្រី​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ លើ​ផ្នែក​ចម្រៀង​ជា​ក្រុម និង​ទើប​តែ​បាន​ជាប់​នូវ​អាហា​រូប​ករណ៍​សិល្បៈ​អមតៈ អាន ចនផន របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) សម្រាប់​ឆ្នាំ ២០១៩ ដោយ​បាន​សម្រេច​ជ្រើស​យក​ចម្រៀង​មហោរី​មួយ​ផ្នែក​ទៀត ខណៈ​កញ្ញា​គឺជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​សិស្ស និង​និស្សិត​អាហា​រូបករណ៍​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន​ទាំង ១០ រូប​នោះ​ផង​ដែរ៕